ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យន ស្រីពេជ្រ៖ ភាសា​ចិន ជួយ​ឱ្យខ្ញុំ​មាន​ការងារ​ល្អ!
10, Feb 2024 , 3:59 pm        
រូបភាព
អ្នកស្រី យន ស្រីពេជ្រ អំឡុងទស្សនកិច្ចនៅប្រទេសចិន កាលពីខែមករា ឆ្នាំ២០២៤។ រូបភាពពី​អ្នកគ្រូ យន ស្រីពេជ្រ
អ្នកស្រី យន ស្រីពេជ្រ អំឡុងទស្សនកិច្ចនៅប្រទេសចិន កាលពីខែមករា ឆ្នាំ២០២៤។ រូបភាពពី​អ្នកគ្រូ យន ស្រីពេជ្រ
ភ្នំពេញ៖ ភាសាចិន ជា​ភាសា​មួយ ដែល​កំពុងមាន​ឥទ្ធិពល​ក្នុង​បណ្ដាប្រទេសមួយចំនួន។ ភាសាចិន ក៏បានជួយកែប្រែជីវភាព របស់អ្នកស្រី យន ស្រីពេជ្រ ឱ្យ​​មាន​ការងារល្អ និង​ចំណូលសមរម្យផងដែរ។


មាន​​វ័យ ២៦ឆ្នាំ អ្នកស្រី យន ស្រីពេជ្រ ជា​គ្រូ​បង្រៀនថ្នាក់ទី​៤​នៅ​សាលា​បឋម​សិក្សា​មួយ​កន្លែង ​នៅ​រាជធានី​ភ្នំពេញ និង​ជា​គ្រូ​បង្រៀនភាសាចិន​ក្រៅ​ម៉ោង​​នៅ​សាលា​ឯក​ជន​ទៀត​ផង​។ ស្រី​ពេជ្រ​ បានរៀន​ភាសា​ចិន តាំង​ពី​នាង​រៀន​ថ្នាក់​ទី​៧​មក​ម៉្លេះ។ 
 
ដោយសារ​ជីវ​ភាព​គ្រួសាររបស់​នាង​​នៅ​មាន​កម្រិត​ ​ស្រី​ពេជ្រ បានទៅ​​រៀនភាសាចិន នៅព្រះ​​វិហារ​មួយ​កន្លែង ដោយ​ឥ​ត​គិត​ថ្លៃ នាទឹកដីរាជធានីភ្នំពេញ​។ ការ​សិក្សា​ភាសាចិន​នៅ​ព្រះ​វិហារនោះ​ហើយ ដែល​ជា​ដើមទុនខ្លះៗសម្រាប់​នាង បន្ត​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ។ ស្រី​ពេជ្រ​ បានប្រឡង​​ជាប់​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាចិន នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ 
  
អ្នកស្រី យន ស្រីពេជ្រ អំឡុងទស្សនកិច្ចនៅប្រទេសចិន កាលពីខែមករា ឆ្នាំ២០២៤។ រូបភាពពី​អ្នកគ្រូ យន ស្រីពេជ្រ.

មាន​ចំណាប់​អារម្មណ៍​លើ​ភាសា​ និង​វប្បធម៌​ចិន ​តាំង​ពី​កុមារភាព បាន​ជំរុញឱ្យ​ស្រីពេជ្រ យកចិត្តទុកដាក់ស្វាធ្យាយភាសាមហាអំណាចសេដ្ឋកិច្ចមួយនេះ។ សម្រាប់ ​ស្រី​ពេជ្រ ការ​សិក្សា​ភាសាចិន មាន​ផល​លំបាក​ខ្លាំង ទាក់ទង​នឹង​ការ​បញ្ចេញ​សំឡេង និង​ការ​សរសេរជាដើម។
 
គ្រូ​បង្រៀន​ភាសាចិនរយៈពេល ៧ឆ្នាំរូបនេះ ប្រាប់សារព័ត៌មាន​ថ្មីៗដូច្នេះ៖«ចំណុចទី១ គឺ​​សំឡេង ដោយសារ​តែ​ភាសាចិន​ មាន​ដល់​ទៅ ៤​សំឡេង ដែល​ធ្វើ​ឱ្យ​អ្នក​​សិក្សា​ពិបាក​ក្នុ​ង​ការ​បញ្ចេញ​សំឡេង​ច្បាស់​ល្អ​។ ចំណុច​ទី​២ គឺ​ការ​សរសេរ​អក្សរ​ ក៏​ចោទ​ជា​បញ្ហា​ដែរ។ ដោយសារ​អក្សរ​នីមួយៗ មាន​គំនូស​ដៃ​ច្រើន ដែល​ពិបាក​​ក្នុងការចងចាំ និង​សរសេរ​បាន​ត្រឹម​ត្រូវ»។ 
 

ទិដ្ឋភាពអ្នកគ្រូ យន ស្រីពេជ្រ បង្រៀនសិស្ស​នៅសាលា​ឯកជន។ រូបភាពពី​អ្នកគ្រូ យន ស្រីពេជ្រ

ពិតណាស់ភាសាចិន កំពុងជះឥទ្ធិពលជាវិជ្ជមាននៅក្នុងតំបន់ និងពិភពលោក។ ដោយសារតែឥទ្ធិពលសេដ្ឋកិច្ចចិន រីកចម្រើនខ្លាំង នា៣ទសវត្សរ៍ចុងក្រោយនេះ បានធ្វើឱ្យភាសាមហាអំណាចមួយនេះ សាយភាយខ្លាំងដែរ។ ចង់មិនចង់ អ្នកជំនួញ ធុរកិច្ច និងអ្នកធ្វើការមួយចំនួន ក៏ត្រូវក្រេបយកចំណេះដឹងភាសាចិនបន្ថែមទៀត ក្រៅពីភាសាអង់គ្លេស។
 
ក្នុងចំណោមមនុស្សទាំងនោះ ក៏មាន យន ស្រីពេជ្រ ដែរ។ ស្រីពេជ្រ ដែលមានបទពិសោធន៍ប្រើប្រាស់ភាសាចិន ជាង១០ឆ្នាំមកនេះ ក៏ទទួលស្គាល់ថា ភាសាចិន បានជួយផ្លាស់ប្ដូរកម្រិតជីវភាព តាមរយៈការងារផងដែរ។
  
អ្នកស្រី យន ស្រីពេជ្រ អំឡុងទស្សនកិច្ចនៅប្រទេសចិន កាលពីខែមករា ឆ្នាំ២០២៤។ រូបភាពពី​អ្នកគ្រូ យន ស្រីពេជ្រ.

«​បន្ទាប់​ពី​ចេះ​ភាសាចិន ភាសានេះ បាន​ផ្ដល់​នូវ​ការ​ងារ​ដ៏ល្អមួយ ដែល​មាន​ប្រាក់​កម្រៃសមរម្យ​​​ សម្រាប់ខ្ញុំ។ ធ្វើ​ឱ្យ​ខ្ញុំ​​មាន​ឱកាស​ប្រាស្រ័យ​ទាក់ទង ជា​មួយ​ជន​ជាតិ​ចិន បាន​ស្វែង​យល់​ពី​វប្បធម៌ និងទំនៀម​ទម្លាប់»។ នេះ​ជា​ការ​លើក​ឡើងរបស់​អ្នកស្រី យន ស្រីពេជ្រ ដែលបានបន្តថា នាង​ក៏​បាន​បង្ហាញពី​​វប្បធម៌ទំនៀមទម្លាប់ខ្មែរ ទៅ​កាន់​ជនជាតិ​ចិនឱ្យ​បាន​ស្គាល់ និង​យល់​ដឹង​បន្ថែម​ដែរ។
 
នៅ​ខែ​មករា​ ឆ្នាំ​២០២៤នេះ ស្រីពេជ្រ មាន​ឱកាស​ទៅ​ប្រទេសចិន​រយៈពេល ២សប្ដាហ៍ ដើម្បី​ចូលរួម​វគ្គ​បណ្ដុះ​បណ្ដាលគ្រូ​បង្រៀន​ភាសាចិន នៅ​មហា​វិទ្យាល័យ​គរុកោសល្យ​ធាន​ជីន​។ ស្រី​ពេជ្រ លើក​ឡើងថា៖ «នេះ​ជា​លើក​ទី​១ ដែល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​កាន់​ប្រទេស​ចិន។ ខ្ញុំ​មាន​អារម្មណ៍​រំភើប​រីករាយ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​កន្លែង​ធ្លាប់​ប៉ង​ស្រមៃ​ចង់​ទៅ​តាំង​ពី​កុមារភាព»។ 
  
អ្នកស្រី យន ស្រីពេជ្រ អំឡុងទស្សនកិច្ចនៅប្រទេសចិន កាលពីខែមករា ឆ្នាំ២០២៤។ រូបភាពពី​អ្នកគ្រូ យន ស្រីពេជ្រ.

ក្នុង​អំឡុង​ដំណើរ​បេសកកម្មនៅ​ទីនោះ ស្រី​ពេជ្រ ទទួល​បាន​ចំណេះដឹង និង​បទ​ពិសោធ​ថ្មីៗជាច្រើន រួម​មាន វិធី​សាស្រ្តក្នុងការ​បង្រៀន វិធីសាស្រ្ត​ក្នុងការ​ផលិត​សម្ភារ​ឧប​ទ្ទេស និង​​ការ​បង្រៀនជាដើម​។ ក្រៅពី​នេះ ស្រី​ពេជ្រ ក៏​បាន​ទស្សនកិច្ច​នៅ​​តំបន់​ប្រវត្តិសាស្រ្តជាច្រើន​​ក្នុង​ប្រទេសចិនផងដែរ​។
 
«ដោយសារ​តែ​ការ​ចាប់ផ្ដើមរៀនភាសា​ចិន ពី​ព្រះ​វិហារ​តិច​តួច និង​បន្ត​រៀន​នៅសាកលវិទ្យាល័យ បាន​​ធ្វើ​ឱ្យ​ខ្ញុំ​ជោគជ័យ ក្លាយ​ជា​គ្រូ​បង្រៀនភាសាចិន និងមាន​ចំណេះដឹង​ភាសាចិន​មក​ដល់ថ្ងៃនេះ»។ ស្រី​ពេជ្រ បញ្ជាក់​បន្ថែម​បែបនេះ។ 
  
អ្នកស្រី យន ស្រីពេជ្រ អំឡុងទស្សនកិច្ចនៅប្រទេសចិន កាលពីខែមករា ឆ្នាំ២០២៤។ រូបភាពពី​អ្នកគ្រូ យន ស្រីពេជ្រ.

តាម​ពិតទៅ​ពេល​រៀនភាសា​ចិនដំបូង ស្រី​ពេជ្រ មិនរំពឹង​ថា ភាសាចិន អាចមាន​ទីផ្សារខ្លាំង​ដូច​បច្ចុប្បន្ននោះទេ។ ស្រីពេជ្រ ចេះតែ​សួរ​ខ្លួនឯងថា តើ​រៀន​ភាសាចិននេះ ជួយ​អ្វីខ្លះដល់​នាង? រហូតមក​ដល់​ពេល​នេះ នាង ដឹងថា​ការ​រៀនភាសាចិន​មិន​អត់​ប្រយោជន៍ទេ។ 
 
ទន្ទឹម​នឹង​នេះ​ ស្រី​ពេជ្រ ​ក៏​បាន​ប្រាប់​ពី​វិធីសាស្រ្ត​ក្នុងការ​រៀន​ភាសាចិនឱ្យ​ចេះផងដែរ។ ជា​ធម្មតា​ ​ស្រី​ពេជ្រ តែងតែព្យាយាម​​ស្ដាប់​បទ​ចម្រៀ​ង​​ ឬ​ស្ដាប់​កម្មវិធី​ផ្សេងៗ​ជា​ភាសាចិន។ លើសពីនេះ នាង​ក៏បានមើល​ភាគ​យន្ត​ដែល​​និយាយជា​ភាសាចិន។ អ្វី​ដែល​មិន​អាច​ខ្វះ​បាន​នោះ ស្រីពេជ្រ ជ្រើសរើសការ​ហ្វឹក​ហាត់​សរសេរ​អក្សរឱ្យបាន​​ច្រើន​ដង ដើម្បីចង​ចាំ​បាន​ល្អ។ 
 
មិន​តែ​ប៉ុណ្ណោះ ដើម្បី​ឱ្យ​ការ​ប្រើ​ប្រាស់​ភាសាចិនបាន​ល្អ ស្រីពេជ្រ តែង​តែ​ស្វែង​រក​ឱកាស​ ជួប​សន្ទនា​ជា​មួយ​អ្នក​ចេះ​ភាសាចិន ឬជន​ជាតិចិន​។ ស្រី​ពេជ្រ ​លើក​ទឹកចិត្ត​ដល់​សិស្ស​ និស្សិត​ សាធារណ​ជន ដែល​មាន​បំណង​រៀន​ភាសាចិន ឱ្យ​ខិតខំ​ប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់​រៀនសូត្រ ដើម្បី​ទទួល​បាន​ឱកាស​ក្នុង​ការអភិវឌ្ឍន៍​ចំណេះដឹង សម្រាប់​​ជួយ​ខ្លួន​ឯង គ្រួសារ និង​សង្គមជាតិ​៕  

អ្នកស្រី យន ស្រីពេជ្រ អំឡុងទស្សនកិច្ចនៅប្រទេសចិន កាលពីខែមករា ឆ្នាំ២០២៤។ រូបភាពពី​អ្នកគ្រូ យន ស្រីពេជ្រ.

Tag:
 ភាសាចិន
  យន ស្រីពេជ្រ​
  ចូលឆ្នាំចិន​
© រក្សាសិទ្ធិដោយ thmeythmey.com