កីឡាអន្តរជាតិ
អន្តរជាតិ
Evergrande បះជើង នឹងបង្កគ្រោះថ្នាក់ដល់វិស័យបាល់ទាត់ចិន!
11, Feb 2024 , 8:29 am        
រូបភាព
ទិដ្ឋភាពពីលើអាកាសនៃការសាងសង់កីឡដ្ឋានបាល់ទាត់ Guangzhou Evergrande ក្នុងក្រុង Guangdong អំឡុងឆ្នាំ ២០២១។
ទិដ្ឋភាពពីលើអាកាសនៃការសាងសង់កីឡដ្ឋានបាល់ទាត់ Guangzhou Evergrande ក្នុងក្រុង Guangdong អំឡុងឆ្នាំ ២០២១។
ក្រុមមហ៊ុនអចលនទ្រព្យ Evergrande ត្រូវបានតុលាការហុងកុងបញ្ជាឱ្យរំលាយ ដោយសារជាប់បំណុលវ័ណ្ឌកជាង៣០០ពាន់លានដុល្លារ។ រំលាយក្រុមហ៊ុនខ្នាតយក្សរបស់ចិនមួយនេះ តើនឹងជះឥទ្ធិពលអាក្រក់អ្វីខ្លះដល់វិស័យកីឡា ជាពិសេសគម្រោងពង្រីកវិសាលភាពឧស្សាហកម្មកីឡាបាល់ទាត់ចិន ឆ្នាំ២០៥០ និងមហិច្ឆតាចិន​ បង្ហាញខ្លួននៅ FIFA World Cup ជាលើកទី២?



វិបត្តិអចលនទ្រព្យចិន កើតចេញពីបំណុលដ៏ច្រើនលើសលប់ និងការសាងសង់ហួសហេតុក្នុងទសវត្សរ៍ចុងក្រោយនេះ ដែលបង្កឱ្យមានវិបត្តិលំហូរសាច់ប្រាក់ សម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន រួមទាំងក្រុមហ៊ុន Evergrande ផងត្រូវក្ស័យធន ​និង​ជំពាក់​បំណុល​គេ​ច្រើនបំផុត​លើលោក។
 
ការដួលរលំ Evergrande ជាមួយបំណុល៣០០ពាន់លានដុល្លារ ជាការវាយប្រហារដ៏ធំមួយចំពោះវិស័យកីឡាបាល់ទាត់របស់ប្រទេសចិនផងដែរ ដោយសារតែក្រុមហ៊ុននេះបានក្លាយជាអ្នកវិនិយោគដ៏មានឥទ្ធិពល និងជោគជ័យបំផុតក្នុងវិស័យកីឡាអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ 
  
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង

Evergrande Group ជាម្ចាស់ក្លិប Guangzhou FC ដែលលេចធ្លោក្នុងក្របខណ្ឌលីគបាល់ទាត់ចិន Chinese Super League ដោយឈ្នះជើងឯកចំនួន ៨លើក និងពានរង្វាន់ AFC Champions League ១លើក ចាប់តាំងពីឆ្នាំ ២០១១។ ប៉ុន្តែ ដោយសារបញ្ហាហិរញ្ញវត្ថុ ក្លិបនេះត្រូវបានធ្លាក់ទៅលីគទី២ នៅឆ្នាំ២០២២ ដល់សព្វថ្ងៃ។
 
ដោយសារវិបត្តហិរញ្ញវត្ថុ ក្រុមហ៊ុនយក្សមួយនេះ បានលក់ភាគហ៊ុនភាគច្រើននៅក្នុងក្លិប Guangzhou FC ទៅឱ្យរដ្ឋាភិបាលក្នុងតំបន់ និងសហគ្រាសរដ្ឋចិនផ្សេងទៀត ហើយបានកាត់បន្ថយការចំណាយរបស់ខ្លួនលើកីឡាករ និងគ្រូបង្វឹក។ 
  
យុវជនថ្នាលកីឡាបាល់ទាត់ចិន

Evergrande បានសាងសង់សាលាបាល់ទាត់ដ៏ធំមួយនៅក្នុងខេត្ត Guangdong ដែលមានកីឡាករវ័យក្មេងជាង ២ពាន់នាក់ ក្នុងគោលបំណងផលិតធនធានកីឡាករសម្រាប់ក្រុមជម្រើសជាតិចិន។ យ៉ាងណាក៏ដោយ បញ្ហាបំណុលរបស់ក្រុមហ៊ុនអចលនទ្រព្យមួយនេះ បានធ្វើឱ្យអនាគតនៃគម្រោងទាំងនេះរលាយដូចអំបិលត្រូវទឹក។ 
 
រំលាយក្រុមហ៊ុនអចលនទ្រព្យ Evergrande ក៏ឆ្លុះបញ្ចាំងពីបញ្ហាប្រឈមចំពោះវិស័យបាល់ទាត់ចិនទាំងមូល ដែលញាំញីដោយអំពើពុករលួយ ការគ្រប់គ្រងមិនត្រឹមត្រូវ និងគ្មានគោលដៅពិតប្រាកដជាដើម។ បញ្ហាទាំងអស់នេះ បានប្រែមហិច្ឆិតារបស់រដ្ឋាភិបាលចិន ក្នុងការធ្វើឱ្យចិនក្លាយជាមហាអំណាចកីឡាបាល់ទាត់នៅឆ្នាំ ២០៥០ ចាកឆ្ងាយទៅហើយ ស្របពេលលទ្ធផលរបស់ក្រុមជម្រើសជាតិ ក៏ធ្លាក់ដុនដាប។ 
  
អ្នកគាំទ្របាល់ទាត់ចិន

ក្រុមចិន បង្ហាញមុខនៅ FIFA World Cup ម្តងគត់ ក្នុងឆ្នាំ ២០០២ ដែលកូរ៉េ-ជប៉ុនធ្វើម្ចាស់ផ្ទះ ហើយគ្រោងការបង្ហាញខ្លួនលើកទី២នៅតាតា ឆ្នាំ២០២២ បានកន្លងហួសទៅហើយ។ លីគកំពូលចិន ដែលធ្លាប់ទាក់ទាញកីឡាករបរទេសល្បីៗ និងគ្រូបង្វឹកឆ្នើមៗពីតំបន់អឺរ៉ុប ជាមួយនឹងប្រាក់ខែដ៏ច្រើនសន្ធឹកសន្ធាប់នោះ ក៏ធ្លាក់ចុះគុណភាព និងប្រជាប្រិយភាព ដោយសារតែបញ្ហាហិរញ្ញវត្ថុ។ លើសពីនេះ ការដួលរលំ Evergrande អាចនឹងធ្វើឱ្យថយចុះនូវការសាទរ និងទំនុកចិត្តរបស់អ្នកគាំទ្របាល់ទាត់ចិន ក្រោយរងការខកចិត្តម្តងហើយម្តងទៀត។ 
 
ក្រៅពីវិស័យកីឡាបាល់ទាត់ ផលប៉ះពាល់ពីការក្ស័យធនរបស់ Evergrande ក៏អាចបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ច និងសង្គមរបស់ចិនផងដែរ ដ្បិតក្រុមហ៊ុនមួយនេះផ្សារភ្ជាប់យ៉ាងជិតស្និតនឹងគោលនយោបាយចិន។ ប៉ះពាល់ ដោយសារក្រុមហ៊ុននេះ ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតមួយនៅចិន និងផ្តល់ការងារដល់ពលរដ្ឋចិនរាប់លាននាក់។ លើសពីនេះ វាក៏អាចបង្កឱ្យមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពហិរញ្ញវត្ថុ និងស្ថិរភាពសង្គមរបស់ប្រទេសចិនទៀតផង៕

Tag:
 Evergrande
  ចិន
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com