ជាតិ
ការនាំចេញអង្ករកម្ពុជាទៅអឺរ៉ុប កើនឡើងជាង៥០ភាគរយនៅខែមករា
11, Feb 2024 , 8:59 am        
រូបភាព
ភ្នំពេញ៖ នៅក្នុងខែមករា ឆ្នាំ២០២៤ កម្ពុជាសម្រេចបានការនាំចេញអង្ករប្រមាណ៤៦ ២២១តោន ដែលគិតជាទឹកប្រាក់ចំនួន៣២.៦២លានដុល្លារ។ បរិមាណនៃការនាំចេញនេះ កើនឡើ២៦ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣។ ក្នុងនោះទីផ្សារអឺរ៉ុបគ្របដណ្តប់រហូតដល់៥៤ នៃផលិតផលនាំចេញសរុប។



របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៩ ខែកុម្ភៈ បានបញ្ជាក់ថា ១ខែដំបូងនេះ កម្ពុជាសម្រេចបាននាំចេញអង្ករ ៤៦ ២២១តោន ទៅកាន់គោលដៅចំនួន៤២ នៅលើពិភពលោក ដោយក្នុងនោះ នាំចេញទៅសហគមន៍អឺរ៉ុបចំនួន ២២ប្រទេស ក្នុងបរិមាណ២៥ ០០៥ តោន គិតជាទឹកប្រាក់ចំនួន៨.៨៥លានដុល្លារ។
 
តំបន់អាស៊ាន មាន៥ប្រទេស រួមទាំងទីម័រខាងកើតមានចំនួន១១ ៩៩៩តោន គិតជាទឹកប្រាក់៨.៣០លានដុល្លារ។ ចិន ហុងកុង និងម៉ាកាវ មានចំនួន៥ ១៧១តោន គិតជាទឹកប្រាក់២.៩៣លានដុល្លារ និងទៅកាន់គោលដៅ១៣ផ្សេងទៀតដូចជា អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន បានចំនួន៤ ០៤៦តោន គិតជាទឹកប្រាក់ចំនួន២.៥៥លានដុល្លារ។
 
ក្នុងខែមករានេះដែរ កម្ពុជាបាននាំចេញស្រូវចំនួន៥៨៨ ៨១៤តោន ដែលគិតជាទឹកប្រាក់ប្រមាណ១៨៤ លានដុល្លារ ។ ក្នុងនោះ ៤៧ភាគរយ បាននាំចេញដោយឆ្លងកាត់ការស្នើសុំបញ្ជាក់ឯកសារត្រឹមត្រូវ ពីអាជ្ញាធរមានសមត្ថកិច្ច។
 
ការនាំចេញអង្កររបស់ក្នុងខែមករានេះ កើនឡើងជិត២៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ក្នុងនោះទីផ្សារអឺរ៉ុបគ្របដណ្តប់រហូតដល់៥៤ភាគរយនៃការនាំចេញសរុប។ ការកើនឡើងទីផ្សារនៅក្នុងសហគមន៍អឺរ៉ុបនេះ កើតចេញពីការរៀបចំពន្លាតាំងផលិតផលស្រូវអង្ករកម្ពុជា នៅក្នុងព្រឹត្តិការពិព័រណ៍ម្ហូបអាហារអន្តរជាតិ (ANUGA FOOD FAIR 2023) នាថ្ងៃទី៧ដល់១១ ខែតុលា ឆ្នាំ២០២៣ នាទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់ ។ កាលនោះ មានក្រុមហ៊ុនកម្ពុជាចំនួន៨ចូលរួមតាំងបង្ហាញ។ នេះបើតាមសហព័ន្ធស្រូវអង្ករ៕ 

Tag:
 សហព័ន្ធស្រូវអង្ករកម្ពុជា
  ក្រសួងកសិកម្ម
  ក្រសួងពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com