កីឡាអន្តរជាតិ
អន្តរជាតិ
វីរបុរសបាល់ទាត់ រួមគ្នាបង្កើតពាន World Cup អាយុលើស ៣៥ឆ្នាំ
11, Feb 2024 , 1:59 pm        
រូបភាព
វីរបុរសកីឡាករបាល់ទាត់មួយចំនួនគ្រោងនឹងរួមគ្នាបង្កើតការប្រកួតបាល់ទាត់ពិភពលោក World Cup ថ្មីមួយ សម្រាប់កីឡាករដែលមានអាយុលើសពី ៣៥ ឆ្នាំ។ World Cup អាយុលើស៣៥ឆ្នាំ គ្រោងនឹងប្រព្រឹត្តទៅនៅប្រទេសអង់គ្លេស ឆ្នាំ២០២៤នេះ។



បើតាមការផ្សាយរបស់កាសែត Daily Mail ពានរង្វាន់ថ្មីនេះគ្រោងនឹងចាប់ផ្តើមដោយមានក្រុមចំនួន៨ ដែលធ្លាប់ឈ្នះពាន FIFA World Cup រៀងខ្លួន រួមមានអង់គ្លេស អាហ្សង់ទីន ប្រេស៊ីល បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងអ៊ុយរូហ្គាយ។ ឈ្មោះផ្លូវការរបស់ការប្រកួតពាននេះ គឺ EPG Cup។
 
ក្រុមនីមួយៗអាចចុះឈ្មោះសមាជិកច្រើនបំផុត ២៥ នាក់ក្នុងនោះកីឡាករ ១៨ នាក់។ កីឡាករ​ដែលអាច​ចូល​រួម​ក្នុង​ការ​ប្រកួត​ត្រូវ​មាន​អាយុ​ចាប់​ពី ៣៥ ឆ្នាំ​ឡើង​ទៅ ធ្លាប់​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ ឬ​បង្ហាញខ្លួន​យ៉ាង​ហោច​ណាស់ ១០០ ប្រកួត​នៅ​លីគ​ក្នុងស្រុក។
 
ក្រុមរបស់អង់គ្លេស នឹងមានកីឡាករល្បីៗដូចជា Ashley Cole, Joe Cole, Rio Ferdinand, David James, Frank Lampard ឬ Robbie Fowler រួមជាមួយនឹងប្រធានក្រុម Steve McManaman។
 
ដោយឡែក អតីតប្រធានក្រុមជម្រើសជាតិចំនួន៧រូប ដែលអាចបង្ហាញខ្លួនមាន Esteban Cambiasso (អាហ្សង់ទីន), Emerson Rosa (ប្រេស៊ីល), Christian Karembeu (បារាំង), Kevin Kuranyi (អាល្លឺម៉ង់), Marco Materazzi (អ៊ីតាលី), Michel Salgado (អេស្ប៉ាញ) និង Diego Lugano (អ៊ុយរូហ្គាយ)។
 
ការប្រកួតនេះក៏ត្រូវបានគេរំពឹងថានឹងនាំយកកីឡាករចំនួន ៥ នាក់ធ្លាប់ឈ្នះ Ballon D'Or មានដូចជា Michael Owen, Kaka, Ronaldinho, Rivaldo និង Fabio Cannavaro។ លើសពីនេះ តារាឆ្នើមជាច្រើរូបទៀតដូចជា Thierry Henry និង Marcel Desaily (បារាំង), Hernan Crespo និង Pablo Zabaleta (អាហ្សង់ទីន), Mesut Ozil និង Sami Khedira (អាល្លឺម៉ង់), David Villa និង Carlos Puyol (អេស្ប៉ាញ), Francesco Totti (អ៊ីតាលី ) ឬ Diego Forlan (អ៊ុយរូហ្គាយ) ក៏រំពឹងថាមានវត្តមាន។
 
ការប្រកួត នឹងមានត្រឹមរយៈពេល៧០នាទី ដោយគ្មានម៉ោងបន្ថែម ជាមួយការផ្លាស់ប្តូរកីឡាករគ្មានដែនកំណត់។ ករណី​ស្មើក្រោយម៉ោងផ្លូវការ៧០នាទី ក្រុម​នឹង​ឈានដល់ការស៊ុត​បាល់​ប៉េណាល់ទី​ដើម្បី​រក​អ្នក​ឈ្នះ៕

Tag:
 World Cup O35
© រក្សាសិទ្ធិដោយ thmeythmey.com