ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
កុំប្រហែស ! ទម្លាប់អាក្រក់ទាំង១០នេះធ្វើឲ្យភ្នែកឆាប់ខូចបានដោយងាយ
12, Feb 2024 , 10:59 pm        
រូបភាព
ភ្នែក គឺជា​សរីរាង្គ​ដ៏​សំខាន់​បំផុត ប៉ុន្តែ​ក៏​ព្រោះតែ​ការ​មិនដឹង​មនុស្ស​ជា​ច្រើន​បាន​បំផ្លាញ​ភ្នែក​របស់​ខ្លួនឯង​ តាម​រយៈ​សកម្មភាព​ប្រចាំ​ថ្ងៃមួយ​ចំនួន។



ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ទម្លាប់​មួយ​ចំនួន ​ដែល​អាច​បណ្ដាល​ឲ្យ​ភ្នែក​ទទួល​រង​ផល​ប៉ះពាល់​​​មិន​គួរ​ឲ្យ​ជឿ ហើយ​អ្នក​ត្រូវ​តែ​ផ្លាស់​ប្ដូរ ឬ​បញ្ឈប់​វា​ភ្លាម៖
 
១. ការ​ជក់បារី

ការ​ជក់បារី​បង្កើន​ឱកាស​ងងឹតភ្នែក​ទ្វេ​ដង ក្រោយ​វ័យ​៥០​ឆ្នាំ។ ការ​ជក់បារី​បណ្ដាល​ឲ្យ​ខូច​រ៉េ​ទី​ន​ភ្នែក ហើយ​នៅ​ពេល​រ៉េ​ទី​ន​ចាប់ផ្តើម​ចុះ​អន់​ខ្សោយ ការ​មើលឃើញ​របស់​អ្នក ​ក៏​អន់​ទៅ​តាម​នោះ​ដូច​គ្នា។ ការ​ជក់បារី​ ក៏​ជា​បុព្វហេតុ​ចម្បង​នៃ​ជំងឺ​ភ្នែក macular degeneration ជំងឺភ្នែកឡើងបាយ និង​ការ​ខូចខាត​សរសៃឈាម​។ នៅ​ពេល​ផ្សែង​បារី​ចូល​ក្នុង​ភ្នែក វា​ក៏​អាច​បំផ្លាញ​ដល់​ការ​មើលឃើញ​របស់​អ្នក​បាន​​ដែរ​។
 
២. ការ​ញី​ភ្នែក

ការ​ញី​ភ្នែក​ញឹកញាប់​ អាច​បណ្ដាល​ឲ្យ​កែវភ្នែក​ទទួល​រង​ការ​ខូចខាត ហើយ​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ស​រសៃ​ឈាម​ ដែល​នៅ​ជុំវិញ​ភ្នែក​បែក​ផង​ដែរ​។ ប្រសិនបើ​អ្នកមាន​អារម្មណ៍​រមាស់​ក្នុង​ភ្នែក ចូរ​ជៀសវាង​ការ​ញី ហើយ​ជំនួស​វិញ​ដោយ​ការ​ប្រើប្រាស់​ទឹក​ថ្នាំ​បន្តក់​ភ្នែក​។
 
៣. សម្លឹង​មើល​កញ្ចក់​កុំព្យូទ័រ​យូរ​ពេក

ការ​សម្លឹង​មើល​កញ្ចក់​កុំព្យូទ័រ​យូរ​ពេក​នោះ គឺ​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​ស៊ី​វី​អេស ឬ computer vision syndrome​។ ស្ថានភាព​នៃ​ជំងឺ​នេះ គឺ​ច្រើន​តែ​កើត​លើ​អ្នក​ដែល​ធ្វើការ​នៅ​មុខ​កុំព្យូទ័រ​រាល់ថ្ងៃ​។ ការ​សម្លឹង​មើល​កុំព្យូទ័រ​យូរ​ពេក ​នឹង​ធ្វើ​ឲ្យ​ភ្នែក​ស្ងួត ហើយ​អស់កម្លាំង​។ ដូច្នេះ​ដើម្បី​ជៀសវាង​កើត​មាន​បញ្ហា​ភ្នែក​ណាមួយ ឬ​ជំងឺ​ស៊ី​វី​អេស (CVS) អ្នក​គួរ​សម្រាក​ភ្នែក​ពី​កញ្ចក់​កុំព្យូទ័រ​ខ្លះ ដើម្បី​ឲ្យ​ភ្នែកក៏​ដូច​ជា​សាច់ដុំ​ជុំវិញ​ភ្នែក​បាន​សម្រាក​។
 
៤. ការ​ទទួលទាន​គ្រឿង​ស្រវឹង

ទម្លាប់​នៃ​ការ​ទទួលទាន​គ្រឿង​ស្រវឹង ក៏​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ភ្នែក​គួរ​ឲ្យ​កត់សម្គាល់​ដែរ​។ ការ​ចាប់​បាន​រូបភាព ក៏​ដូច​ជា​ពណ៌ ​ទទួល​រង​នូវ​ផល​ប៉ះពាល់​នៅ​ពេល​ស្រវឹង​ខ្លាំង ឬ​បាន​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​។ ជំងឺ​ភ្នែក Macular degeneration ក៏​ងាយ​នឹង​លេចឡើង ប្រសិនបើ​មនុស្ស​ម្នាក់​ ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ហួសប្រមាណ​។
 
៥. របប​អាហារ​មិន​ត្រឹមត្រូវ

ការ​មើលឃើញ​បាន​ច្បាស់​ល្អ ក៏​កើត​ចេញពី​ការ​ទទួល​បាន​សារធាតុចិញ្ចឹម​ល្អ​ៗ​គ្រប់គ្រាន់​ដែរ​។ សម្រាប់​សុខភាព​ភ្នែក​ល្អ ចូរ​ព្យាយាម​ទទួលទាន​អាហារ​ដែល​មាន​ផ្ទុក​វីតាមីន E វីតាមីន C និង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ឲ្យ​បាន​ច្រើន​គ្រប់គ្រាន់​។ គួរ​ជៀសវាង​ការ​ទទួលទាន​អាហារ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​សូ​ដ្យូ​ម​ខ្ពស់ ខណៈ​ដែល​អាច​ធ្វើ​រាង​កាយ​ខ្សោះ​ជាតិ​ទឹក ហើយ​ទីបំផុត​នាំ​ឲ្យ​ភ្នែក​ស្ងួត​។ ការពារ​រាង​កាយ​ពី​ការ​ខ្សោះ​ជាតិ​ទឹក ​តាម​រយៈ​ការ​ទទួលទាន​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ និង​ទទួលទាន​បន្លែ​បៃតង​ស្រស់​។
 
៦. មិនទៅពិនិត្យភ្នែកឲ្យបានទៀងទាត់

ដើម្បី​ដឹង​ពី​ស្ថានភាព​ភ្នែក​ថា​យ៉ាងណា ការ​ទៅ​ជួប​ពិនិត្យ​ជា​ប្រចាំ គឺជា​រឿង​សំខាន់​។ ការ​ពិនិត្យ​ភ្នែក​ទៀងទាត់ ក៏​ជួយ​បង្ការ​ភ្នែក​ពី​បញ្ហា​ផ្សេង​ៗ ហើយ​ដោះស្រាយ​បញ្ហា​បាន​ទាន់​ពេល​ផង​ដែរ​។
 
៧. តុបតែង​មុខ​ខ្លាំង​ពេក

ការ​ប្រើប្រាស់​ផលិតផល​តុបតែង​មុខ​ច្រើន​ពេក គឺ​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ភ្នែក​របស់​អ្នក​បាន​។ ភ្នែក គឺ​ងាយ​នឹង​ទទួល​រង​គ្រោះ​ខ្លាំង​ណាស់ ហើយ​ការ​លាប​អ្វីមួយ​នៅ​ក្បែរ​ភ្នែក​បង្ក​ហានិភ័យ​ខ្ពស់​ណាស់​។ ការ​ប្រើប្រាស់​ផលិតផល​តុបតែង​ភ្នែក ដូច​ជា​ម៉ា​ស្កា​រ៉ា​ អាច​បង្ក​ឲ្យ​កើត​មាន​រោគ​ឆ្លង​ក្នុង​ភ្នែក ដោយ​ការ​ស្ទះ​ក្រពេញ​ប្រេង ឬ​ការ​រីក​រាលដាល​នៃ​ពពួក​បាក់តេរី​។
 
៨. មិន​ពាក់​វ៉ែនតា

វ៉ែនតា​ជួយ​ការពារ​ភ្នែក​ ពី​កាំរស្មី​យូ​វី​គ្រោះថ្នាក់ ក៏​ដូច​ជា​ធូលី​ដី​។ កា​រស​ម្លឺ​ង​មើល ឬ​ស្ថិត​នៅ​ក្រោម​ពន្លឺព្រះអាទិត្យ​ផ្ទាល់​ ពេល​ខ្លះ​អាច​បណ្ដាល​ឲ្យ​ឈឺក្បាល ឬ​ក្រហម​ភ្នែក​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ ចូរពាក់​វ៉ែនតា ​នៅ​រាល់ពេល​ចេញ​ទៅ​ក្រៅ​ ក្រោម​ពន្លឺព្រះអាទិត្យ​។
 
៩. ប្រើប្រាស់​ថ្នាំ​បន្តក់​ភ្នែក​ច្រើន​ពេក

ទឹក​ថ្នាំ​បន្តក់​ភ្នែក ​អាច​បណ្ដាល​ឲ្យ​ក្រហាយ​ក្នុង​ភ្នែក ប្រសិនបើ​អ្នក​ប្រើប្រាស់​វា​ច្រើន​ពេក​។ ដូច្នេះ​ការពិគ្រោះ​ជាមួយ​គ្រូពេទ្យ ​មុន​នឹង​ប្រើប្រាស់​ទឹក​ថ្នាំ​បន្តក់​ភ្នែក គឺជា​ការ​ប្រសើរ​។ ហើយ​ត្រូវ​ឈប់​ប្រើ​ទឺ​ក​ថ្នាំ​បន្តក់​ភ្នែក​ភ្លាម ប្រសិនបើ​វា​ធ្វើ​ឲ្យ​ក្រហាយ ឬ​ក្រហម​ក្នុង​ភ្នែក​។
 
១០. មើល​ទូរទស្សន៍​មុន​ពេល​ចូល​គេង

ការ​សម្លឹង​មើល​ពន្លឺ​ចេញពី​អេ​ក្រង់​ផ្សេង​ៗ​នៅ​ពេល​គេង គឺ​មិនល្អ​សម្រាប់​សុខភាព​ភ្នែក​ឡើយ​។ ដូចនឹង​អេ​ក្រង់​កុំព្យូទ័រ​ដែរ ការ​សម្លឹង​មើល​ទូរទស្សន៍​យូរ គឺ​ធ្វើ​ឲ្យ​ភ្នែក​ស្ងួត ប៉ះពាល់​ដល់​ការ​មើលឃើញ​៕

ត្រួតពិនិត្យដោយ៖  www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com