អន្តរជាតិ
កូរ៉េខាងជើង ប្រកាសអភិវឌ្ឍប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតថ្មី
12, Feb 2024 , 11:29 am        
រូបភាព
រូបភាព KCNA
រូបភាព KCNA
កូរ៉េខាងជើង នៅថ្ងៃទី១២ ខែកុម្ភៈ បានប្រកាសអភិវឌ្ឍគ្រាប់ផ្លោងអាចបញ្ជាបានសម្រាប់ប្រព័ន្ធរ៉ុក្កែតបាញ់ចម្រុះ ជាមួយបច្ចេកវិទ្យាបាលីស្ទិក។ ការអភិវឌ្ឍអាវុធប្រភេទនេះ ជាផ្នែកនៃកម្មវិធីអភិវឌ្ឍអាវុធរបស់ក្រុងព្យុងយ៉ាង ដែលបន្តប្តេជ្ញាការពារប្រទេសរបស់ខ្លួនឱ្យបានមុតមាំ។

 
ទោះស្ថិតក្នុងស្ថានភាពរងទណ្ឌកម្មជុំទិស កូរ៉េខាងជើង មិនបានថមថយការប្តេជ្ញាការអភិវឌ្ឍអាវុធរបស់ខ្លួន ដែលជាអាទិភាពរបស់ប្រទេសឡើយ ហើយនៅតែបន្តអភិវឌ្ឍអាវុធប្រភេទថ្មីៗ បើទោះមានការគំរាមពីសំណាក់អាម៉េរិក និងប្រទេសជិតខាងកូរ៉េខាងត្បូងក៏ដោយ។ 
 
ជាថ្មីម្តងទៀត កូរ៉េខាងជើង បានប្រកាសអភិវឌ្ឍគ្រាប់ផ្លោងសម្រាប់ប្រព័ន្ធគ្រាប់រ៉ុក្កែតបាញ់ចម្រុះ ក្រោយពីខ្លួនបានបាញ់គ្រាប់ផ្លោតទំហំ ២៤០មីលីម៉ែត្រ នៅក្នុងថ្ងៃទី១១ ខែកុម្ភៈ ក្នុងគោលបំណងវាយតម្លៃ និងភាពត្រឹមត្រូវនៃគោលដៅសម្រាប់វាយប្រហារ។ 
 
«ការអភិវឌ្ឍគ្រាប់ផ្លោងទំហំ ២៤០មីលីម៉ែត្រ និងបច្ចេកវិទ្យាបាលីស្ទិក នឹងធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង ក្នុងកងកម្លាំងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត»។ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយបែបនេះ នៅថ្ងៃទី១២ ខែកុម្ភៈ ដោយបន្តថា ការកែលម្អសមត្ថភាពលើកចុងក្រោយនេះ នឹងជួយលើការវាយតម្លៃឡើងវិញសម្រាប់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត និងបង្កើនតួនាទីរបស់អាវុធប្រភេទនេះ ក្នុងសមរភូមិប្រយុទ្ធ។ 
 
ការបន្តកែលម្អសមត្ថភាពអាវុធខាងលើ ធ្វើឡើងស្របពេលឧបទ្វីបកូរ៉េ កំពុងមានភាពតានតឹងខ្លាំង។ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ក្នុងថ្ងៃទី៩ ខែកុម្ភៈ បានព្រមានថា ក្រុងព្យុងយ៉ាង មានសិទ្ធិក្នុងការកម្ទេចក្រុងសេអ៊ូលចោលទាំងស្រុង។ បន្ថែមពីនេះ កូរ៉េខាងជើង ថែមទាំងបានចាត់ទុកកូរ៉េខាងត្បូងជាសត្រូវជាធំថែមទៀត នៅពេលថ្មីៗនេះ។ 
 
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ រដ្ឋាភិបាលក្រុងព្យុងយ៉ាង មិនបានបន្ធូរដៃឡើយ ក្នុងការសាកល្បង និងមីស៊ីលចម្ងាយខ្លី មធ្យម និងអន្តរទ្វីប៕ 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com