RFI
អន្តរជាតិ
កូនកើតនៅលើទឹកដីបារាំង ប្រាកដជាមានសញ្ជាតិបារាំង? កើតនៅលើទឹកដីបារាំង ប្រាកដជាមានសញ្ជាតិបារាំង? AFP PHOTO RICHARD BOUHET
×
ដោយ៖អៀង សុខម៉ិញ/RFI
ប្រឈមនឹងវិបត្តិអន្តោប្រវេសន៍ដ៏ធ្ងន់ធ្ងរ និងអសន្តិសុខសង្គមយ៉ាងតានតឹងខ្លាំងនៅម៉ៃយ៉ុត ដែលជាតំបន់ក្រីក្រជាងគេបំផុតរបស់បារាំង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសនៅថ្ងៃអាទិត្យទី ១១កុម្ភៈ ២០២៤ សើរើរដ្ឋធម្មនុញ្ញ ដើម្បីសុំលុបសិទ្ធិទទួលសញ្ជាតិតាមទីកន្លែងកំណើត។ តើសិទ្ធិនេះជាអ្វី?
Mayotte ជាដែនដីកោះរបស់បារាំង ដែលស្ថិតនៅក្នុងមហាសមុទ្ទឥណ្ឌា និងជាតំបន់ដ៏ក្រីក្រជាងគេបំផុតរបស់ប្រទេស។ តាំងពីថ្ងៃទី២២មករា២០២៤មក កោះត្រូវជាប់គាំង និងបិទខ្ទប់ដោយសហគមន៍ពលរដ្ឋ ដើម្បីបរិហារស្ថានភាពអសន្តិសុខនិងអន្តោប្រវេសន៍នៅលើកោះ។ មានពលរដ្ឋរស់នៅជាង៣សែនមួយម៉ឺននាក់ ជិតពាក់កណ្តាល (៤៨%) ជាជនអន្តោប្រវេសន៍ជាតិកូម៉រ ឬជាតិផ្សេងនៅអាហ្វ្រិក។
ប្រឈមនឹងស្ថានភាពបែបនេះ ក្នុងដំណើរទស្សនកិច្ចនៅលើកោះនាថ្ងៃអាទិត្យទី១១កុម្ភៈ២០២៤ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោកហ្សេរ៉ាលដ៍ ដារម៉ាណាំង បានសម្រេចចិត្តដ៏ម៉ឺងម៉ាត់មួយ ប្រកាសបិទបញ្ចប់សិទ្ធិតាមទីកំណើត នៅលើដែនដីម៉ៃយ៉ុត។ កែប្រែរដ្ឋធម្មនុញ្ញរួច មានតែទារកប្រសូតចេញពីឪពុកម្តាយបារាំងទេ (សិទ្ធិតាមឈាម) ទើបមានសញ្ជាតិបារាំងភ្លាម។ វិធានការដាច់ណាត់នេះ នឹងបង្អាក់លំហូរអន្តោប្រវេសន៍រត់ឆ្លងសមុទ្ទតាមទូកមកបារាំងជាមិនខាន។ នេះបើតាមប្រសាសន៍របស់លោកដារម៉ាណាំងដដែល។
តើបារាំងមានច្បាប់ស្តីពីសិទ្ធិ (ទទួលសញ្ជាតិ) តាមទីកំណើតយ៉ាងណា?
សិទ្ធិតាមទីកន្លែងកំណើត ជាច្បាប់ដែលអនុញ្ញតឱ្យមនុស្សម្នាក់មានសញ្ជាតិនៃប្រទេសជាទីកន្លែងកំណើតរបស់គេ ទោះបីជាឪពុកម្តាយមិនមែនជាជនជាតិប្រទេសនោះក៏ដោយ។
នៅបារាំង ទារកកើតលើទឹកដីបារាំងមានសញ្ជាតិបារាំងជាស្វ័យប្រវត្តិដរាបណាតែឪពុកឬម្តាយជាបារាំងប៉ុណ្ណោះ ឬហៅថាសិទ្ធិតាមឈាម។ បារាំងគ្មាន “សិទ្ធិតាមទីកំណើត” ពិតប្រាកដដូចនៅសហរដ្ឋអាមេរិកទេ។ ក្នុងក្របខ័ណ្ឌនៃសិទ្ធិតាមទីកំណើត កូនបរទេសកើតក្នុងទឹកដីបារាំង អាចទទួលសញ្ជាតិបារាំង នៅពេលពេញវ័យអាយុ១៨ឆ្នាំ ឬដោយសុំចាប់ពីអាយុ១៣ឆ្នាំឡើងទៅ ដោយត្រូវបំពេញលក្ខខណ្ឌមួយចំនួនទៀត គឺត្រូវរស់នៅលើដែនដីបារាំងជាប់រហូតរយៈពេលយ៉ាងតិច៥ឆ្នាំ ចាប់ពីអាយុ១១ឆ្នាំមក។ ដោយឡែកនៅដែនដីឯនាយសមុទ្រម៉ៃយ៉ុត តាំងពីឆ្នាំ២០១៨មក លទ្ធភាពក្មេងក្លាយជាជនជាតិបារាំងបានរួមតូចយ៉ាងខ្លាំង។ កូនរបស់ជនបរទេសកើតលើទឹកដីបារាំងម៉ៃយ៉ុត អាចសុំសញ្ជាតិបារាំងបានដរាបណាតែឪពុកឬម្តាយមានស្ថានភាពរស់នៅស្របច្បាប់លើទឹកដីបារាំង (យ៉ាងហោចតាំងពីបីខែមក)។ ឥលូវរដ្ឋាភិបាលលុបសិទ្ធិនេះតែម្តង ហើយអ្នកកាន់បណ្ណស្នាក់នៅស្រុកមៃយ៉ុតមិនអាចធ្វើដំណើរមកបារាំងដែនទ្វីបទេ។
មានករណីពិសេសមួយទៀត ដែលបារាំងគោរពសិទ្ធតាមទីកំណើត ដោយព្រមផ្តល់សញ្ជាតិបារាំងដល់ក្មេងកើតភ្លាម គឺទារករបស់ឪពុកម្តាយគ្មានប្រទេស។ នេះជាច្បាប់អន្តរជាតិដែលហាមឃាត់មិនឱ្យរដ្ឋមួយបង្កើតអ្នកអត់សញ្ជាតិថ្មី៕
© រក្សាសិទ្ធិដោយ thmeythmey.com