កីឡាជាតិ
ជាតិ
គ្រូបង្វឹកភ្នំពេញក្រោន នៅតែជឿជាក់លើកូនក្រុម នាជំនួបក្រុមខ្លាំងពីអូស្ដ្រាលី
13, Feb 2024 , 8:39 am        
រូបភាព
លោក Oleg Starynskyi និង អ៊ន ចាន់ប៉ូលីន និយាយក្នុងសន្និសីទសារព័ត៌មានមុនប្រកួត រូបពី Cambodian Premier League
លោក Oleg Starynskyi និង អ៊ន ចាន់ប៉ូលីន និយាយក្នុងសន្និសីទសារព័ត៌មានមុនប្រកួត រូបពី Cambodian Premier League
ភ្នំពេញក្រោន ត្រូវប្រកួតជាមួយ Central Coast Mariners FC របស់អូស្ដ្រាលី នៅថ្ងៃទី១៣ ខែកុម្ភៈ   វេលាម៉ោង ៤:០០ រសៀល (ម៉ោងកម្ពុជា) នៅ Industree Group Stadium នៃទឹកដីអូស្ដ្រាលី ក្នុងពានរង្វាន់ AFC Cup 2023-2024 ដើម្បីជម្រុះក្នុងតំបន់ ។ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន មិនអស់សង្ឃឹមទេ បើទោះជាដឹងថា Central Coast Mariners FC  ជាក្រុមមានកម្រិតខ្លាំងក៏ដោយ។



Central Coast Mariners FC គឺជាក្រុមខ្លាំងមួយ នៅក្នុងលីគកំពូលរបស់អូស្ដ្រាលី។ បច្ចុប្បន្ននេះCentral Coast ឈរលេខ២ ដោយមាន២៨ពិន្ទុ ក្រោយឆ្លងកាត់១៧ប្រកួត។ ដោយឡែកភ្នំពេញក្រោន ក៏ជាក្រុមកំពុងឈរចំណាត់ថ្នាក់លេខ២បណ្ដោះអាសន្ន នៅក្នុងលីគកំពូលកម្ពុជាដែរ។ ភ្នំពេញក្រោន មាន៤៥ពិន្ទ ក្រោយឈ្នះ១៤ ចាញ់៣ និងស្មើ៣ប្រកួត។ 
 
លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន ជឿជាក់លើកូនក្រុមខ្លួន នាជំនួបក្រុមខ្លាំងពីអូស្ត្រាលីមួយនេះ។  យោងទៅលើការផ្សាយរបស់ក្លិបភ្នំពេញក្រោន លោក Oleg Starynskyi បាននិយាយដូច្នេះថា ៖«ការប៉ះគ្នាជាមួយ Central Coast Mariners នឹងមានភាពតានតឹងជាមួយនឹងការប្រកួតប្រជែងខ្ពស់។ នេះជាការប្រកួតដែលលេងតែមួយប្រកួត ក្នុងការជ្រើសរើសអ្នកឈ្នះឡើងទៅវគ្គបន្ត។ វានឹងក្លាយទៅជាការប្រកួតដ៏អស្ចារ្យ ព្រោះក្រុមអូស្រ្តាលីនេះ គឺជាក្រុមមួយដែលលេចធ្លោរ បើយើងប្រៀបធៀបជាមួយក្រុមផ្សេងៗទៀត។ ក្នុងបាល់ទាត់អ្វីៗក៏អាចកើតមានឡើងដែរ យើងសង្ឃឹមថាយើងនឹងអាចធ្វើវាបាន ព្រោះគ្រប់គ្នាដែលមកទីនេះ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីការប្រកួត។»។
 
ក្នុងសន្និសីទសារព័ត៌មានមុនប្រកួតនោះដែរ កីឡាករ អ៊ន ចាន់ប៉ូលីន ប្រធានក្រុមភ្នំពេញក្រោន ប្ដេជ្ញានឹងប្រឹងអស់ពីសមត្ថភាព។ «យើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។ យើងមកទីនេះជាមួយក្តីរំពឹងទុក ហើយយើងក៏សង្ឃឹមថានឹងឈ្នះការប្រកួតនៅថ្ងៃស្អែកនេះដូចគ្នា។»។ អ៊ន ចាន់ប៉ូលីន បាននិយាយដូច្នេះ។
 
ក្នុងថ្ងៃជាមួយគ្នានេះ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (ជម្រុះក្នុងតំបន់អាស៊ាន) នៃពានរង្វាន់ AFC Cup 2023-2024 ក្រុមបាល់ទាត់ Macarthur FCរបស់អូស្ដ្រាលី ត្រូវស្វាគមន៍ Sabah ក្រុមរបស់ម៉ាឡេស៊ី នៅវេលាម៉ោង ២:០០រសៀល៕

Tag:
 បាល់ទាត់
  AFC Cup Oleg Starynskyi
© រក្សាសិទ្ធិដោយ thmeythmey.com