កីឡាអន្តរជាតិ
អន្តរជាតិ
ជំនួបមិត្តភាពអាហ្សង់ទីនលើទឹកដីចិន ត្រូវបានលុបចោល ក្រោយ​ Messi អវត្តមាននាជំនួបក្រុមហុងកុង
12, Feb 2024 , 8:19 pm        
រូបភាព
ជំនួបមិត្តភាពរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន ចំនួនពីរ ដែលគ្រោងធ្វើឡើងនៅក្នុងប្រទេសចិន ត្រូវបានលុបចោល ។ ការលុបចោលនេះ ធ្វើឡើងក្រោយពីមានរឿងរ៉ាវជុំវិញខ្សែប្រយុទ្ធ Lionel Messi មិនបានចូលលេង នៅក្នុងការប្រកួតរវាងក្រុម Inter Miami និងក្រុមហុងកុង កាលពីសប្តាហ៍មុន។



សមាគមបាល់ទាត់ទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១០ ខែកុម្ភៈ បានប្រកាសថា ខ្លួននឹងមិនរៀបចំការប្រកួតមិត្តភាពរវាងក្រុមអាហ្សង់ទីន ទល់នឹងក្រុមកូតឌឺវ័រ ម្ចាស់ពាន AFCON ២០២៣ និងក្រុមនីហ្សេរីយ៉ា ជើងឯករង នៅក្នុងខែមីនា នោះឡើយ។
 
បញ្ហាដែលធ្វើឱ្យចិនលុបចោលការប្រកួតរបស់ម្ចាស់ពានរង្វាន់ពិភពលោកនេះ ព្រោះតែ Messi មិនបានបង្ហាញខ្លួនលេង នៅក្នុងការប្រកួតដែល Inter Miami យកឈ្នះលទ្ធផល ៤-១ លើក្រុមហុងកុង ។ Messi បានចូលលេងឱ្យក្រុម Inter Miami ក្រោមមូលហេតុរបួសសាច់ដុំ។ 
 
អ្នកគាំទ្រដែលចំណាយថ្លៃសំបុត្រចូលទស្សនាការប្រកួត ផ្ទុះកំហឹងក្រោយមិនបានឃើញ Messi ចូលលេង។ ពួកគេចំណាយថវិកាទិញថ្លៃសំបុត្រ ៥,០០០ដុល្លារហុងកុង(៦៤០ដុល្លារ) ដោយសារចង់ឃើញវត្តមាន Messi ។ តែបំណងរបស់ពួកគេ បានត្រឹមខកចិត្ត ហើយក៏នាំគ្នាទាមទារឱ្យសងថ្លៃសំបុត្រត្រឡប់មកវិញ។
 
កាលពេលថ្មីនេះ អ្នករៀបចំការប្រកួតរបស់ហុងកុង Tatler Asia បានប្រកាសបង្វិលប្រាក់ថ្លៃសំបុត្រ ៥០ភាគ ត្រឡប់ទៅកាន់អ្នកគាំទ្រ ដែលបានទិញសំបុត្រតាមគេហទំព័រផ្លូវការ ​ក្រោយរងការរិះគន់ចំពោះការប្រកួតពីសំណាក់រដ្ឋបាលទីក្រុងហុងកុង។
 
បើតាមសេចក្តីថ្លែងការណ៍របស់សមាគមបាល់ទាត់ទីក្រុងប៉េកាំង ៖«នៅពេលនេះទីក្រុងប៉េកាំង មិនមានគម្រោងរៀបចំការប្រកួតដែល Lionel Messi ត្រូវចូលរួមនោះទេ។»។
 
ក្រោយពេល Inter Miami បញ្ចប់ការប្រកួតទល់នឹងក្រុមហុងកុងរួច ក្រុមស្ថិតនៅលីគ Major League Soccer បានធ្វើដំណើរទៅប្រកួតទល់នឹងក្រុម Vissel Kobe ក្នុងទីក្រុងតូក្យូ ។ នៅក្នុងការប្រកួតនោះ ស្រាប់តែ Messi បានផ្លាស់ប្តូរចូលលេងនៅនាទី៦៨ ជាការបង្កើនកំហឹងដល់អ្នកគាំទ្រហុងកុងថែមទៀត។
 
ដោយឡែកសម្រាប់ក្រុម Inter Miami ឆ្លងកាត់ការប្រកួតមិត្តភាពចំនួន ៦ លើក រកបានជ័យជម្នះត្រឹមតែមួយលើកប៉ុណ្ណោះ។ ក្នុងនោះប្រកួតស្មើប្រទេសអ៊ែលសាល់វ៉ាឌឺ បន្ទាប់មកចាញ់ក្រុម FC Dallas, Al Hilal, Al Nassr និងចាញ់ក្រុម Vissel Kobe។ ការប្រកួតមិត្តភាពចុងក្រោយរបស់ Miami ត្រូវប៉ះក្រុម Newell’s Old Boys នៅថ្ងៃទី១៧ ខែកុម្ភៈ ដែលជាអតីតក្លិបពីវ័យកុមាររបស់ Messi៕

Tag:
 អាហ្សង់ទីន
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com