កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន ថា​ វគ្គរដ្ឋបាលកីឡា ជាការកែប្រែសមត្ថភាពថែមទៀត ដល់សហព័ន្ធនានា
12, Feb 2024 , 4:59 pm        
រូបភាព
(អង្គុយកណ្ដាល) លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក ថ្លែងក្នុងពិធីបើកវគ្គសិក្សារដ្ឋបាលកីឡា ដល់សិក្ខាកាមមកពីសហព័ន្ធជាតិនានា។ វគ្គបណ្ដុះបណ្ដាលនេះ ចាប់ពីថ្ងៃទី១២ ដល់២៥ កុម្ភៈ ២០២៤។ រូបពី NOCC
(អង្គុយកណ្ដាល) លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក ថ្លែងក្នុងពិធីបើកវគ្គសិក្សារដ្ឋបាលកីឡា ដល់សិក្ខាកាមមកពីសហព័ន្ធជាតិនានា។ វគ្គបណ្ដុះបណ្ដាលនេះ ចាប់ពីថ្ងៃទី១២ ដល់២៥ កុម្ភៈ ២០២៤។ រូបពី NOCC
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំវគ្គសិក្សាស្ដីពីរដ្ឋបាលកីឡា ចាប់ពីថ្ងៃទី១២-១៥ ខែកុម្ភៈ នៅទីស្នាក់ការ NOCC។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បាននិយាយថា  វគ្គរដ្ឋបាលកីឡា ជាការកែប្រែសមត្ថភាពថែមទៀត ដល់សិក្ខាកាម ដែលមកពីសហព័ន្ធកីឡានានា។



លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា គោលដៅនៃវគ្គសិក្សានេះ ដើម្បីពង្រឹងចំណេះដឹងផ្នែករដ្ឋបាលកីឡា ជាពិសេសចេះកែប្រែឥរិយាបទធ្វើការ និតិវិធីគ្រប់គ្រងជាដើម។ បើតាមលោក ចំរើន ក្នុងនាមជាប្រតិបត្តិករកីឡា ដាច់ខាតត្រូវតែមានចំណេះដឹង ក្រៅពីជំនាញ និងបច្ចេកទេសកីឡា ជាពិសេសចំណេះដឹងផ្នែករដ្ឋបាលតែម្ដង។
 
ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ អគ្គលេខាធិការ NOCC  បានបញ្ជាក់ដូច្នេះ៖ «ក្នុងនាមជាអ្នកប្រតិបត្តិករក្នុងវិស័យកីឡា ត្រូវមានចំណេះដឹងផ្នែកកីឡា ជាពិសេសក្រៅអំពីផ្នែកជំនាញ គឺផ្នែករដ្ឋបាលកីឡានេះហើយ។ ការសិក្សា គឺដើម្បីកែប្រែខ្លួនឯង។ យើង រៀនដើម្បីកែប្រែឥរិយាបទខ្លួនឯង។ ការសិក្សាប៉ុន្មានថ្ងៃនេះ សិក្ខាកាម និងបុគ្គលិកទាំងអស់ នឹងបានផ្លាស់ប្ដូឥរិយាបទការងារក្នុងវិស័យកីឡា ក្រោយពីសិក្សាហើយ។ យើង នឹងក្លាយជាមនុស្សម្នាក់ស្គាល់ពីតម្លៃការងារ នៃវិស័យកីឡា ស្គាល់ពីគោលការការងារកីឡា ស្គាល់ពីបែបបទ និតិវិធីក្នុងការគ្រប់គ្រង់ ដឹកនាំវិស័យកីឡា។»។ 
  
សិក្ខាកាម ចូលរួមវគ្គសិក្សារដ្ឋបាលកីឡា រូបពី NOCC

វគ្គសិក្សានេះ មានសិក្ខាកាមចំនួន ៥១នាក់ មកពីបណ្ដាលសហព័ន្ធកីឡាជាតិចំនួន ៣៥ មានដូចជា៖ សហព័ន្ធអត្ដពលកម្ម១, សហព័ន្ធកីឡាវាយសី១, សហព័ន្ធកីឡាទោចក្រយាន១, សហព័ន្ធកីឡាជិះសេះ១, សហព័ន្ធកីឡាកាយសម្ព័ន្ធ១, សហព័ន្ធកីឡាហុកគី១, សហព័ន្ធកីឡាយូដូ១, សហព័ន្ធខ្មែរកីឡាហែលទឹក១, សហព័ន្ធកីឡាតៃក្វាន់ដូ១, សហព័ន្ធកីឡាទ្រីយ៉ាត្លុង១, សហព័ន្ធកីឡាចំបាប់១, សហព័ន្ធកីឡាវាយកូនគោល១, សហព័ន្ធកីឡាវាយកូនបាល់១, សហព័ន្ធកីឡាទូកក្ដោង១, សហព័ន្ធកីឡាលើកទម្ងន់១,សហព័ន្ធកីឡាប៊ូលីង១, សហព័ន្ធប៊ូល និងប៉េតុងកម្ពុជា១, សហព័ន្ធកីឡាវ៉ូវីណាម១, សហព័ន្ធគុនល្បុក្កតោ២, សហព័ន្ធកីឡាបេស្បល១, សហព័ន្ធកីឡារាំ១, សហព័ន្ធកីឡាហាប់គីដូ១, សហព័ន្ធកីឡាអុកកម្ពុជា១, សហព័ន្ធកីឡាសូហ្វតិន្នីស១, សហព័ន្ធកីឡាអេឡិចត្រូនិក១, សហព័ន្ធកីឡាកាយវប្បកម្ម១,សហព័ន្ធកីឡាឡើងភ្នំ១, សហព័ន្ធកីឡាតេក្វានដូ អាយ ធី អេហ្វ១, សហព័ន្ធកីឡាប្រដាល់គុនខ្មែរ១, សហព័ន្ធកីឡាជឺជិតស៊ូ១, សហព័ន្ធកីឡាម៉ូតូទឹក១, សហព័ន្ធកីឡាប៊ីយ៉ា១, សហព័ន្ធកីឡាបាល់ទាត់លើតុ១, សហព័ន្ធកីឡាគ្រីកឃីតកម្ពុជា១, សហព័ន្ធកីឡាគុនចម្រុះ១ និងមន្ដ្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលសរុបទាំងអស់ ៥១នាក់៕

Tag:
 វ៉ាត់ ចំរើន
  វគ្គសិក្សាសាមគ្គីអូឡាំពិកស្ដីពីរដ្ឋបាលកីឡា
© រក្សាសិទ្ធិដោយ thmeythmey.com