ជាតិ
សុខភាព
ក្មេងប្រុស​ម្នាក់ទៀតនៅក្រចេះ ឆ្លងជំងឺផ្តាសាយបក្សី ​ H5N1
12, Feb 2024 , 5:09 pm        
រូបភាព
រូបភាព៖ Institut Pasteur du Cambodge
រូបភាព៖ Institut Pasteur du Cambodge
ភ្នំពេញ៖  ក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់ទៀត មានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ H5N1 និងត្រូវបាន​បញ្ជាក់​ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ ​កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។ ​បើ​តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ក្មេងប្រុសរូបនេះ មិនមាន រោគ សញ្ញាផ្លូវដង្ហើមទេ​។ រូបគេ មានទីលំនៅក្នុងភូមិកាប៉ូ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្ត ក្រចេះ និងត្រូវជាបងប្រុស របស់កុមារា ដែល​ស្លាប់កាលពីថ្ងៃទី៨ ខែកុម្ភៈកន្លងទៅ ដោយសារជំងឺផ្តាសាយបក្សី ប្រភេទ H5N1 នេះ។

 
ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល​ ​កំពុងបន្តសហការជាមួយក្រុមការងារ​នៃក្រសួងកសិកម្ម ​ ក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ដើម្បីស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារ​បច្ចេកទេស បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្ត ស្វែងរកករណី​សង្ស័យ​និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រម​ទាំងចែកជូនឱសថតាមឺហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការ​អប់រំសុខភាពប្រជាពលរដ្ឋ នៅក្នុងភូមិ​កើតហេតុខាងលើ។
 
​«ជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋយើង»។ នេះ​ជា​ការរំឭករបស់​ក្រសួង​សុខាភិបាល មុននឹងបន្តអំពាវនាវឱ្យពលរដ្ឋបង្កើនការ ប្រុងប្រយ័ត្ន និងប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ បើមានអាការៈក្តៅខ្លួន ក្អក ហៀរ​សំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិ​ប៉ះពាល់ជាមួយមាន់ទាឈឺ​ឬងាប់។ ដើម្បី​បង្ការការឆ្លង ក្រសួង​សុខាភិបាល បានប្រាប់ពលរដ្ឋឱ្យរក្សាអនាម័យឱ្យខ្ជាប់ខ្ជួន មុន​ពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និងដាក់ សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់ បរិភោគត្រូវចំអិនឱ្យឆ្អិនល្អ៕

© រក្សាសិទ្ធិដោយ thmeythmey.com