ជាតិ
រដ្ឋមន្ត្រីអធិការកិច្ច៖ មេដឹកនាំក្រសួង និងអង្គភាពខ្លះបានលាក់បាំងការពិត និងរកអន្តរាគមន៍នានា
13, Feb 2024 , 11:10 am        
រូបភាព
លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ថ្លែងរបាយការណ៍ជូនសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងទិសដៅការងារ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី១៣ កុម្ភៈ។
លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ថ្លែងរបាយការណ៍ជូនសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងទិសដៅការងារ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី១៣ កុម្ភៈ។
មេដឹកនាំតាមក្រសួង និងអង្គភាពខ្លះ បានលាក់បាំងការពិត ចំពោះរដ្ឋាភិបាល ជាពិសេសស្វែងរកអន្តរាគមន៍នានា ពីថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលមានអំណាច នៅពេលរងការធ្វើអធិការកិច្ចម្ដងៗ។ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច រាយការណ៍បែបនេះ ទៅកាន់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី១៣ កុម្ភៈ។



តាមរបាយការណ៍ជិត៣០នាទី ដែលលោក ហួត ហាក់ បានអានយ៉ាងលម្អិត ជម្រាបប្រាប់នាយករដ្ឋមន្រ្តីនោះ បានលើកឡើងថា មេដឹកនាំក្រសួង អង្គភាព និងស្ថាប័នរដ្ឋ ដែលរងការធ្វើអធិការកិច្ចនោះ ហាក់មិនសប្បាយចិត្តឡើយ ដោយពួកគេបានលើកឡើងពីទស្សនបែបអវិជ្ជមាន ហើយយល់ច្រឡំមកលើការងារអធិការនេះ។
 
«អង្គសន្និបាតក៏បានលើកឡើងពីបញ្ហាប្រឈម ដែលក្នុងចំណោមនោះ ពាក់ព័ន្ធនឹងទស្សនខុសឆ្គងមួយចំនួន លើការងារអធិការកិច្ច ដែលក្រុមការងារ(ក្រសួង អង្គភាព និងស្ថាប័នរដ្ឋ) រងអធិការកិច្ច យល់ដោយភ័ន្តច្រឡំថា ការធ្វើអធិការកិច្ច ទី១ ចាំតែចាប់កំហុស, ទី២ ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់អង្គភាពខ្លួន, ទី៣ ធ្វើឱ្យបែកបាក់សាមគ្គីភាពផ្ទៃក្នុង និងទី៤ គឺធ្វើឱ្យរំខានដល់ការងាររបស់អង្គភាពរងអធិការកិច្ច»។ នេះបើតាមរដ្ឋមន្រ្តីក្រសួងអធិការកិច្ច។
 
ទន្ទឹមនឹងទស្សនទានបែបអវិជ្ជមាននេះ ក្រុមការងារអធិការកិច្ច រកឃើញភាពមិនប្រក្រតីវិញ ដែលក្រសួង និងអង្គភាពខ្លះ បានលាក់បាំងការពិត ចំពោះរដ្ឋាភិបាល ជាពិសេសស្វែងរកអន្តរាគមន៍នានា ពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងអ្នកមានអំណាច នៅពេលរងការធ្វើអធិការកិច្ចម្ដងៗ។
 
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារ នៅចំពោះមុខថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង អង្គភាពនានា លោក ហួត ហាក់ បានសង្កត់ធ្ងន់ថា អង្គភាពរងអធិការមួយចំនួនតូច បានធ្វើសកម្មភាព ដើម្បីបញ្ចៀសចំណុចខ្វះខាតរបស់ខ្លួន មុនពេលប្រតិភូអធិការកិច្ច ចុះទៅត្រួតពិនិត្យ៖ ក្នុងនោះរួមមាន ទី១ អង្គភាពខ្លះប្រជុំផ្ទៃក្នុងជាមុន ក្នុងគោលបំណងលាក់បំបាំងការពិត, ទី២ អង្គភាពខ្លះ ផ្ដល់ឯកសារមិនគ្រប់គ្រាន់ និងមិនផ្ដល់កិច្ចសហការល្អ ឬយកលេស ដើម្បីពន្យាពេល ដូចជាបញ្ចៀសមុខសញ្ញា ដែលត្រូវរងអធិការកិច្ច ឱ្យទៅបំពេញបេសកកម្មនៅក្រៅអង្គភាព, ខ្លះទៀត បានណែនាំ ឬឈានទៅដល់ការបំភិតបំភ័យមន្ត្រីរងអធិការកិច្ច តាមរយៈការហៅសាកសួរ ក្នុងគោលបំណងមិនធ្វើសហការល្អ ជាមួយមន្រ្តីអធិការកិច្ច, ខ្លះទៀត រកហេតុផលផ្ទេរ ឬសម្រួលភារកិច្ចមន្រ្តី ដឹងរឿងរ៉ាវច្រើន ហើយជាមុខសញ្ញាអធិការ ដែលបានផ្ដល់ព័ត៌មានពិត មកដល់មន្រ្តីអធិការកិច្ចជាដើម។ 
 
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានស្នើក្រសួង អង្គភាព និងស្ថាប័ននានា ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមសហការជាមួយក្រសួងអធិការ ដើម្បីកែលំអការងារ ដោយមិនត្រូវខ្លាច ហើយគេចវេះពីការងារធ្វើអធិការកិច្ចឡើយ។ សម្ដេច ក៏ស្នើឱ្យស្ថាប័នទាំងនោះ កុំគិតបែបអវិជ្ជមានថា ក្រសួងអធិការ ជាអង្គភាពចាប់កំហុសលើការងាររបស់ខ្លួន ព្រោះក្រសួងអធិការជាសេនាធិការ និងជាភ្នែកចម្រុះរបស់រដ្ឋាភិបាល។
 
ក្រសួងអធិការកិច្ច ត្រូវបានបង្កើតឡើង ដើម្បីតាមដានការអនុវត្តការងារ និងច្បាប់នានា ជាពិសេសការលុបបំបាត់ការកិបកេងថវិកា និងទ្រព្យសម្បត្តិរដ្ឋ រួមទាំងអំពើពុករលួយជាដើម។

តាមរយៈសកម្មភាពទាំងនេះ លោក ហួត ហាក់ បានសង្កត់ធ្ងន់ថា ការងារអធិការកិច្ចរបស់ក្រសួង រយៈពេល១ឆ្នាំនេះ បានជួយកែតម្រូវ និងផ្លាស់ប្តូរឥរិយាបទមន្រ្តីសាធារណៈមួយចំនួន ដែលពុំទាន់អនុវត្តតួនាទី និងភារកិច្ចបានល្អ។ លើសពីនេះ ជួយដាស់តឿន និងក្រើនរំឭកពួកគេ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងការទទួលខុសត្រូវប្រកបដោយមនសិកា និងវិជ្ជាជីវៈ។
 
ក្រសួងអធិការកិច្ច ត្រូវបានបង្កើតឡើងជាផ្លូវការ តាមព្រះរាជក្រឹត្យ ចុះនៅថ្ងៃទី៥ តុលា ឆ្នាំ២០២៣។ ក្រសួងមួយនេះ ត្រូវបានប្ដូរឈ្មោះពី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩មក៕

Tag:
 ហ៊ុន ម៉ាណែត
  អធិការកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com