អន្តរជាតិ
ប្រមុខការពារជាតិអាម៉េរិក នឹងអវត្តមានក្នុងកិច្ចប្រជុំណាតូ ដោយសារបញ្ហាសុខភាព
13, Feb 2024 , 2:16 pm        
រូបភាព
ប្រមុខការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន។ រូបភាព AFP
ប្រមុខការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន។ រូបភាព AFP
រដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន បានសម្រេចលុបដំណើរទស្សនកិច្ចទៅទីក្រុងព្រុចសែល ដើម្បីចូលរួមកិច្ចប្រជុំប្រមុខការពារជាតិ នៅថ្ងៃទី១៥ ខែកុម្ភៈ។ នេះបើតាមសេចក្តីប្រកាសរបស់មន្ទីរបញ្ចកោណ នៅថ្ងៃទី១២ ខែកុម្ភៈ។

 
ប្រមុខការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យយោធា Walter Reed Military Medical Center ជាលើកទីពីរ ដោយសារបញ្ហាប្លោកនោមនៅថ្ងៃទី១១ ខែកុម្ភៈ។ នៅថ្ងៃបន្ទាប់ រដ្ឋមន្រ្តីការពារជាតិរូបនេះ ត្រូវបានចាក់ថ្នាំស្ពឹក ដើម្បីពិនិត្យជំងឺពាក់ព័ន្ធប្លោកនោម។ នេះបើតាមការបញ្ជាក់របស់មន្ទីរពេទ្យយោធាអាម៉េរិក។ 
 
ក្រោយលោកអូស្ទីន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាថ្មី មន្ទីរបញ្ចកោណអាម៉េរិក បានប្រកាសលុបចោលដំណើរទស្សនកិច្ចរបស់លោក ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអង្គការណាតូ (NATO) ដែលត្រូវធ្វើឡើងនៅទីក្រុងព្រុចសែល បែលហ្ស៊ិក នៅថ្ងៃទី១៥ ខែកុម្ភៈ ខាងមុខ។ 
 
«រដ្ឋមន្រ្តីការពារជាតិ អូស្ទីន នឹងមិនធ្វើដំណើរទៅទីក្រុងព្រុចសែល ក្នុងសប្តាហ៍នេះ តាមការគ្រោងទុកឡើយ»។ ឧត្តមសេនីយ៍ទោ Patrick Ryder នៃកម្លាំងទ័ពអាកាស និងជាអ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិក បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១២ ខែកុម្ភៈ។ យ៉ាងណាមិញ មន្ទីរបញ្ចកោណអាម៉េរិក មិនបានបញ្ជាក់ឡើយ ថាតើបញ្ហាប្លោកនោមនេះ បណ្តាលមកពីការវះកាត់ប្រូស្តាតឬយ៉ាងណា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
នៅក្នុងខែធ្នូ ឆ្នាំ២០២៣ លោក អូស្ទីន បានលាក់បាំងការវះកាត់ជំងឺមហារីកប្រូស្តាត មុនពេលបញ្ចេញព័ត៌មានជាសាធារណៈ។ បញ្ហានោះ បានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងលើប្រមុខការពារជាតិ ស្របពេលបញ្ហាជាច្រើនលើពិភពលោក កំពុងកើតមាន។ 
 
ក្រៅពីកិច្ចប្រជុំប្រមុខការពារជាតិ វាក៏មានជំនួបពាក់ព័ន្ធផ្សេងៗរវាងបណ្តាប្រទេសសម្ព័ន្ធមិត្ត ដើម្បីជជែកពីបញ្ហាទ្វេភាគី និងពហុភាគី ទាក់ទិននឹងបញ្ហាតំបន់ និងពិភពលោកផងដែរ។ លោក អូស្ទីន ក៏គ្រោងជួបជាមួយក្រុមទំនាក់ទំនងការពារអ៊ុយក្រែន (UDCG) ប៉ុន្តែដោយសារតែអវត្តមានរបស់លោក ជំនួបនេះ អាចនឹងធ្វើឡើងតាមអនឡាញ។ 
 
«ខណៈលោកអូស្ទីនមានបំណងចូលរួមជំនួបជាមួយក្រុមទំនាក់ទំនងការពារអ៊ុយក្រែនតាមប្រព័ន្ធវីដេអូ លោករដ្ឋមន្រ្តីមានបង្ហាញពីភាពបត់បែនដោយផ្អែកលើស្ថានភាពរបស់ខ្លួន»។ អ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិក បានបន្ត។ 
 
បើទោះមិនទាន់ដឹងពីរយៈពេល ដែលត្រូវស្នាក់នៅមន្ទីរពេទ្យ លោកអូស្ទីន បានផ្ទេរតួនាទីរបស់ខ្លួនទៅអនុរដ្ឋមន្រ្តីការពារជាតិ លោកស្រី Kathleen Hicks រួចហើយ។ 
 
សូមបញ្ជាក់ថា លោកអូស្ទីននឹងបង្ហាញវត្តមាននៅចំពោះមុខសមាជិកសភានៅថ្ងៃទី២៩ ខែកុម្ភៈ ពាក់ព័ន្ធនឹងជំងឺ ការព្យាបាលនៅមន្ទីរពេទ្យរបស់លោក និងការលាក់បាំងព័ត៌មាននៃជំងឺនៅពេលកន្លងមក៕ 
 

Tag:
 អាម៉េរិក
  ណាតូ
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com