ជាតិ
ទោះសេដ្ឋកិច្ចមិនសូវល្អ តែអ្នកភូមិសំរោងមិនបោះបង់ទំនៀម «ឡើងមាឃ ឬ អ្នកតា» ឡើយ
13, Feb 2024 , 9:59 pm        
រូបភាព
សៀមរាប៖ ដ្បិតស្ថានភាពសេដ្ឋកិច្ចក្នុងគ្រួសារមិនសូវរកចំណូលបានច្រើនក៏ដូចមុនៗ តែអ្នកភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ មិនចោលទំនៀមឡើងអ្នកតា ឬឡើងមាឃ នៅថ្ងៃ៣កើត ខែមាឃឡើយ។

 
ម៉ោងជាង៤រសៀល ថ្ងៃទី១២ ខែកុម្ភៈ ពលរដ្ឋក្មេងចាស់ ជាង៣០នាក់ ភាគច្រើនជាស្រ្តី បាននាំយកម្ហូបអាហារពីផ្ទះរៀងៗខ្លួន សំដៅមកកាន់ខ្ទមអ្នកតា ដែលអ្នកភូមិហៅថា «តាប្លាត់» ស្ថិតនៅក្នុងបរិវេណអាស្រមស្រះជុំ។ ក្រៅពីអាហារ គេក៏ឃើញមានជាស្លាធម៌ បាយសី ទៀន ធូប ខ្លះដែរ ដែលគេត្រៀមសែន​នៅរោងអ្នកតា។ ឯម្ហូបអាហារមានបាយ សម្ល នំបញ្ចុក បង្អែម ទឹក ភេសជ្ជៈ។ល។ ដែលគេរៀបដាក់ ថាសតូចៗ តម្រៀបដាក់មុខខ្ទមអ្នកតា ហើយអ្នកភូមិអង្គុយនៅជុំវិញ។ 
 
លុះវេលារសៀលបន្ដិច ដែលគេគិតថាអស់មានមនុស្សម្នានឹងមកចូលរួមទៀត អ្នកភូមិក៏មូរមាត់គ្នា ចាប់ផ្តើមដុតទៀនតាមថាសអាហារនីមួយៗ សន្មតអញ្ជើញអ្នកតាមកសេពសោយសំណែន។ អំឡុងពេលកំពុងដុតទៀននោះ ពលរដ្ឋទាំងនោះខ្លះបែរបន់តិចៗក្នុងចិត្ត ខ្លះក៏បន់សុំអ្នកតាខ្លាំងៗ ក្នុងន័យឱ្យអ្នកតាជួយថែរក្សាក្រុមគ្រួសារ កូនចៅ និងពលរដ្ឋទាំងអស់ ឱ្យជួបតែសេចក្ដីសុខ ចៀសចាកឆ្ងាយពីជំងឺឈឺជាផ្សេងៗ។ ខ្លះទៀត ក៏បន់ឱ្យអ្នកតាថែរក្សាភូមិឋាន ជាពិសេសឱ្យរដូវធ្វើស្រែនាពេលខាងមុខ បានភោគផល ផ្លែផ្កាកាន់តែល្អប្រសើរថែមទៀត។
 


អ្នកភូមិមួយរូប គឺលោកស្រី ប៉ិ រ៉េន ប្រាប់ថា ដូចរាល់ឆ្នាំគឺលោកស្រីសុំឱ្យអ្នកតាបន្តថែរក្សាក្រុមគ្រួសារ និងឱ្យរកស៊ីមានបាន។ លោកស្រីបន្តថា៖« បន់ឱ្យកូនឱ្យចៅរកស៊ីមានបាន ចម្រុងចម្រើន សុខសប្បាយ។ ឱ្យម្ចាស់ស្រុក ម្ចាស់ស្រែ ជួយថែរក្សាអ្នកភូមិយើង អ៊ីចឹងហើយអញ្ជើញលោកតាមកពិសាម្ហូប ៣កើត ខែមាឃ ដែលកូនចៅគោរពពីដើមមក»។ 
 
យ៉ាងណាលោកស្រី ប៉ិ រ៉េន មើលឃើញថា ឆ្នាំនេះពុំសូវមានអ្នកភូមិចូលរួមអធិកអធមច្រើនទេ ដោយសារអ្នកខ្លះមិនសូវមានលុយកាក់ ឬក៏រវល់កិច្ចការងារជារបរប្រចាំថ្ងៃ។ ដូច្នេះ ពលរដ្ឋរូបនេះយល់ថា មិនមានអ្វីខុសឆ្គងទេ ឱ្យតែអ្នកភូមិដទៃទៀត បន្តធ្វើទំនៀមនេះ ទោះតិចឬច្រើនក្តី នោះអ្នកតាមិនយកទោសពៃរិ៍ឡើយ។ 
 


ចំណែកលោកយាយ ផាន់លី វ័យ៦៤ឆ្នាំ ក៏មិនច្បាស់ថាពិធីនេះធ្វើឡើងក្នុងបំណង ឬហេតុផលអ្វីខ្លះឡើយ ដោយគ្រាន់តែលោកយាយ ឃើញចាស់ទុំឬ ដូនតាក្នុងភូមិ ប្រារព្ធពិធីបុរាណនេះ មកតៗគ្នា ឱ្យតែដល់ខែមាឃ ឬក្រោយច្រូតកាត់រួច នៅថ្ងៃ៣កើត។ 
 
ចាស់ទុំភូមិសំរោងរូបនេះ ចាត់ទុកអ្នកតាប្លាត់ ជាអ្នកថែរក្សាភូមិស្រុកនេះល្អណាស់ ដោយសត្រូវមកបៀតបៀន គឺលោកតាតែងជួយបញ្រ្ជាសជានិច្ច។ លោកយាយ ផាន់លី ពោលថា៖« ឆ្នាំនេះ សុំឱ្យតែសុខចម្រើនរហូត ឱ្យលោកតាជួយឱ្យដំណាំបានផលតែរហូតទៅ តែមុនលោកតាជួយ យើងក៏ត្រូវប្រឹងដែរ [សើចបន្ដិច]  បើអត់ធ្វើ ធ្វើម៉េចបាន [សើច] ទើបបានសុខចម្រើន លូតលាស់ មិនសូវខូចខាតច្រើន»។
 
សូមបញ្ជាក់ថា ប្រជាជននៅតំបន់អង្គរ នៅបន្តទំនៀមពិធីឡើងមាឃនេះច្រើនតំបន់ ពិសេសនៅឃុំលាង ស្រុកអង្គរធំ ។ ក្រៅពីនោះមាននៅភូមិបង្កោង ឃុំអំពិល, វត្តអធ្វារ, កំពង់ភ្លុក, ឃុំកណ្ដែង, និងភូមិនគរក្រៅ ជាដើម៕

















Tag:
 ពិធីឡើងមាឃ
  ពិធីឡើងអ្នកតា
  ភូមិសំរោង
© រក្សាសិទ្ធិដោយ thmeythmey.com