អន្តរជាតិ
លោក ថាក់ស៊ីន ត្រូវលើកលែងទោសទាំងមិនដែលចូលពន្ធនាគារ
13, Feb 2024 , 5:03 pm        
រូបភាព
លោកថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្រ្តីថៃ។ រូបភាព AFP
លោកថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្រ្តីថៃ។ រូបភាព AFP
ប្រមុខរដ្ឋាភិបាលថៃ លោក សេដ្ឋា ថាវីស៊ីន នៅថ្ងៃទី១៣ ខែកុម្ភៈ បានប្រកាសពីការលើកលែងទោសរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត់ត្រាជាផ្លូវការ។ យ៉ាងណាមិញ ក្រុមអ្នកប្រឆាំង បានព្រមានថា នឹងមានបាតុកម្មទ្រង់ទ្រាយធំ។



ក្រោយអនុវត្តទោសប្រមាណ៦ខែនៅក្នុងមន្ទីរពេទ្យប៉ូលិស ដោយសារបញ្ហាសុខភាព លោកថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តីថៃ ត្រូវបានប្រកាសលើកលែងទោសជាផ្លូវការ។ តាមច្បាប់ថៃ ជនល្មើស អាចទទួលបានលើកលែងទោស ក្រោយអនុវត្តទោសបាន១ភាគ៣នៃទោសជាប់ពន្ធនាគារសរុប។ 
 
«វាគឺផ្លូវការហើយ លោក ថាក់ស៊ីន បានទទួលការលើកលែងទោស»។ លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ បានសង្កត់ធ្ងន់បែបនេះទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី១៣ ខែកុម្ភៈ។ បើតាមលោកនាយករដ្ឋមន្រ្តី ការដោះលែងនេះ គឺដោយសារលោកថាក់ស៊ីន ដែលមានវ័យ៧៤ឆ្នាំ បានបម្រើប្រទេសជាច្រើនឆ្នាំ និងធ្វើរឿងល្អជាច្រើនសម្រាប់ប្រទេស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ចំណែក លោក Tawee Sodsong រដ្ឋមន្រ្តីយុត្តិធម៌ថៃ ក្នុងថ្ងៃដដែល បានបញ្ជាក់ថា អតីតម្ចាស់ក្លឹប​ Manchester City រូបនេះ ស្ថិតក្នុងបញ្ជីអ្នកទោស ៩៣០នាក់ ដែលត្រូវដោះលែងមុនពេលកំណត់។ 
 
យ៉ាងណាមិញ ព័ត៌មានលម្អិតនៃការដោះលែង មិនច្បាស់ឡើយ ប៉ុន្តែលោកអាចស្ថិតនៅក្រោមការឃ្លាំមើល និងរឹតត្បិតការធ្វើដំណើរជាដើម។ បើតាមលោករដ្ឋមន្រ្តី លោកថាក់ស៊ីន អាចដោះលែងនៅថ្ងៃទី១៧ ឬថ្ងៃទី១៨ ខែកុម្ភៈ។ 
 
ពាក់ព័ន្ធនឹងការដោះលែងមុនពេលកំណត់នេះ ក្រុមអ្នកប្រឆាំងលោកថាក់ស៊ីន បានបង្ហាញការមិនពេញចិត្តឡើយ ហើយបានតវ៉ានៅខាងក្រៅក្រសួងយុត្តិធម៌នៅថ្ងៃទី១២ ខែកុម្ភៈ។ 
 
«លោកថាក់ស៊ីន ជាអ្នកទោសត្រឹមតែឈ្មោះប៉ុណ្ណោះ»។ លោក Pichit Chaimongkol មេដឹកនាំក្រុមនិស្សិត និងទំនាក់ទំនងប្រជាជនសម្រាប់កំណែទម្រង់ថៃបែបនេះ​ ដោយសំដៅដល់លោកថាក់ស៊ីន មិនបានជាប់ពន្ធនាគារឡើយ។ លោក Pichit បានព្រមានថា ទំហំនៃការតវ៉ា អាចនឹងធំឡើងជារៀងរាល់ពេល ដើម្បីប្រឆាំងនឹងលោកថាក់ស៊ីន។ 
 
លោកថាក់ស៊ីន បានត្រលប់មកដល់ថៃវិញ នៅខែសីហា ក្រោយចាកចេញពីប្រទេសនៅក្នុងឆ្នាំ២០០៨ មុនពេលតុលាការប្រកាសដាក់ពន្ធនាគារលោករយៈពេល៨ឆ្នាំ ដោយសារតែការរំលោភអំណាច, ការផ្តល់ប្រាក់កម្ចីឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា និងទំនាស់ផលប្រយោជន៍ជាដើម។ ក្រោយមក មហាក្សត្រថៃ បានសម្រេចលើកលែងទោសលោកឱ្យមកជាប់ពន្ធនាគារត្រឹមរយៈពេល​១ឆ្នាំ។ 
 
តាមពិតទៅ ពេលទៅដល់ប្រទេស លោកមិនបានអនុវត្តទោសជាប់ពន្ធនាគារឡើយ ដោយលោកត្រូវបបានញ្ជូនទៅមន្ទីរពេទ្យប៉ូលិសនៅក្នុងក្រុងបាងកកក្រោមហេតុផលបញ្ហាសុខភាព។ ចាប់តាំងពីសីហាមក លោកថាក់ស៊ីន គឺនៅសម្រាកនៅក្នុងមន្ទីរពេទ្យប៉ូលិស បើទោះមានការតវ៉ាពីក្រុមអ្នកប្រឆាំង៕ 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com