ជាតិ
ពី​វាលពិ​ឃាត​ទៅជាកងការពារ​ប្រមុខ​សេតវិមាន លោក ប៊ុនឡឺត មិន​ដែល​ភ្លេច​​កំណើតដើម​​​ឡើយ
14, Feb 2024 , 8:59 am        
រូបភាព
លោក អ៊ួន ប៊ុនឡឺត អតីតកងការពារប្រធានាធិបតីអាម៉េរិក ។ រូបភាព មឿន ម៉ាក់ថុង
លោក អ៊ួន ប៊ុនឡឺត អតីតកងការពារប្រធានាធិបតីអាម៉េរិក ។ រូបភាព មឿន ម៉ាក់ថុង
ភ្នំពេញ៖ «ខ្ញុំជាជនជាតិខ្មែរចង់ជួយខ្មែរ។ ខ្មែរនៅតែខ្មែរ ឈាមខ្មែរក៏នៅតែឈាមខ្មែរ»។ ជាប្រយោគចេញពីមាត់​របស់​​លោក អួន ប៊ុនឡឺត អាយុ​៥៦​ឆ្នាំ ដែលបញ្ជាក់ពីទំហំចិត្តស្រលាញ់ជាតិកំណើត​ខ្លួន។ ទោះ​មាន​ប្រវត្តិ​ចាក​ចេញយ៉ាងជូរចត់ ប៉ុន្តែ​អតីតកងការពារប្រធានាធិបតីអាម៉េរិករហូត​ដល់ទៅ​៤ជំនាន់​រូបនេះ តាំងចិត្ត​ប្រើ​ប្រាស់​ជីវិត​ចូលនិវត្តន៍​របស់​ខ្លួន​ដើម្បី​ផ្ទេរ​ចំណេះជំនាញដល់​កូន​ខ្មែរ។

 
៤ខែក្រោយ​ចូល​និវត្តន៍ពី​ការងារ​ជា​កង​ការពារ​ប្រមុខ​សេតវិមាន​ លោក អួន ប៊ុនឡឺត បាន​មក​កម្ពុជា​ដែល​ជា​ទឹក​ដី​កំណើត​របស់ខ្លួន។ វត្តមាន​របស់​បុរស​មាឌ​មាំ និង​សម្តី​ម៉ាត់​ៗ​រូបនេះ ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍​យ៉ាង​ច្រើន​ពី​បណ្តាសារព័ត៌មាន និង​ថ្នាក់ដឹកនាំក្នុងស្ថាប័នរដ្ឋមួយចំនួនទៀតផង។
 
ឈានជើងចូលទឹកដីខ្មែរភ្លាម លើសពីចិត្តនឹករលឹកដល់ស្រុកកំណើត និងអនុវស្សាវរីយ៍ បុរសវ័យ៥៦ឆ្នាំរូបនេះ ក៏តែងតែចិញ្ចឹមចិត្តចង់យកជំនាញបង្ហាត់សុនក និងជំនាញជាកងការពារដែលមាន​បទពិសោធន៍​ពីទឹកដីអាម៉េរិក មកផ្ទេរឱ្យកូនខ្មែរជំនាន់ក្រោយ។
 
​«​ចំណេះដែលខ្ញុំបានរៀនរយៈពេល២០ឆ្នាំជាងហ្នឹង ខ្ញុំចង់ជួយបង្រៀនខ្មែរយើង។ មិនមែនថា ខ្មែរមិនមានអ្នកចេះទេ ប៉ុន្តែជួយឱ្យប្រទេសយើងជឿនលឿន។ ជួយឱ្យគេគោរពកាន់តែច្រើនឡើង»។ លោក​ ប៊ុន​ឡឺត បាន​លើ​ក​ឡើ​ងយ៉ាង​ដូច្នេះ​ក្នុង​បទសម្ភាស​ដាច់​ដោយ​ឡែ​ក​ជាមួយ​សារព័ត៌មាន​ឌីជីថលថ្មីៗ។
 
ទោះរូបកាយធំធាត់ និង​ទទួល​បាន​ចំណេះដឹង​នៅទឹកដីគេក៏ដោយ​ តែលោក ប៊ុនឡឺត នៅតែដឹងគុណចង់តបស្នងជាតិខ្លួនជានិច្ច។ ឧត្តមគតិបែបនេះ ក៏ព្រោះតែលោក ប៊ុនឡឺត បានយកលំនាំពីឪពុកដែលជាអតីតទាហាន ដោយបានលះបង់ និងហ៊ានបូជាជីវិតដើម្បីជួយជាតិ។  លោក ប៊ុនឡឺត ពោលទាំងស្នាមញញឹមដូច្នេះ៖​« ខ្ញុំដូចប៉ាខ្ញុំអ៊ីចឹង គាត់ធ្វើទាហានតាំងពីជំនាន់មុនមក គាត់ឈាមខ្មែរ ដើម្បីការពារខ្មែរគាត់ស្រលាញ់ជាតិ។ ខ្ញុំក៏ស្រលាញ់ជាតិខ្មែរយើងដែរ»។
 

 
មិនខុសពីប្រជាពលរដ្ឋខ្មែររាប់លាននាក់ឡើយ គ្រួសាររបស់លោក អួន ប៊ុនឡឺត ក៏ជាជនរងគ្រោះក្នុងរបបខ្មែរក្រហម ដែលត្រូវបាត់បង់ឪពុក និងសាច់ញាតិក្នុងរបបដ៏ឃោរឃៅមួយនេះ។  រួចជីវិតពីរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ លោក និងម្ដាយ បានភៀសខ្លួនទៅសហរដ្ឋ​អាម៉េរិក នាអំឡុងឆ្នាំ១៨៨៣  ក្រោយពីប្រើជីវិតរស់នៅដូចចករសាត់អណ្ដែតពីកន្លែងមួយទៅកន្លែងមួយ។
 
«ខ្ញុំគ្មានសង្ឃឹមថាបានទៅអាម៉េរិកទេ ព្រោះគេសង្ឃឹមភាគច្រើនបារាំង កាណាដា និងអូស្រ្តាលី។ ប៉ុន្តែដល់គេហៅសម្ភាសទៅគេសួររឿងប្រវត្តិគ្រួសារខ្ញុំ ហើយម៉ាក់ខ្ញុំថា ប៉ាខ្ញុំធ្លាប់ធ្វើទាហាន​។ ក្រោយមកគេហៅធ្វើតេស្តទៀតក៏ជាប់ទៅ។ ដំបូង យើងទៅនៅជំរុំនៅហ្វីលីពីនប្រហែល៦ខែ ។ គេឱ្យយើងរៀនភាសាអង់គ្លេសតិចតួច ហើយរបៀបរស់នៅអាម៉េរិក ជាពិសេសរបៀបប្រើបង្គន់។ ដល់ខែ១០ ឆ្នាំ១៩៨៣ ខ្ញុំទៅដល់អាម៉េរិក»។

ចាប់ផ្ដើមជីវិតថ្មីក្នុងស្ថានភាពដ៏លំបាក
 
«ភាសាក៏មិនចេះ លុយក៏គ្មាន»! ឈានជើងចូលទឹកដីអាម៉េរិកដំបូង លោក អួន ប៊ុនឡឺត ប្រៀបដូចជាកើតក្នុងភពថ្មី។ អ្វីៗទទេស្អាត។ លោកត្រូវសម្របខ្លួនជាមួយបរិយាកាសថ្មីៗគ្រប់យ៉ាង រាប់ចាប់តាំងការចាប់ផ្ដើមរៀនភាសា និងរបៀបរស់នៅជាដើម ។
 
ក្នុងអាយុ១៨ឆ្នាំ យុវជនរូបនេះ ត្រូវបានគេរៀបចំឱ្យចូលរៀនថ្នាក់អនុវិទ្យាល័យ ប៉ុន្តែដោយសារកត្តាអាយុ លោកក៏បានផ្លោះដល់ទី១២ ក្រោយរៀនបាន២ឆ្នាំ។ រៀនចប់វិទ្យាល័យនៅអាយុ២១ឆ្នាំ លោក ក៏បានបន្តថ្នាក់បរិញ្ញាបត្រចំនួន២ឆ្នាំ ប៉ុន្តែដោយសារបញ្ហាជីវភាព និសិ្សតរូបនេះត្រូវបង្ខំចិត្តរៀនផង ធ្វើការផង ធ្វើឱ្យការសិក្សាមិនបានជាប់លាប់ដូចគេ ទើបលោកត្រូវប្រើពេលរៀនរហូតដល់៤ឆ្នាំទើបចប់។
 


«រៀនធ្វើការ រៀនធ្វើការ ខ្ញុំអត់សូវមានពេលសប្បាយនឹងគេប៉ុន្មានទេ»។ នេះជាការបញ្ជាក់របស់ លោក ប៊ុនឡឺត ដែលចងចាំថាភាពយុវវ័យរបស់ខ្លួន ហាក់ចំណាយជាមួយការងារច្រើនជាងក៏ព្រោះជីវភាពគ្រួសារ។

ពីជនភៀសខ្លួនរហូតអាចចេញចូលសេតវិមានអាម៉េរិកដូចផ្ទះ

រៀនចប់ភ្លាម បុរសកម្ពុជា ប៊ុនឡឺត ក៏មានបទពិសោធន៍ការងារក្រាស់ក្រែល។ ឆ្លងកាត់ការងារពីមួយកន្លែងទៅមួយកន្លែង លោកក៏មានឱកាសធ្វើជាកងការពារនាយករដ្ឋមន្រ្តីអាម៉េរិក ដែលលោកមិននឹកស្មានថា​ខ្លួន​អាចធ្វើបាន ព្រោះការងារដំបូងរបស់លោកនៅទឹកដីអាម៉េរិកត្រឹមជាអ្នកលាងចាន ទទួលប្រាក់ខែត្រឹមតែជាង៣ដុល្លារក្នុងមួយម៉ោងប៉ុណ្ណោះ។
 
កំណត់ត្រាពិសេស​កើតឡើង​សម្រាប់​លោក ប៊ុនឡឺតនា​ឆ្នាំ២០០២ ដោយ​លោកក្លាយ​​ជា​ជនជាតិ​ខ្មែរ​ដំបូង ដែល​បាន​ជាប់​ជាកង​ការពារសន្តិសុខ​ប្រធានាធិបតីអាម៉េរិក ពោ​លគឺ​នាអំឡុង​រដ្ឋបាល​លោក ចច ដាប់ប៊ល​យូ ប៊ូស។ លោក អ៊ួន ប៊ុនឡឺត បានរៀបរាប់ដូច្នេះ៖ «ការងារហ្នឹង កើតតាំងពីឆ្នាំ១៨៦៥ ហើយខ្ញុំជាខ្មែរលើកទី១ចូល ប្រហែលជា១៥០ឆ្នាំជាង។ មុនចូលហ្នឹងខ្ញុំគិតថា ប្រហែលជាកងការពារ សុទ្ធតែគេមាឌធំ ជនជាតិស្បែកស ។ ​​ពេលយើងដាក់ពាក្យចូល គេធ្វើតេស្តយើង៤យ៉ាង សរសេរ ការពិនិត្យរកជំងឺក្នុងខ្លួន មើលជីវប្រវត្តិ និងហាត់៦-៨ខែ​។ក្នុង៤ដំណាក់កាលនេះ បើធ្លាក់ណាមួយក៏មិនជាប់ ។ ១០០នាក់ មានតែ១០-២០ នាក់ប៉ុណ្ណោះជាប់»។
 
បុរស​ដែលមានដើម​កំណើត​នៅ​ខេត្ត​បាត់​ដំបង​រូបនេះ​ មិនដែលនឹកស្មានដល់សោះ​ថា ខ្លួនអាចមានវាសនាធ្វើការងារជាកងការពារប្រធានាធិបតីអាម៉េរិក។ មិនដែលនឹកស្មានក៏ព្រោះតែ លោកមិនមែនជាពូជសាសន៍អឺរ៉ុប និងមានមាឌធំនោះដែរ ប៉ុន្តែដោយការព្យាយាមមិនចុះចាញ់ ទីបំផុតលោកទទួលបាន ជោគជ័យក្នុងការងារនេះក្នុងអាយុ៣៣ឆ្នាំ  ក្រោយការ​ព្យាយាម​បរាជ័យចំនួន៣លើក​។
 


នេះជាមោទកភាពសម្រាប់កូនខ្មែរ លោក ប៊ុនឡឺត ដែលមានសិទ្ធិនៅក្បែរប្រធានាធិបតីអាម៉េរិកគ្រប់ពេលប្រៀបដូចជាអ្នករួមដំបូលផ្ទះជាមួយគ្នា។ មិនតែប៉ុណ្ណោះក៏អាចដើរចេញ-ចូលសេតវិមានអាម៉េរិកដូចជាផ្ទះ ខណៈមនុស្សជាច្រើនបានត្រឹមតែមើលពីចម្ងាយ និងខ្លះបានត្រឹមតែមើលតាមរយៈវីដេអូប៉ុណ្ណោះ។ 

 
ក្នុងជីវិតការងាររបស់ លោក ប៊ុនឡឺត បានការពារប្រធានាធិបតីចំនួន៤រូបគឺ លោក ចច ដាប់ប៊លយូ ប៊ូស លោក ប៉ារ៉ាក់ អូបាម៉ា លោក ដូណាល់ ត្រាំ និង លោក ចូ បៃឌិន។  លើសពីនេះ ការងារនេះ ក៏អនុញ្ញាតឱ្យបុរសវ័យ ៥៦ឆ្នាំរូបនេះ បានស្គាល់ប្រទេសជាង១០ នៅទ្វឺបអាស៊ី និងអឺរ៉ុបទៀតផង។
 
លោក ប៊ុនឡឺត  ពោលទាំងក្ដីមោទកភាពដូចនេះ៖ «ការងារនេះកែប្រែជីវិតខ្ញុំច្រើន ដូចឱ្យជីវិតថ្មីមកខ្ញុំ។ ខ្ញុំកើតមកក្រ ស្បែកជើងក៏គ្មានពាក់ទៅរៀន ដូចថាចំណេះដែលខ្ញុំរៀនទៅប៉ុន្មាន ខ្ញុំរៀនពីស្រុកគេដូចថាគេបង្រៀនយើងអត់លាក់ចំណេះ។ ជីវិតថ្មី យើងមើលថាប្រៀបជីវិត​ពីដើមដែលខ្ញុំទៅអាម៉េរិកដំបូង វាខុសគ្នាឆ្ងាយ។ បើនិយាយថា យល់សប្ន ក៏មិនដឹងយល់សប្នដែរ» ។
 


ទន្ទឹមនឹងវឌ្ឍនភាពជាទីគាប់ប្រសើរ ការងារជាកងការពារ ត្រូវទាមទារការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ដោយអ្វីៗត្រូវគិតពីសុវត្ថិភាពប្រធានាធិបតីជាចម្បង។  លោក ប៊ុនឡឺត អះអាងដូច្នេះ៖ «បើយើងទៅកន្លែងណាមួយ យើងជាអ្នកទទួលខុសគ្នា ពេលណាមានរឿងអ្វីមួយគឺជាឈ្មោះយើង ។ បើថាឱ្យលីសែងឱ្យហត់មិនហត់ទេ ប៉ុន្តែវាមានភារកិច្ចទទួលខុសគ្នាច្រើន ដូច្នេះពេលមកផ្ទះក៏ត្រូវមានស្ដ្រេស និងការទទួលខុសគ្នា»។ 
 
រយៈពេលជាង៤០ឆ្នាំ នៃជីវិតរស់នៅ និងការងារនៅទឹកដីអាម៉េរិក បុរសជនជាតិខ្មែរ លោក ប៊ុនឡឺត បានចងក្រងសៀវភៅពីប្រវត្តិរបស់ខ្លួន ដែលមានចំណងជើងថា « A Refugee's American Dream: From the Killing Fileds of Cambodia to the U.S. Secret Service” (សុបិន​អាមេរិកាំង​របស់ជនភៀសខ្លួនម្នាក់ ពីវាល​ពិឃាត​នៅ​កម្ពុជាទៅជាកងការពារសន្តិសុខប្រធានាធិបតី»។
 
លោក ប៊ុនឡឺត បានឱ្យដឹងថា ការចងក្រងសៀវភៅនេះឡើងគឺដើម្បីបង្ហាញពីជីវិតរបស់​លោក​ដែលបានឆ្លងកាត់របបខ្មែរក្រហម​ និងភាពតស៊ូរស់នៅអាម៉េរិកជាជនភៀសខ្លួន ទៅដល់កូនចៅជំនាន់ក្រោយ និងពិភពលោកទាំងមូល​ ៕
 


Tag:
 លោក អួន ប៊ុនឡឺត
© រក្សាសិទ្ធិដោយ thmeythmey.com