ជាតិ
ក្រសួងដែនដី ពន្លឿននីតិវិធីវិនិយោគវិស័យសំណង់ ក្នុងខេត្តព្រះសីហនុ
13, Feb 2024 , 6:39 pm        
រូបភាព
អគារជាប់គាំងនៅខេត្តព្រះសីហនុនាពេលកន្លងមក។
អគារជាប់គាំងនៅខេត្តព្រះសីហនុនាពេលកន្លងមក។
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចអនុវត្តកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅឆ្នាំ២០២៤។ កម្មវិធីនេះ នឹងសម្រួលនីតិវិធីធ្វើបែបបទ និងកាត់បន្ថយរយៈពេលស្នើសុំនិងផ្ដល់លិខិតអនុញ្ញាតសាងសង់ ទាំងលិខិតបើក និងបិទការដ្ឋានសំណង់ជាដើម។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួង ចេញថ្ងៃទី១២ កុម្ភៈ។

 
ដើម្បីអនុវត្តកម្មវិធីនេះ ឱ្យមានប្រសិទ្ធភាព ក្រសួងដែនដី នឹងចាត់មន្ត្រីជំនាញនៅក្នុងខេត្តព្រះសីហនុ ចុះត្រួតពិនិត្យជាប្រចាំ។ ក្នុងករណីម្ចាស់សំណង់ណា មិនមានលិខិត ឬរបាយការណ៍ បញ្ជាក់ពីក្រុមហ៊ុន ដែលមានអាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ទេ ក្រសួងនឹងបញ្ជាក់គម្រោងប្លង់ស្ថាបត្យកម្ម ,គម្រោងប្លង់គ្រឿងផ្ដុំសំណង់ រួមទាំងត្រួពិនិត្យគុណភាពនិងសុវត្ថុភាពសំណង់ ដល់ម្ចាស់សំណង់។ 
 
ក្រសួងរៀបចំដែនដី ក៏នឹងចាត់ក្រុមការងារបច្ចេកទេស ដើម្បីប្រចាំការ នៅមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ និងច្រកចេញចូលតែមួយនៃក្រសួងរៀបចំដែនដី សម្រាប់ផ្ដល់ព័ត៌មាន និងសេវាតាមការចាំបាច់ទៀតផង។
 
ជុំវិញការពន្លឿននីតិវិធីនេះ សារព័ត៌មានថ្មីៗពុំអាចសុំការបកស្រាយបន្ថែម ពីលោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដី និងលោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុបានឡើយ៕ 
 
 
 

Tag:
 សំណង់
© រក្សាសិទ្ធិដោយ thmeythmey.com