អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ី៖ អ្នកបោះឆ្នោតជាង២០០លាននាក់, ៨២ម៉ឺនការិយាល័យ, បេក្ខជន៣នាក់
14, Feb 2024 , 10:37 am        
រូបភាព
បេក្ខជនប្រធានាធិបតីឥណ្ឌូណេស៊ី Ganjar Pranowo (កណ្តាល), Prabowo Subianto (ឆ្វេង) និង Anies Baswedan ។ រូបភាព ៖ AFP
បេក្ខជនប្រធានាធិបតីឥណ្ឌូណេស៊ី Ganjar Pranowo (កណ្តាល), Prabowo Subianto (ឆ្វេង) និង Anies Baswedan ។ រូបភាព ៖ AFP
ប្រជាជនឥណ្ឌូណេស៊ីជាង២០០លាននាក់នៅថ្ងៃទី១៤ ខែកុម្ភៈ ទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីដើម្បីដឹកនាំប្រទេសសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ។ បេក្ខជន៣នាក់ ប្រជែងគ្នាដើម្បីបន្តតំណែងពីលោកប្រធានាធិបតី ចូកូ វីដូដូ។

 
បេក្ខជនដែលត្រូវប្រជែងតំណែងបន្តពីប្រធានាធិបតី ចូកូ វីដូដូ រួមមានលោក Ganjar Pranowo  អតីតអភិបាលខេត្តជ្វាកណ្តាល លោក Anies Baswedan អតីតអភិបាលក្រុង ហ្សាការតា និងរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Prabowo Subianto ។
 
បើតាមសារព័ត៌មាន Jakarta Post ប្រជាជនឥណ្ឌូណេស៊ីជិត២០៥លាននាក់ក្នុងចំណោម ២៧០លាននាក់ ទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតចំនួន ៨២ម៉ឺនការិយាល័យនៅទូទាំងប្រទេស។ ការ​បោះឆ្នោត​ធ្វើ​ឡើង​តែ៦​ម៉ោង​ប៉ុណ្ណោះ ចាប់​ពី​ម៉ោង ​៧​ព្រឹកនៅ​ថ្ងៃ​ទី​១៤ កុម្ភៈ។
 
យោងតាមរដ្ឋធម្មនុញ្ញរបស់ឥណ្ឌូណេស៊ី ដើម្បីក្លាយជាប្រធានាធិបតីបេក្ខជនត្រូវមានសំឡេងគាំទ្រច្រើនជាង ៥០ភាគរយនៃសំឡេងឆ្នោតសរុប និងយ៉ាងហោចណាស់ ២០ភាគរយនៃសំឡេងឆ្នោតនៅក្នុងខេត្តជាងពាក់កណ្តាលនៃប្រទេស។
 
ទិន្នន័យពីការស្ទង់មតិចុងក្រោយបង្ហាញថា លោក Prabowo ​​និងកូន​ប្រុស​របស់​លោក​ប្រធានាធិបតី វីដូដូ គឺ​លោក Gibran Rakabuming Raka ដែលជាបេក្ខជនអនុប្រធានាធិបតី មានសំឡេងនាំមុខបេក្ខជន២នាក់ទៀត៕
 

Tag:
 ឥណ្ឌូណេស៊ី
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com