កីឡាអន្តរជាតិ
អន្តរជាតិ
UCL ៖ Man City បំបាក់ Copenhagen ខណៈ Real ឈ្នះ Leipzig ទាំងលំបាក
14, Feb 2024 , 10:59 am        
រូបភាព
ក្រុម Manchester City បានយកឈ្នះក្រុម FC Copenhagen ដោយលទ្ធផល ៣-១ ក្នុងការប្រកួតជើងទីមួយ នៃការប្រកួតពានរង្វាន់ UEFA Champions League វគ្គ ១៦ក្រុម ចុងក្រោយនៅក្នុងកីឡដ្ឋាន Parken នាថ្ងៃទី១៣ ខែកុម្ភៈ។ ចំណែក Real Madrid ប្រជែងយកឈ្នះលើម្ចាស់ផ្ទះ RB Leipzig ទាំងលំបាកដោយលទ្ធផល ១-០ ។



ក្នុងការប្រកួតនេះ ក្រុមរហស្សនាមមេឃខៀវ បន្តរក្សាទម្រង់លេងដ៏ល្អ នៅក្នុងការគ្រប់គ្រងបាល់ ។ គ្រាប់ទីមួយបើកឆាកដំបូងរបស់ Man City រកបានដោយខ្សែបម្រើ Kevin De Bruyne ដែលទើបជាពីរបួស នៅនាទី១១ ក្រោយការបញ្ជូនបាល់យ៉ាងល្អពី Phil Foden។ 
 
ខ្សែប្រយុទ្ធ Jack Grealish ត្រូវបានប្តូរចេញត្រឹមនាទី២១ ព្រោះបញ្ហារបួស ហើយប្តូរចូលជំនួសដោយកីឡាករ Jeremy Doku នៅនាទី២១ ។ ក្រោយ Man City ផ្លាស់ប្តូរកីឡាករភ្លាមៗ ទម្រង់លេងហាក់មិនបានល្អឡើងវិញ រហូតដល់នាទី៣៤ កីឡាករ Magnus Mattsson រកបានមួយគ្រាប់វិញឱ្យក្លិប Copenhagen មកពីដាណឺម៉ាក។ ខ្សែប្រយុទ្ធ Bernardo Silva ស៊ុតបញ្ចូលទីនាំមុខជាថ្មី នាទី៤៥បូក១ ហើយគ្រាប់ទី៣ នៅវគ្គទីពីធ្វើបានខ្សែប្រយុទ្ធស្លាបវ័យក្មេង Phil Foden ស៊ុតនៅ នាទី៩០​បូក២។ 
  


ដោយឡែកការប្រកួតមួយគូទៀត Real Madrid ធ្វើដំណើរទៅកាន់ទឹកដីប្រទេសអាល្លឺម៉ង់ ទទួលបានជ័យជម្នះដោយមិនសមប្រកប ព្រោះតែ RB Leipzig បង្ហាញទម្រង់ដ៏គួរឱ្យភ្ញាក់ផ្អើល។
 
លទ្ធផល ១-០ កើតឡើងនៅវគ្គទីពីរ ដោយការស៊ុតរបស់កីឡាករ​វ័យក្មេង Brahim Diaz នៅនាទី៤៨ ដែលជំនួសតំណែងខ្សែបម្រើប្រយុទ្ធ Jude Bellingham ដែលរងរបួស។ 
  


លោក Carlo Ancelotti ទទួលស្គាល់ចំពោះលទ្ធផលឈ្នះទាំងលំបាក នៅជើងទីមួយនេះ ។ លោកបានចាត់ទុកថា​ លទ្ធផលនេះ ជាសញ្ញាគ្រោះថ្នាក់ដល់ក្រុម នៅការប្រកួតជើងទីពីរ។ 
 
«វាពិតជាលំបាកសម្រាប់យើង ដូចដែលបានឃើញនៅទីនេះហើយ។ ការចាប់ផ្តើមវគ្គទីមួយនិងវគ្គទីពីរ គឺសុទ្ធសឹងតែលំបាក ខណៈគូប្រកួតបានលេងការប្រកួតមួយដ៏អស្ចារ្យ។ យើងមានគ្រោះថ្នាក់ក្នុងស្ថានភាពបែបនេះ យើងគួរតែរកបានគ្រាប់ច្រើនជាងនេះ ប៉ុន្តែយើងក៏អាចត្រូវបានតាមស្មើ នេះត្រឹមតែអត្ថប្រយោជន៍ដ៏តិចតួចសម្រាប់យើងប៉ុណ្ណោះ។»។ លោក Ancelotti បាននិយាយបែបនេះក្រោយចប់ការប្រកួត៕

Tag:
 UEFA Champions League
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com