កីឡាជាតិ
ជាតិ
ទោះចាញ់ Central Coast លទ្ធផល៤-០ តែភ្នំពេញក្រោន បានបង្កើតប្រវត្តិសាស្ដ្រក្នុង AFC Cup
14, Feb 2024 , 11:29 am        
រូបភាព
ភ្នំពេញក្រោន ប្រកួតជាមួយ Central Coast Mariners FC រូបពី AFC
ភ្នំពេញក្រោន ប្រកួតជាមួយ Central Coast Mariners FC រូបពី AFC
ភ្នំពេញក្រោន បានចាញ់ Central Coast Mariners FC លទ្ធផល៤-០ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (វគ្គជម្រុះក្នុងតំបន់) នៃពានរង្វាន់ AFC Cup 2023-2024 កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះ គឺជាលើកដំបូង ដែលក្រុមភ្នំពេញក្រោន តំណាងឲ្យកម្ពុជា ឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ AFC Cup ។



ការប្រកួត AFC Cup រដូវកាលមុនៗ ក្រុមតំណាងឲ្យកម្ពុជា មិនដែលឆ្លងផុតវគ្គចែកពូលនោះទេ ប៉ុន្ដែភ្នំពេញក្រោន បានបង្កើតប្រវត្តិសាស្ដ្រថ្មីមួយ បើទោះធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្តី។ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បាននិយាយថា កីឡាកររបស់លោក ធ្វើបានល្អនាជំនួបក្រុម Central Coast Mariners FC ដែលមានកម្រិតខ្លាំងមួយនៃលីគកំពូលអូស្ដ្រាលី។ ដ្បិតចាញ់ Central Coast Mariners FC ៤-០ តែគ្រូបង្វឹករូបនេះ សម្លឹងឃើញថា កីឡាករភ្នំពេញក្រោន បានលេងអស់ពីសមត្ថភាព ហើយព្យាយាមបង្ហាញបច្ចេកទេសលេងក្នុងទីលាន។
 
«វាគឺជាបទពិសោធន៍ដែលយើងអាចរៀនសូត្រពីវា ហើយយើងនឹងមានភាពរីកចម្រើនផងដែរ ប្រសិនបើមានការប្រកួតប្រជែងរបៀបនេះច្រើននោះ។ នៅពេលដែលយើងជួបគូរប្រកួតដែលខ្លាំង យើងអាចប្រជែងអស់ពីសមត្ថភាព និងបង្ហាញអស់នូវភាពខ្លាំងរបស់យើងផងដែរ។ នៅពេលនេះយើងនឹងធ្វើដំណើរទៅកម្ពុជាវិញ ដើម្បីប្រកួតដណ្តើមពានរង្វាន់ និងត្រលប់មកវិញម្តងទៀត។» លោក Oleg Starynskyi បាននិយាយដូច្នេះ។
 
ក្នុងតង់ទីមួយ ម្ចាស់ផ្ទះ Central Coast Mariners FC បានដាក់សម្ពាធយ៉ាងខ្លាំងមកភ្នំពេញក្រោន ដោយបានព្យាយាមស៊ុតជាច្រើនលើកច្រើនសារ។ ចំណែកភ្នំពេញក្រោន បានព្យាយាមវាយបក ប៉ុន្ដែមិនមានប្រសិទ្ធភាពទេ ព្រោះមិនអាចចូលទៅក្នុងតំបន់គ្រោះថ្នាក់ម្ចាស់ផ្ទះ។ ការប៉ុនប៉ងជាច្រើនលើរបស់ម្ចាស់ផ្ទះ បានទម្លាយសំណាញ់ទីភ្នំពេញក្រោន បានសម្រេច នៅនាទី៣៧ ដោយខ្សែប្រយុទ្ធ Jing Reec នាំមុខលទ្ធផល ១-០។
 
Central Coast នៅតែព្យាយាមរកគ្រាប់បាល់ ហើយក៏មានឱកាសជាច្រើនលើកដែរ ប៉ុន្ដែត្រូវអ្នកចាំទីភ្នំពេញក្រោន អ៊ំ វិចិត្រ បានទះចេញជាច្រើនលើក។ បញ្ចប់ការប្រកួតតង់ទី១ ម្ចាស់ផ្ទះ នាំមុខក្រុមភ្ញៀវ ១-០។
 
ចូលមកដល់តង់ទី២ Central Coast នៅតែបន្ដដាក់សម្ពាធ និងស្វែងរកគ្រាប់បាល់ ប៉ុន្ដែមិនដូចការគិតទេ ដោយភ្នំពេញក្រោន ធ្វើចលនាជួយគ្នាគ្រប់តំបន់ទាំងអស់។ នៅនាទី៥២ យ៉ើ ម៉ូស្លីម របស់ភ្នំពេញក្រោន ទទួលបានកាតលឿង បន្ទាប់ពីព្យាយាមទាញអាវខ្សែប្រយុទ្ធម្ចាស់ផ្ទះ នៅក្នុងតំបន់គ្រោះថ្នាក់។ 
 
ចូលមកដល់នាទី៦០ ម្ចាស់គ្រាប់បាល់ទី១ Central Coast ត្រូវបានប្ដូចេញ ជំនួសដោយកីឡាករ Ryan Edmondson។ ៤នាទីបន្ទាប់ Yudai របស់ភ្នំពេញក្រោន ទទួលបានកាតលឿង បន្ទាប់ព្យាយាមដណ្ដើមបាល់ពីខ្សែបម្រើម្ចាស់ផ្ទះ។ នៅនាទី៧០ Andrie Neto ខ្សែបម្រើភ្នំពេញក្រោន បានឱកាសស៊ុតពីចម្ងាយ ប៉ុន្ដែមិនចំទីនោះទេ។ 
 
ឈានចូលនាទី៧២ ខ្សែប្រយុទ្ធម្ចាស់ផ្ទះ កីឡាករ Ryan Edmondson ដែលប្ដូចូលលេងទើបតែបាន១២នាទីនោះ រកបាន១គ្រាប់បន្ថែម នាំមុខភ្នំពេញក្រោន ២-០។ ៦នាទីបន្ទាប់ ខ្សែប្រយុទ្ធដដែលនេះ  បន្ថែម១គ្រាប់ទៀត ដោយលទ្ធផល៣-០ តាមរយៈការអូសដាច់ខ្សែបម្រើការពារភ្នំពេញក្រោន។ Ryan Edmondson ជាខ្សែប្រយុទ្ធមានគុណភាពខ្ពស់ ដោយរូបគេ បានទម្លាយសំណាញ់ទីភ្នំពេញក្រោនម្ដងទៀត នៅនាទី៩០បូក៤ ដែលនាំឲ្យលទ្ធផល ចប់ការប្រកួត ៤-០។
 
គួរបញ្ជាក់ផងដែរ Macarthur FC ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ដោយបានឈ្នះ Sabah FA របស់ម៉ាឡេស៊ី ក្នុងលទ្ធផល ៣-០។ វគ្គផ្ដាច់ព្រ័ត្រ Macarthur FC ត្រូវប្រកួតជាមួយ Central Coast Mariners FC នៃពានរង្វាន់ AFC Cup 2023-2024 វគ្គជម្រុះក្នុងតំបន់ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤៕

Tag:
 បាល់ទាត់
  AFC Cup
© រក្សាសិទ្ធិដោយ thmeythmey.com