ជាតិ
សេដ្ឋកិច្ច
កាត់បន្ថយកម្ចីពីក្រៅប្រទេសដោយសារតែភាពរឹងមាំនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
14, Feb 2024 , 11:11 am        
រូបភាព
សម្តេច ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤
សម្តេច ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបង្ហាញអំពីសមិទ្ធផលគន្លឹះធំៗដែលទទួលបានតាមរយៈកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចាប់តាំងពីឆ្នាំ២០០៤ មក។ ក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈនេះ ប្រមុខរដ្ឋាភិបាល បានលើកឡើងពីភាពរឹងមាំរបស់កម្ពុជាក្នុងភាពជាម្ចាស់ ដែលឈានដល់ការកាត់បន្ថយការខ្ចីពីក្រៅប្រទេស។



អត្ថបទទាក់ទង


«ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានពង្រឹងឱ្យកាន់តែមាំមួនឡើងនូវភាពជាម្ចាស់ និងតួនាទីរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការទទួលខុសត្រូវលើជោគវាសនាប្រទេសជាតិ និងបានកាត់បន្ថយការខ្ចីពីក្រៅប្រទេស»។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន ម៉ាណែត ភ្ជាប់ជាមួយនឹងការសម្រេចបាននូវការពង្រឹងឯករាជ្យ និងអធិបតេយ្យជាតិ ដែលជាសមិទ្ធផលគន្លឹះមួយ។

បើតាមសម្តេច បច្ចុប្បន្នការខ្ចីពីក្រៅប្រទេស ប្រចាំឆ្នាំមានទំហំមិនដល់២០ភាគរយនៃថវិកាជាតិសរុបនោះទេ។ ផ្ទុយទៅវិញ នៅក្នុងអតីតកាល៣០ឆ្នាំមុន ចំណូលក្នុងស្រុកដែលកម្ពុជារកបានដោយខ្លួនឯង មានត្រឹម១ភាគ៣នៃថវិកាជាតិសរុប តែប៉ុណ្ណោះ ដែលមានន័យថា តម្រូវការប្រមាណ២ភាគ៣នៃថវិកាជាតិ ត្រូវបានដោះស្រាយដោយប្រភពធនធាន ជាជំនួយហិរញ្ញវត្ថុពីក្រៅប្រទេស។

កន្លងមក សម្តេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា កម្ពុជាមិនបាត់បង់អធិបតេយ្យភាព ឬ ជំពាក់បំណុលគេវ័ណ្ឌក ពីការខ្ចីលុយបរទេសមកអភិវឌ្ឍន៍ប្រទេសជាតិនោះឡើយ ហើយការខ្ចីបរទេស គឺយកមកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីបម្រើឱ្យប្រយោជន៍សេដ្ឋកិច្ចជាតិប្រកបដោយការទទួលខុសត្រូវ។

យោងតាមសន្និធិបំណុលសាធារណៈដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមឆមាសទី១ឆ្នាំ២០២៣ កម្ពុជាជំពាក់បំណុលបរទេសចំនួន ១០,៦៧ពាន់លានដុល្លារ។ រហូតដល់ដំណាច់ឆ្នាំនេះ បំណុលក្រៅបរទេសកម្ពុជាកើនដល់ ១១,១៩ពាន់លានដុល្លារ។

សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា កំពុងធ្វើដំណើរនៅលើវិថី នៃគន្លងឆ្ពោះទៅរកស្តង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ ដែលរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រដ្ឋាភិបាលនៅឆ្នាំ២០៣០ ក្នុងឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្នុងឋានៈជាប្រទេសមានចំណូលខ្ពស់។

បើតាមប្រមុខរដ្ឋាភិបាល ការងារកែទម្រង់ អាចសម្រេចជោគជ័យបាន លុះត្រាតែមានកិច្ចសហការល្អក្នុងចំណោមគ្រប់តួអង្គអនុវត្តពាក់ព័ន្ធទាំងអស់ ជាពិសេស ស្ថាប័នផ្ទាល់។ ការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈធ្វើឡើង ដើម្បីធានាឱ្យស្ថាប័នទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ បំពេញតួនាទីឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ដើម្បីការបម្រើសេវាជូនប្រជាពលរដ្ឋ និងរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា៕



© រក្សាសិទ្ធិដោយ thmeythmey.com