អន្តរជាតិ
អូស្ត្រាលី នឹងស្នើចិនលើករបាំងពាណិជ្ជកម្មដែលសេសសល់
14, Feb 2024 , 11:59 am        
រូបភាព
រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី Don Farrell និយាយនៅថ្ងៃទី១៣ ខែកុម្ភៈ ថា លោកនឹងជួបសមភាគីចិននៅក្នុងសន្និសីទអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុង អាប៊ុយដាប៊ីក្នុងខែនេះ ហើយជំរុញឱ្យមានការដកការរឹតបន្តឹងលើការនាំចូលស្រា បង្កង និង សាច់របស់អូស្ត្រាលី។

 
ប្រាប់សាជីវកម្មផ្សព្វផ្សាយអូស្ត្រាលី ABC លោក Don Farrell បញ្ជាក់ថា លោកនឹងពិភាក្សា ជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មចិន Wang Wentao អំពីការបន្ធូរបន្ថយពន្ធលើការនាំចូលស្រា បង្កង និងសាច់របស់អូស្ត្រាលី និងព្រមទាំងការព្យួរទោសប្រហារជីវិតលើអ្នកនិពន្ធជនជាតិអូស្ត្រាលីលោក Yang Hengjun ។
 
បើតាមលោក Farrell រដ្ឋាភិបាលអូស្ត្រាលីរន្ធត់ចិត្តចំពោះការចោទប្រកាន់ និងការកាត់ទោសជុំវិញបទចារកម្មសម្រាប់លោក Yang ប៉ុន្តែលោកសម្គាល់ថា កត្តានេះ មិនគួរធ្វើឱ្យ ខូចដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើយ។
 
«រដ្ឋាភិបាលអូស្ត្រាលីនៅតែបន្តដាក់សម្ពាធឱ្យដកចេញនូវរាល់ឧបសគ្គពាណិជ្ជកម្មដែលនៅសេសសល់ដែលប៉ះពាល់ដល់ការនាំចេញរបស់អូស្ត្រាលីទៅកាន់ចិន»។ លោក Farrell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបែបនេះរួចបន្តថា លោកទន្ទឹងរង់ចាំការបន្តកិច្ច សន្ទនាក្នុងន័យស្ថាបនាជាមួយសមភាគីចិនក្នុងខែនេះ។
 
កន្លងមក ទីក្រុងប៉េកាំងបានដកចេញរបាំងពាណិជ្ជកម្មភាគច្រើនដែលខ្លួនដាក់លើទំនិញអូស្ត្រាលី បន្ទាប់ពីទីក្រុងកង់បេរ៉ាបានអំពាវនាវឱ្យមានការស៊ើបអង្កេតលើប្រភពដើមនៃជំងឺកូវីដ-១៩។ ការរឹតត្បិតនៅមានតែលើស្រា បង្កង និងសាច់សត្វមួយចំ​នួនប៉ុណ្ណោះ។
 
លោក Farrell បានប្រាប់ ABC ថា ប្រសិនបើចិនមិនដកពន្ធរបស់ខ្លួនលើស្រាអូស្ត្រាលីត្រឹម ថ្ងៃទី ៣១ ខែមីនានៅពេលដែលការពិនិត្យឡើងវិញលើការនាំចូលដោយទីក្រុងប៉េកាំងនឹង ត្រូវបញ្ចប់នោះ ទីក្រុងកង់បេរ៉ានឹងបន្តនីតិវិធីនៅ WTO។
 
កិច្ចប្រជុំ WTO នៅទីក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៩ ខែកុម្ភៈ៕

Tag:
 ចិន
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com