អន្តរជាតិ
ប៉ូលិសថៃ រឹតបន្តឹងចូលផ្ទះសំណាក់ដើម្បីការពារអនីតិជននៅថ្ងៃទី១៤ កុម្ភៈ
14, Feb 2024 , 2:41 pm        
រូបភាព
អ្នកលក់ផ្កានៅក្នុងទីក្រុងបាងកកក្នុងថ្ងៃទី១៣ ខែកុម្ភៈ។ រូបភាព AFP
អ្នកលក់ផ្កានៅក្នុងទីក្រុងបាងកកក្នុងថ្ងៃទី១៣ ខែកុម្ភៈ។ រូបភាព AFP
ប៉ូលិសថៃ បានចាត់វិធានការរឹតបន្តឹងភ្ញៀវចូលផ្ទះសំណាក់ និងក្លឹបកម្សាន្ត នៅថ្ងៃទី១៤ ខែកុម្ភៈ ដើម្បីការពារអនីតិជន និងបង្ការការរំលោភបំពានផ្លូវភេទ និងអំពើហិង្សាផ្សេងៗ។ ប៉ូលិសថៃ ក៏បានទទូចឱ្យអាណាព្យាបាលតាមដាន និងណែនាំកូនៗពីគ្រោះថ្នាក់ផ្សេងៗផង។

 
ដោយមានក្តីបារម្ភពីសុវត្ថិភាពរបស់មនុស្សវ័យជំទង់ក្នុងទិវានៃសេចក្តីស្រលាញ់ ប៉ូលិសជាតិថៃ បានបញ្ជាឱ្យទីភ្នាក់ងារទាំងអស់តាមដាន និងបង្ការឧក្រិដ្ឋកម្មផ្សេងៗលើកុមារ ជាពិសេសការរំលោភបំពានផ្លូវភេទ និងហិង្សា នៅក្នុងតំបន់មួយចំនួន។ 
 
«ដើម្បីកាត់បន្ថយហានិភ័យនៃការប្រព្រឹត្តអំពើហិង្សា, ការកាន់កាប់អាវុធខុសច្បាប់ និងការប្រណាំងរថយន្តខុសច្បាប់លើដងផ្លូវ តំបន់ត្រួតពិនិត្យលើដងផ្លូវក្បែរកន្លែងកម្សាន្ត ផ្ទះសំណាក់ និងហាងកាហ្វេ ត្រូវបានបង្កើតឡើង ក្នុងបំណងត្រួតពិនិត្យអ្នកបើកម៉ូតូ និងមនុស្សវ័យជំទង់»។ កាសែតបាងកកប៉ុស្តិ៍ បានស្រង់សម្តីលោកស្រី Chanchai Rattanapanich អ្នកនាំពាក្យរងនៃស្នងការប៉ូលិសថៃបែបនេះ នៅថ្ងៃទី១៤ ខែកុម្ភៈ។ 
 
បន្ថែមពីនេះ ប៉ូលិសថៃ បានដាក់ចេញវិធានការផ្សេងទៀត ក្នុងគោលបំណងបង្ការការបើកកន្លែងកម្សាន្តបើកលើសម៉ោងកំណត់, ការពារអតិថិជនមិនទាន់គ្រប់អាយុ, បង្ការសកម្មភាពបែបអាសអាភាស និងការប្រើប្រាស់ថ្នាំខុសច្បាប់។ ស្របគ្នានេះ ផ្ទះសំណាក់ ក៏ត្រូវបានណែនាំមិនអនុញ្ញាតឱ្យទទួលមនុស្សជាអនីតិជនដែរ។
 
ក្រៅពីចាត់វិធានការផ្សេងៗ ស្នងការប៉ូលិសថៃ បានអំពាវនាវទៅកាន់ម្តាយឪពុកឱ្យតាមដានកូនៗរបស់ខ្លួន និងប្រាប់ពួកគេពីកន្លែងមានហានិភ័យផ្សេងៗ ក៏ដូចជាណែនាំកូនៗមិនឱ្យទទួលចំណីអាហារពីអ្នកដទៃ ដែលអាចដាក់ថ្នាំសម្រើប។ តាមទិន្នន័យស្នងការប៉ូលិសថៃ បទល្មើសរំលោភបំពានផ្លូវភេទពាក់ព័ន្ធនឹងថ្នាំនេះមានដល់៣០០ករណី ចាប់តាំងពីឆ្នាំ២០២១ ដោយភាគច្រើនកើតនៅក្នុងក្រុងបាងកក។ 
 
មុនថ្ងៃទី១៤ ខែកុម្ភៈ មូលនិធិថែទាំសុខាភិបាលពាក់ព័ន្ធជំងឺអេដស៍ថៃ ក៏បានអំពាវនាវឱ្យប្រជាជនប្រើប្រាស់ស្រោមអនាម័យ ដើម្បីបង្ការជំងឺអេដស៍ និងជំងឺឆ្លងផ្សេងៗផងដែរ៕ 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com