កីឡាជាតិ
ជាតិ
កីឡាករ Esport កម្ពុជា អាចចូលប្រកួតព្រឹត្តិការណ៍ធំៗបាន ក្រោយក្លាយជាសមាជិកពេញសិទ្ធ
14, Feb 2024 , 7:59 pm        
រូបភាព
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ត្រូវបានសហព័ន្ធកីឡាអេឡិចត្រូនិកពិភពលោក ទទួលស្គាល់ជាសមាជិកពេញសិទ្ធ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ កម្ពុជា​ នឹងអាចចូលរួមព្រឹត្តការណ៍អន្តរជាតិធំៗបាន។



លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បញ្ជាក់ថា កីឡាករកម្ពុជា មានឱកាសចូលរួមប្រកួតព្រឹត្តិការណ៍អន្ដរជាតិធំៗ ចំនួន២ ជារៀងរាល់ឆ្នាំ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាអេឡិចត្រូនិកពិភពលោក (Global Esport Federation) និងសហព័ន្ធកីឡាអេឡិចត្រូនិកអន្ដរជាតិ (International Esports Federation ឬ IESF)។
  
វិញ្ញាប័ណ្ណប័ត្រសមាជិកសហព័ន្ធកីឡាអេឡិចត្រូនិកពិភពលោក

លោក លន់ សាមឌី បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា នេះគឺជាសញ្ញាវិជ្ជមានមួយ សម្រាប់អភិវឌ្ឍវិស័យកីឡាមួយនេះ ឲ្យដើរទាន់សម័យកាល ព្រោះE-sport ត្រូវដាក់បញ្ជូលក្នុងព្រឹត្តិការណ៍ប្រកួតធំៗជាច្រើន ដូចជាព្រឹត្តិការណ៍ស៊ីហ្គេម ព្រឹត្តិការណ៍កីឡាអាស៊ី និងការប្រកួតជើងឯកពិភពលោក ផងដែរ។ 
 
មុនពេលចូលជាសមាជិករបស់សហព័ន្ធកីឡាអេឡិចត្រូនិកពិភពលោក កីឡាករកម្ពុជា បានចូលរួមប្រកួតព្រឹត្តិការណ៍ធំបំផុតប្រចាំឆ្នាំតែ១ប៉ុណ្ណោះ គឺជើងឯកកីឡាអេឡិចត្រូនិកអន្ដរជាតិ (International Esport Championship) ដែលរៀបចំដោយ IESF។ អគ្គលេខាធិការកីឡាអេឡិចត្រូនិចកម្ពុជារូបនេះ បន្ថែមទៀតថា កីឡាករកម្ពុជា នឹងទទួលបទពិសោធន៍ប្រកួតលើឆាកអន្ដរជាតិថែមទៀត៕
 

Tag:
 កីឡាអេឡិចត្រូនិកកម្ពុជា
  លន់ សាមឌី
© រក្សាសិទ្ធិដោយ thmeythmey.com