ជាតិ
អាជ្ញាធរខេត្តកំពង់ធំ បញ្ជាឱ្យបង្ក្រាប និងបញ្ឈប់ដំណើរការអាជីវកម្មល្បែងស៊ីសងខុស
14, Feb 2024 , 5:59 pm        
រូបភាព
លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំពិភាក្សាលើអាជីវកម្មឆ្នោតផ្សងសំណាងឡូតូ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។ លោក រាសី បានបញ្ជាឱ្យបញ្ឈប់ដំណើរការអាជីវកម្មល្បែងស៊ីសងខុសច្បាប់ លើទឹកដីខេត្តកំពង់ធំ ចាបពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ រូបពីហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ធំ
លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំពិភាក្សាលើអាជីវកម្មឆ្នោតផ្សងសំណាងឡូតូ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។ លោក រាសី បានបញ្ជាឱ្យបញ្ឈប់ដំណើរការអាជីវកម្មល្បែងស៊ីសងខុសច្បាប់ លើទឹកដីខេត្តកំពង់ធំ ចាបពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ រូបពីហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ធំ
អាជ្ញាធរខេត្តកំពង់ធំ ត្រូវចុះបង្ក្រាប និងបញ្ឈប់ដំណើរការអាជីវកម្មល្បែងស៊ីសងខុស ចាប់ពីថ្ងៃទី១៤ កុម្ភៈនេះតទៅ។ អភិបាលរងខេត្តកំពង់ធំ លោក ងួន រាសី ចេញបញ្ជាបែបនេះ ក្នុងកិច្ចប្រជុំពិភាក្សាលើអាជីវកម្មឆ្នោតផ្សងសំណាងឡូតូ ដែលស្ថិតក្នុងភូមិសាស្ត្រខេត្ត។

 
លោក ងួន រាសី បញ្ជាឱ្យអាជ្ញាធរបញ្ឈប់ដំណើរការអាជីវកម្មល្បែងឡូតូ និងល្បែងស៊ីសងគ្រប់ប្រភេទ ដែលគ្មានច្បាប់អនុញ្ញាត។ អភិបាលខេត្តកំពង់ធំរូបនេះ ក៏បានទុកពេល៧ថ្ងៃ ឱ្យម្ចាស់អាជីកម្មឆ្នោតផ្សងសំណាងឡូតូ និងល្បែងនានា បញ្ឈប់សកម្មភាពជាបន្ទាន់។
 
«មន្ត្រីជំនាញ និងអាជ្ញាធរក្រុងស្រុក ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ម្យ៉ាងវិញទៀត មន្ត្រីជំនាញត្រូវត្រួតពិនិត្យទៅលើច្បាប់ឲ្យបានច្បាស់លាស់បើសិនជាក្រុមហ៊ុនឬទីតាំងល្បែងនោះ មានច្បាប់ហើយ យើងត្រូវតែអនុញ្ញាត»។ នេះបើតាមហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ធំ ដែលបានស្រង់សម្តីលោក ងួន រាសី។
 
លោក រាសី ក៏បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនល្បែង ដែលមានច្បាប់អនុញ្ញាតពីគណៈកម្មការគ្រប់ល្បែងពាណិជ្ជកម្មកម្ពុជា គឺអាចបើកដំណើរការបានតែមួយទីតាំងប៉ុណ្ណោះ។ ត្រង់ចំណុចនេះ អភិបាលរងខេត្តកំពង់ធំ ចង់បានន័យថា រាល់ទីតាំងផ្សេងទៀត ដែលក្រុមហ៊ុនល្បែងនោះ បានពង្រីកសាខា គឺមិនស្របច្បាប់ឡើយ។ «ប្រសិនបើមិនមានច្បាប់អនុញ្ញាតទេ សូមផ្អាកជាបន្ទាន់ ហើយមិនដូច្នោះទេ និងត្រូវកសាងសុំណុំរឿងបញ្ជូនខ្លួនទៅតុលាការ»។ លោក ងួន រាសី បន្ថែម៕
 
 
 
 
 

Tag:
 ល្បែងស៊ីសង
  ឡូតូអនឡាញ
© រក្សាសិទ្ធិដោយ thmeythmey.com