កីឡាជាតិ
ជាតិ
ការរត់បណ្ដាក់ជុំវិញពិភពលោក មុនកីឡាអូឡាំពិក នឹងត្រឡប់មកកម្ពុជា នាថ្ងៃទី១៦ កុម្ភៈ
15, Feb 2024 , 10:29 am        
រូបភាព
ក្មេងៗចូលរួមរត់បណ្ដា់ជុំវិញពិភពលោក ជុំទី២ នៅកម្ពុជា
ក្មេងៗចូលរួមរត់បណ្ដា់ជុំវិញពិភពលោក ជុំទី២ នៅកម្ពុជា
នៅសល់១៦២ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃបើកការប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉ារីស ប្រទេសបារាំង។ នៅថ្ងៃទី១៦ ខែកុម្ភៈ ​ការរត់បណ្ដាក់ជុំវិញពិភពលោក មុនព្រឹត្តិការណ៍កីឡា​អូឡាំពិក នឹងមកដល់កម្ពុជាសាជាថ្មី ដែលជាជុំទី៣ បន្ទាប់ពីការរត់ជុំទី២ ​នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ មនុស្សប្រមាណ​ ២០០នាក់ នឹងចូលរួមព្រឹត្តិការណ៍រត់បណ្ដាក់នេះ។



កម្ពុជាធ្លាប់ព្រឹត្តិការណ៍រត់បណ្ដាក់នេះចំនួន២លើក គឺលើកទី១ ក្នុងអំឡុងឆ្នាំ២០២២ និងលើកទី២ ៥០០ថ្ងៃ មុនដល់ព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២៤ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ ការរត់បណ្ដាក់នេះ បានឆ្លងកាត់ប្រទេស លើបណ្ដាទ្វីបទាំង៥ នៅលើពិភពលោក។ ថ្ងៃទី១៦ ខែកុម្ភៈ គឺជាពេលវេលា នៃការរត់បណ្ដាក់ជុំទី៣។
 
លោក វ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងស្ថានទូតបារាំង នឹងរៀបចំការរត់បណ្តាក់ជុំវិញពិភពលោក ក្នុងក្របខណ្ឌនៃការរត់ជាលើកទី៣។ 
 
យោងតាមទំព័រហ្វេសប៊ុកស្ថានទូតបារាំងនៅកម្ពុជា មនុស្សជាង ២០០នាក់នឹងចូលរួមក្នុងព្រឹត្តិការណ៍រត់បណ្ដាក់នេះ ដើម្បីលើកស្ទួយតម្លៃនៃសមភាព និងបរិយាប័ន្នក្នុងវិស័យកីឡា។ 
 
គួរបញ្ជាក់​ដែរថា ការបើកការប្រកួតកីឡាអូឡាំពិក លើកទី៣៣ នឹងចាប់ផ្ដើម​ជាផ្លូវការ ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ និងកីឡាប៉ារ៉ាឡាំពិក លើកទី១៧ ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង៕

Tag:
 កីឡាអូឡាំពិក
  ប៉ារ៉ាឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com