អន្តរជាតិ
លោក ប្រាបូវ៉ូ សន្យាធ្វើជាប្រធានាធិបតីសម្រាប់ប្រជាជនទាំងអស់ ក្រោយលទ្ធផលនាំមុខខ្លាំង
15, Feb 2024 , 1:59 pm        
រូបភាព
លោក Prabowo Subianto បេក្ខជនប្រធានាធិបតីឥណ្ឌូណេស៊ី (ស្តាំ) និងលោកGibran Rakabuming Raka កូនប្រុសលោកវីដូដូ និងជាបេក្ខជនអនុប្រធានាធិបតី នៅក្រុងហ្សាការតា ក្នុងថ្ងៃទី១៤ ខែកុម្ភៈ។ រូបភាព AFP
លោក Prabowo Subianto បេក្ខជនប្រធានាធិបតីឥណ្ឌូណេស៊ី (ស្តាំ) និងលោកGibran Rakabuming Raka កូនប្រុសលោកវីដូដូ និងជាបេក្ខជនអនុប្រធានាធិបតី នៅក្រុងហ្សាការតា ក្នុងថ្ងៃទី១៤ ខែកុម្ភៈ។ រូបភាព AFP
លោក ប្រាបូវ៉ូ សីប៊ីយ៉ាន់តូ (Prabowo Subianto) បេក្ខជនប្រធានាធិបតីឥណ្ឌូណេស៊ី បានសន្យាធ្វើជាប្រធានាធិបតីរបស់ប្រជាជនខ្លួនទាំងអស់ ដោយមិនរើសអើងសាសនា ឬជាតិសាសន៍ឡើយ ស្របពេលលទ្ធផលមិនផ្លូវការបង្ហាញថា លោក មានសំឡេងឆ្នោតគាំទ្រនាំមុខបេក្ខជនប្រធានាធិបតី ២នាក់ទៀតដ៏លើសលុប។

 
ពេលនេះ ឥណ្ឌូណេស៊ី កំពុងបន្តរាប់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី១៤ ខែកុម្ភៈ បន្តពីលោក ចូកូ វីដូដូ។ ក្នុងសំឡេងនាំមុខបេក្ខជនប្រធានាធិបតីផ្សេងទៀតដ៏ច្រើនលើសលុប លោក ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ បានប្រកាសពីជ័យជម្នះរបស់ខ្លួន បើទោះការរាប់សន្លឹកឆ្នោតមិនទាន់បញ្ចប់។ 
 
«យើងពេញចិត្តចំពោះលទ្ធផលរាប់សន្លឹកឆ្នោតរហ័សពីទីភ្នាក់ងារទាំងអស់ ដែលបង្ហាញពីភាពជោគជ័យសម្រាប់សម្ព័ន្ធ ប្រាបូវ៉ូ និង Gibran»។ លោក ប្រាបូវ៉ូ  ដែលជារដ្ឋមន្រ្តីការពារជាតិផងនោះ បានបញ្ជាក់បែបនេះ នៅកីឡាដ្ឋានមួយក្នុងក្រុងហ្សាការតា នៅយប់ថ្ងៃទី១៤ ខែកុម្ភៈ ដោយសំដៅដៃគូបេក្ខជនអនុប្រធានាធិបតី Gibran Rakabuming Raka។
 
ដោយមានសំឡេងនាំមុខបែបនេះ អតីតមេបញ្ជាការកងកម្លាំងពិសេសឥណ្ឌូណេស៊ី បានសន្យាប្រាប់អ្នកគាំទ្រថា ខ្លួននឹងធ្វើជាប្រធានាធិបតីសម្រាប់ប្រជាជនឥណ្ឌូណេស៊ីគ្រប់ជាតិសាសន៍ និងគ្រប់សាសនា ដោយគ្មានការរើសអើង។ 
 
«យើងនឹងធ្វើជាប្រធានាធិបតី និងអនុប្រធានាធិបតីសម្រាប់ប្រជាជនឥណ្ឌូណេស៊ីទាំងអស់»។ លោក Prabowo បានប្តេជ្ញាបែបនេះ ដោយមានវត្តមានលោក Gibran កូនប្រុសលោកវីដូដូ ផង។ ការប្រកាសបែបនេះ បានធ្វើឱ្យអ្នកគាំទ្រទះដៃសាទរយ៉ាងកងរំពង។ 
 
ក្នុងការរាប់សន្លឹកឆ្នោតរហ័ស ដៃគូ ប្រាបូវ៉ូ និង Gibran ទទួលបានសន្លឹកឆ្នោតគាំទ្រចន្លោះពី៥៦ភាគរយ ទៅជាង ៦០ភាគរយ។ ចំណែកលោក Anies Baswedan ទទួលបានជាង ២០ភាគរយ និងលោក Ganjar Pranowo ជាង ១០ភាគរយ។ 
 
ខណៈលោកPrabowo ប្រកាសជ័យជម្នះមុន លោក Anies និងលោក Ganjar អំពាវនាវឱ្យសាធារណៈរង់ចាំលទ្ធផលផ្លូវការសិន ដែលអាចរំពឹងប្រកាសនៅថ្ងៃទី២០ ខែមីនា។ 
 
ក្នុងការបោះឆ្នោតឥណ្ឌូណេស៊ី បេក្ខជនប្រធានាធិបតីត្រូវតែទទួលបានសំឡេងគាំទ្រលើសពី៥០ភាគរយ និងទទួលបានសំឡេងគាំទ្រយ៉ាងហោចណាស់២០ភាគរយ ពីខេត្តចំនួនពាក់កណ្តាលនៃខេត្តសរុប ដើម្បីឈ្នះការបោះឆ្នោតនៅជុំទីមួយ។ បើមិនដូច្នោះទេ ការបោះឆ្នោតនឹងឈានដល់ជុំចុងក្រោយ ដែលមានត្រឹមបេក្ខជនចំនួន ២រូបមានសំឡេងគាំទ្រច្រើនជាងគេប៉ុណ្ណោះ៕

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com