ជាតិ
​​​ន​យោ​បាយ​ជាតិ​
សភានឹងប្រជុំដើម្បីផ្តល់សេចក្តីទុកចិត្តតែងតាំងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី
15, Feb 2024 , 2:14 pm        
រូបភាព
លោក ហ៊ុន ម៉ានី លោក ស្រ៊ី ថាមរុង្គ និងលោក ប៉ែន វិបុល
លោក ហ៊ុន ម៉ានី លោក ស្រ៊ី ថាមរុង្គ និងលោក ប៉ែន វិបុល
សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញលើកទី១ នឹងធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី, លោក ស្រ៊ី ថាមរុង្គ និងលោក ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។



ការអនុម័តកោះប្រជុំរដ្ឋសភាវិសាមញ្ញ ត្រូវបានធ្វើឡើងនាកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ក្រោមការដឹកនាំរបស់សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា។

កិច្ចប្រជុំនាថ្ងៃទី២១ ខែកុម្ភៈ មានរបៀបវារៈតែមួយគត់ គឺការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល។ លោក ហ៊ុន ម៉ានី បច្ចុប្បន្នជារដ្ឋមន្ត្រីមុខងារសារធារណៈ នឹងត្រូវបានផ្តល់សេចក្តីទុកចិត្តតែងតាំងជាឧបនាយករដ្ឋមន្ត្រី។

ជាមួយនេះ រដ្ឋសភា មានសម័យប្រជុំជាវិសាមញ្ញមួយទៀតនាព្រឹកថ្ងៃទី១ ខែមីនា ដើម្បីធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតំាងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចំនួន ២រូប ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៧ ក្នុងចំណោមបេក្ខជនសរុបចំនួន ៥រូប ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បានដាក់ពាក្យស្នើសុំជាបេក្ខជន។

លោក ហ៊ុន ម៉ានី នឹងក្លាយជារដ្ឋមន្ត្រីទី១១ ដែលមានឋានៈជាឧបនាយករដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត។ ឧបនាយករដ្ឋមន្ត្រី១០រូបនាពេលបច្ចុប្បន្ន មាន លោក នេត សាវឿន, លោក អូន ព័ន្ធមុនីរ័ត្ន, លោក សុខ ចិន្តាសោភា, លោក វង្សី វិសុទ្ធ, លោក កើត រិទ្ធ, លោក សាយ សំអាល់, លោក ទៀ សីហា, លោក ស សុខា, លោក ហង់ ជួនណារ៉ុន, លោក ស៊ុន ចាន់ថុល។

រីឯលោក ស្រ៊ី ថាមរុង្គ និងលោក ប៉ែន វិបុល នឹងក្លាយជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ដែលបច្ចុប្បន្នមាន២១រូបរួចហើយ គឺលោក កែវ រ៉េមី, លោក ឈាង យ៉ាណារ៉ា, លោក លី ធុច, លោក ស្វាយ ស៊ីថា, លោក អូស្មាន ហាស្សាន់, លោក ព្រុំ សុខា, លោក អៀង មូលី, លោក អ៊ុក រ៉ាប៊ុន, លោក គន់ គីម, លោក ហូ សិទ្ធី, លោក ឱម យ៉ិនទៀង, លោក ថោង ខុន, លោក សក់ សេដ្ឋា, លោក អ៊ុក ប្រាថ្នា, លោក ឆៃ ស៊ីណារិទ្ធ, លោក ឆែម គាតរិទ្ធី, លោក សុក ស៊ីផាន់ណា, លោក គី តិច, លោក អ៊ី ឈាន, លោក អ៊ុច បូររិទ្ធ, លោក ពេជ សោភ័ន៕




© រក្សាសិទ្ធិដោយ thmeythmey.com