អន្តរជាតិ
លោកពូទីន ប្រាថ្នាចង់ឱ្យលោកបៃឌិនជាប្រធានាធិបតីអាម៉េរិកនៅអាណត្តិបន្ទាប់
15, Feb 2024 , 7:29 pm        
រូបភាព
លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី (ឆ្វេង) និងសមភាគីអាម៉េរិក លោក ចូ បៃឌិន។ រូបភាព Xinhua
លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី (ឆ្វេង) និងសមភាគីអាម៉េរិក លោក ចូ បៃឌិន។ រូបភាព Xinhua
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១៤ ខែកុម្ភៈ បានបញ្ជាក់ថា លោកចង់ឃើញប្រធានាធិបតីអាម៉េរិក លោកចូ បៃឌិន បន្តជាមេដឹកនាំនៅអាណត្តិបន្ទាប់ ជាជាងលោកដូណាល់ ត្រាំ។ បើតាមលោកពូទីន លោកបៃឌិន មានបទពិសោធន៍ច្រើន និងជាអ្នកនយោបាយមានភាពចាស់ទុំ។

 
នៅក្នុងកិច្ចសម្ភាសន៍មួយនៅថ្ងៃទី១៤ ខែកុម្ភៈ អ្នកសារព័ត៌មាន លោក Pavel Zarubin បានសួរលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ពាក់ព័ន្ធនឹងការជ្រើសរើសលោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក មកពីបក្សប្រជាធិបតេយ្យ ឬលោកដូណាល់ ត្រាំ មកពីបក្សសាធារណរដ្ឋ។ 
 
«លោកបៃឌិន។ គាត់មានបទពិសោធន៍ច្រើន, ជាបុគ្គលអាចវាយតម្លៃទុកមុនបាន និងជាអ្នកនយោបាយមានភាពចាស់ទុំ»។ លោកពូទីន បានឆ្លើយសំណួរដោយមិនស្ទាក់ស្ទើរបែបនេះ។ ក្នុងទឹកមុខញញឹមតិចៗ មេដឹកនាំដ៏មានឥទ្ធិពលរុស្ស៊ី ក៏បញ្ជាក់ផងដែរថា រដ្ឋាភិបាលក្រុងមូស្គូ មានគោលបំណងធ្វើការជាមួយប្រធានាធិបតីអាម៉េរិកទាំងអស់ ដែលប្រជាជនអាម៉េរិក មានទំនុកចិត្តលើ និងបោះឆ្នោតគាំទ្រ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ការថ្លែងរបស់លោកពូទីនខាងលើ ជាការប្រកាសលើកដំបូងរបស់មេដឹកនាំរុស្ស៊ី លើការបោះឆ្នោតប្រធានាធិបតីអាម៉េរិកឆ្នាំ២០២៤។ ការបោះឆ្នោតប្រធានាធិបតីអាម៉េរិក នឹងធ្វើឡើងនៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ។ ចំណែករុស្ស៊ី ក៏រៀបចំការបោះឆ្នោតនៅក្នុងខែមីនា ក្នុងឆ្នាំនេះផងដែរ ដោយលោកពូទីន មានភាគរយខ្ពស់ខ្លាំងបំផុត ក្នុងការបន្តជាមេដឹកនាំនៅអាណត្តិបន្ទាប់។ 
 
ការបញ្ជាក់របស់លោកពូទីនខាងលើ ធ្វើឡើងស្របពេលទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងមូស្គូ បានធ្លាក់ចុះទាបបំផុត ចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែននៅក្នុងឆ្នាំ២០២២ មក។ 
 
ដោយសម្រាប់លោកត្រាំវិញ លោកពូទីន បានយល់ឃើញថាជាអ្នកនយោបាយមិនគោរពតាមគោលការណ៍ ហើយតែងយកទស្សនៈរបស់ខ្លួនមើលពីរបៀបដែលអាម៉េរិកគួររៀបចំទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តថែមទៀត។ មកទល់ពេលនេះ លោកពូទីនមានវ័យ ៧១ឆ្នាំហើយ ដោយមានអាយុប្អូនលោកបៃឌិន ១ទសវត្សរ៍ និងប្អូនលោកត្រាំ ៦ឆ្នាំ។ 
 
គួររម្លឹកថា របាយការណ៍របស់គណៈកម្មាធិការចារកិច្ចរបស់ព្រឹទ្ធសភាអាម៉េរិកក្នុងឆ្នាំ២០២០ បានរកឃើញថា រុស្ស៊ីបានព្យាយាមជ្រៀតជ្រែកការបោះឆ្នោតប្រធានាធិបតីអាម៉េរិកក្នុងឆ្នាំ២០១៦ ដើម្បីជួយលោកត្រាំឱ្យឈ្នះលោកស្រី Hillary Clinton៕

Tag:
 រុស្ស៊ី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com