អន្តរជាតិ
បោះឆ្នោតឥណ្ឌូណេស៊ី៖ លោកវីដូដូ អបអរលោកប្រាបូវ៉ូ ក្រោយលទ្ធផលក្រៅផ្លូវការបញ្ជាក់ថាឈ្នះ
15, Feb 2024 , 8:35 pm        
រូបភាព
លោក ចូកូ វីដូដូ ប្រធានាធិបតីផុតអាណត្តិឥណ្ឌូណេស៊ី។ រូបភាព AFP
លោក ចូកូ វីដូដូ ប្រធានាធិបតីផុតអាណត្តិឥណ្ឌូណេស៊ី។ រូបភាព AFP
លោកប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ នៅថ្ងៃទី១៥ ខែកុម្ភៈ បានអបអរលោក ប្រាបូវ៉ូ សីប៊ីយ៉ាន់តូ បន្ទាប់ពីការរាប់សន្លឹកឆ្នោតក្រៅផ្លូវការបានបង្ហាញថា លោក រដ្ឋមន្រ្តីការពារជាតិរូបនេះ បានឈ្នះការបោះឆ្នោតប្រធានាធិបតីនៅជុំទីមួយ។

 
បើទោះមិនទាន់មានលទ្ធផលផ្លូវការ ប៉ុន្តែការរាប់សន្លឹកឆ្នោតរហ័សដោយស្ថាប័នស្រង់មតិឯករាជ្យ បានបង្ហាញថា លោក ប្រាបូវ៉ូ សីប៊ីយ៉ាន់តូ ទទួលបានសំឡេងគាំទ្រជិត ៦០ភាគរយ ខណៈដៃគូប្រជែងលោក Anies Baswedan ទទួលបានការគាំទ្រជាង ២០ភាគរយ និងលោក Ganjar Pranowo ទទួលបានជាង ១០ភាគរយ។ 
 
ក្រោយទទួលបានសំឡេងដ៏ច្រើនលើសលុបបែបនេះ លោកប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានអបអរសាទរលោក ប្រាបូវ៉ូ ដោយផ្ទាល់តែម្តង។ 
 
«ខ្ញុំបានធ្វើ ក្នុងលក្ខណៈជួបផ្ទាល់នៅយប់ថ្ងៃទី១៤ ខែកុម្ភៈ»។ លោកវីដូដូ បានតបបែបនេះ នឹងសំណួររបស់អ្នកសារព័ត៌មាន ដែលបានសួរពាក់ព័ន្ធនឹងការបោះឆ្នោត។ កូនប្រុសច្បងរបស់លោកវីដូដូ Gibran Rakabuming Raka ដែលជាបេក្ខជនអនុប្រធានាធិបតី ត្រូវបានរំពឹងថា នឹងកាន់តំណែងដ៏សំខាន់មួយនេះ ក្នុងវ័យក្មេងជាងគេបំផុតនៃប្រវត្ថិសាស្រ្តឥណ្ឌូណេស៊ី។ លោក Gibran មានវ័យត្រឹម ៣៦ឆ្នាំប៉ុណ្ណោះ។ 
 
ក្នុងពិធីជួបជុំនៅកីឡាដ្ឋានក្នុងក្រុងហ្សាការតា នៅថ្ងៃទី១៤ ខែកុម្ភៈ រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ីរូបនេះ បានប្រកាសពីជ័យជម្នះរបស់ខ្លួនរួចទៅហើយ បើទោះមិនទាន់មានលទ្ធផលផ្លូវការ។ 
 
ក្នុងការបោះឆ្នោតនេះ អ្នកនាំពាក្យដៃគូប្រជែងរបស់លោកប្រាបូវ៉ូទាំងពីរ បានចោទថា ពួកគេនឹងបើកការស៊ើបអង្កេតលើការបន្លំសន្លឹកឆ្នោតជាប្រព័ន្ធ និងទ្រង់ទ្រាយធំ។ យ៉ាងណាមិញអ្នកនាំពាក្យទាំងនោះ មិនបានផ្តល់ព័ស្តុតាងឡើយ។ ចំណែក លោក Anies Baswedan ទទូចឱ្យរង់ចាំលទ្ធផលក្រៅផ្លូវការ។
 
ស្របគ្នានេះ ក្រសួងការបរទេសអាម៉េរិក បានប្រកាសថា ការបោះឆ្នោតនៅឥណ្ឌូណេស៊ីជាមរតកនៃការប្តេជ្ញារបស់ប្រជាជនឥណ្ឌូណេស៊ីចំពោះដំណើរការប្រជាធិបតេយ្យ និងប្រព័ន្ធបោះឆ្នោត។ 
 
បន្ថែមពីនេះ នាយករដ្ឋមន្រ្តីសិង្ហបុរី លោកលី សៀនឡុង ក៏បានចេញមុខអបអរលោកប្រាបូវ៉ូ ដែលមានសំឡេងនាំមុខក្នុងការបោះឆ្នោតផងដែរ។ ភាគីទាំងពីរបានជជែកពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី៕ 

Tag:
 ឥណ្ឌូណេស៊ី
  ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com