អន្តរជាតិ
កូរ៉េខាងជើងដាក់លក្ខខណ្ឌដល់នាយករដ្ឋមន្រ្តីជប៉ុន បើចង់ធ្វើទស្សនកិច្ចនៅប្រទេសខ្លួន
16, Feb 2024 , 7:29 pm        
រូបភាព
លោកស្រី Kim Yo Jong អនុប្រធាននាយកដ្ឋាននៃគណៈកម្មាធិការមជ្ឈិមនៃបក្សពលករកូរ៉េខាងជើង (ស្តាំ) និងលោកយ៉ូស៊ីម៉ាសា ហាយ៉ាស៊ី ប្រធានលេខាធិការគណៈរដ្ឋមន្រ្តីជប៉ុន។ រូបភាព AFP
លោកស្រី Kim Yo Jong អនុប្រធាននាយកដ្ឋាននៃគណៈកម្មាធិការមជ្ឈិមនៃបក្សពលករកូរ៉េខាងជើង (ស្តាំ) និងលោកយ៉ូស៊ីម៉ាសា ហាយ៉ាស៊ី ប្រធានលេខាធិការគណៈរដ្ឋមន្រ្តីជប៉ុន។ រូបភាព AFP
លោកស្រី Kim Yo Jong អនុប្រធាននាយកដ្ឋាននៃគណៈកម្មាធិការមជ្ឈិមនៃបក្សពលករកូរ៉េខាងជើង និងជាប្អូនស្រីលោកគីម ជុងអ៊ុន នៅថ្ងៃទី១៥ ខែកុម្ភៈ បានដាក់លក្ខខណ្ឌសម្រាប់លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន បើចង់បំពេញទស្សនកិច្ចនៅក្រុងព្យុងយ៉ាង។ លក្ខខណ្ឌរបស់លោកស្រី Kim មានដូចជា ជប៉ុនត្រូវតែបោះបង់ការចោទប្រកាន់​ ពាក់ព័ន្ធការការពារខ្លួនរបស់កូរ៉េខាងជើង, មិនលើកឡើងពីបញ្ហាចាប់ជំរិត និងការកែលម្អទំនាក់ទំនងទ្វេភាគីជាដើម។

 
នៅសប្តាហ៍មុន នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានថ្លែងពីការស្វះស្វែងរកការផ្លាស់ប្តូរទំនាក់ទំនងរវាងក្រុងព្យុងយ៉ាង និងក្រុងតូក្យូ ហើយលោកក៏កំពុងធ្វើសកម្មភាពពាក់ព័ន្ធមួយចំនួនផងដែរ។
 
ឆ្លើយតបនឹងការលើកឡើងរបស់មេដឹកនាំជប៉ុន លោកស្រី Kim Yo Jong អនុប្រធាននាយកដ្ឋាននៃគណៈកម្មាធិការមជ្ឈិមនៃបក្សពលករកូរ៉េខាងជើង បានចាត់ទុកពាក្យសម្តីនោះ ជាចំណុចវិជ្ជមានមួយ។
 
«ប្រសិនបើជប៉ុនបោះបង់ទម្លាប់ចោទប្រកាន់កូរ៉េខាងជើងដោយគ្មានហេតុផលទាក់ទងនឹងការការពារខ្លួន, មិនបន្តលើកឡើងពីបញ្ហាចាប់ជំរិតនៅពេលអនាគត សម្រាប់កែលម្អទំនាក់ទំនងទ្វេភាគី វាគ្មានហេតុផលប្រទេសទាំងពីរមិនអាចជិតស្និទ្ធ និងថ្ងៃលោកនាយករដ្ឋមន្រ្តីបំពេញទស្សនកិច្ចនៅក្រុងព្យុងយ៉ាងឡើយ»។ ប្អូនស្រីលោកគីម ជុងអ៊ុន បានបន្លុយបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយលើទីភ្នាក់ងារព័ត៌មាន KCNA នៅថ្ងៃទី១៥ ខែកុម្ភៈ។ 
 
ទន្ទឹមនេះ លោកស្រី Kim បានបន្តយល់ឃើញថា ជប៉ុនតែងដាក់ប្រធានបទការចាប់ជំរិត ជាបុរេលក្ខខណ្ឌជានិច្ច បើទោះបញ្ហានោះត្រូវបានដោះស្រាយរួចរាល់ក៏ដោយ។ ត្រង់ចំណុចនេះ ប្អូនស្រីលោកគីម បានយល់ឃើញថា ទំនាក់ទំនងជប៉ុន និងកូរ៉េខាងជើង បានធ្លាក់ចុះទាបយ៉ាងខ្លាំង។ 
 
កន្លងមក ជប៉ុន បានអះអាងថា កូរ៉េខាងជើងបានចាប់ខ្លួនប្រជាជនខ្លួន ១៧នាក់ នៅក្នុងអំឡុងឆ្នាំ១៩៧០ និងឆ្នាំ១៩៨០ ដើម្បីបណ្តុះបណ្តាលធ្វើជាចារកិច្ចរបស់កូរ៉េខាងជើង។ 
 
ក្រោយសេចក្តីថ្លែងការណ៍របស់លោកស្រីគីម លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី ប្រធានលេខាធិការគណៈរដ្ឋមន្រ្តីជប៉ុន បានតបថា រដ្ឋាភិបាលក្រុងតូក្យូ កំពុងយកចិត្តទុកដាក់លើសេចក្តីថ្លែងការណ៍របស់ អនុប្រធាននាយកដ្ឋាននៃគណៈកម្មាធិការមជ្ឈិមនៃបក្សពលករកូរ៉េខាងជើង។ បើតាមមន្រ្តីជប៉ុនរូបនេះ រដ្ឋាភិបាលក្រុងតូក្យូ មិនទទួលស្គាល់ឡើយថា បញ្ហាចាប់ជំរិតប្រជាជនជប៉ុន ត្រូវបានដោះស្រាយរួចរាល់ហើយ។ 
 
គួររម្លឹកថា នាយករដ្ឋមន្រ្តីជប៉ុន ក៏ធ្លាប់បំពេញទស្សនកិច្ចនៅកូរ៉េខាងជើងដែរ ក្នុងឆ្នាំ២០០២ ដែលទស្សនកិច្ចនោះត្រូវបានចាត់ទុកជាប្រវត្តិសាស្រ្តរបស់ប្រទេសទាំងពីរ។ កាលនោះ លោក Junichiro Koizumi នាយករដ្ឋមន្រ្តីជប៉ុន បានបំពេញទស្សនកិច្ចនៅក្រុងព្យុងយ៉ាងជាលើកដំបូង៕ 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com