កីឡាជាតិ
ជាតិ
ទុកមនោសញ្ចេតនាមួយឡែក! សំ សាន់ ថានឹងប្រឹងប្រែង​នាជំនួបជាមួយអង្គរថាយហ្គឺរ ​
16, Feb 2024 , 7:59 pm        
រូបភាព
កីឡាករ សំ សាន់ រូបពី Cambodian Premier League
កីឡាករ សំ សាន់ រូបពី Cambodian Premier League
អង្គរថាយហ្គឺរ នឹង​ស្វាគមន៍ គិរីវង់សុខសែនជ័យនៅម៉ោង៣:៤៥នាទីរសៀល ថ្ងៃទី១៧ ​កុម្ភៈ​នេះ នៅកីឡដ្ឋានហុនមាន។ ក្នុងក្របខណ្ឌខ្ចីជើង នារដូវកាល២០២៣-២០២៤កីឡា​ករ សំ សាន់ ខ្សែការពារបឹងកេត ដែល​​បាន​ចូលរួមជាមួយគិរីវង់សុខសែនជ័យ ថានឹង​មិន​​បន្ធូរជើងក្នុងជំនួបជាមួយ អង្គរថាយហ្គឺរឡើយ។ កីឡាកររូបនេះ ធ្លាប់បាន​ចូលរួម​ជាមួយ អង្គរ​ថាយហ្គឺរ
កាលពីរដូវកាលមុន។ ខ្សែការពាររូបនេះ បាននិយាយថា គ្រប់ការប្រកួតរូបគេមិនគិតពីមនោសញ្ចេតនាទេមាន​តែ​​ការប្រឹងប្រែងអស់ពីសមត្ថភាព និងលេងប្រកបដោយសីលធម៌ក្នុងនាមជាកីឡាករ​អា​ជីព។

 
ការប្រកួតលីគកំពូលកម្ពុជា(Cambodian Premier League) បានឈានចូលមកដល់ សប្ដាហ៍ទី២១ហើយ រវាងអង្គរថាយហ្គឺរ និងគិរីវង់សុខសែនជ័យ។  នាថ្ងៃទី១៧ ខែកុម្ភៈនេះ ក៏ជំនួបលើកទី៣ ក្នុងលីគនារដូវលកាលនេះដែរ។  ជំនួប២លើកមុននោះ គិរីវង់សុខ​សែន​ជ័យមិនធ្លាប់ឈ្នះឡើយ ដោយចាញ់អង្គរថាយហ្គឺរក្នុងលទ្ធផល២-០ កាលពីថ្ងៃទី១៩ ខែ​សីហា ឆ្នាំ២០២៣ និងលើកទី២ ចាញ់លទ្ធផល៣-១ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣។
 
ដោយឡែក សំ សាន់ដែលកំពុងលេងឲ្យគិរីវង់សុខសែនជ័យ ក៏ធ្លាប់ជាខ្សែការពារអង្គរ​ថាយ​ហ្គឺរកាលពីរដូវកាលមុន ក្នុងក្របខណ្ឌខ្ចីជើងពីបឹងកេត។ ខ្សែការពាររូបនេះ បាន​ប្រាប់​សារព័ត៌មានថ្មីៗតាមប្រព័ន្ធ Messengerថា ខ្លួននឹងប្រឹងអស់ពីសមត្ថភាព ​មិនគិត ពីមនោសញ្ចេតនាចំពោះក្លិបដែលធ្លាប់ចូលរួមឡើយ។
 
សំ សាន់ បន្តទៀតថា រូបគេចង់ បង្ហាញ​ទម្រង់លេងឲ្យកាន់តែល្អឡើង នៅរៀងរាល់ការប្រកួត។ «ខ្ញុំនឹងលេង១០០ភាគរយ បើទោះជាក្លិបអង្គរថាយហ្គឺរជាក្លិបនៅក្នុងស្រុកកំណើតខ្ញុំផ្ទាល់។ ខ្ញុំនឹងជួយក្លិបដែលខ្ញុំ លេងរាល់ថ្ងៃឲ្យឈ្នះសិន។
 
រឿងផ្សេង ខ្ញុំទុកមួយឡែកសិន។»។ សំ សាន់ បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះ។
 
​ទោះបីស្ថិតក្នុងក្របខណ្ឌខ្ចីជើងពីក្លិបបឹងកេត ខ្សែការពាររូបនេះមានសុទិដ្ឋិនិយមថា ការណ៍​ដែលក្លិបបឹងកេត ឱ្យខ្លួនមកចូលរួមជាក្លិបផ្សេងក្នុងលីគកំពូល ព្រោះចង់ឱ្យខ្លួនមាន​ឱកាស​បង្កើនសមត្ថភាព ​ ហើយ​យកបទពិសោធន៍នេះ ទៅចូលរួម​ជាមួយបឹងកេតវិញ នៅ​ពេលចប់កុងត្រាខ្ចីជើងនេះ។
 
ក្នុងសប្ដាហ៍ទី២១ ដដែលនេះចូលមកដល់ថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ វេលាម៉ោង ៣:៤៥ រសៀល ព្រៃវែង ត្រូវប្រកួត បឹងកេតនៅកីឡដ្ឋានខេត្តព្រៃវែង។ ចំណែក ភ្នំពេញក្រោន ត្រូវស្វាគមន៍ កងយោធពលខេមរភូមិន្ទនៅកីឡដ្ឋាន Smart RSN វេលាម៉ោង ៦:០០យប់។ ទន្ទឹមពេលជាមួយគ្នានោះ ព្រះខ័ន្ធរាជស្វាយរៀង ត្រូវទទួលណាហ្គាវើលដ៍ នៅកីឡដ្ឋានខេត្តស្វាយរៀង ខណៈ វិសាខា ប្រកួតជាមួយ អាយ អេសអាយដង្កោសែនជ័យ នៅកីឡដ្ឋានព្រីនស៍។
 
គួរបញ្ជាក់​ថា គិតត្រឹមសប្ដាហ៍ទី២០នេះព្រះខ័នរាជស្វាយរៀង ឈរនៅ​ចំណាត់​ថ្នាក់​លេខ​១ បណ្ដោះអាសន្ន ក្នុងតារាងលីគ CPL ដោយរកបាន៥០ពិន្ទុតាមពីក្រោយដោយ ភ្នំពេញ​ក្រោន មាន៤៥ពិន្ទុ។ ចំណែក វិសាខា បន្ដឈរនៅចំណាត់ថ្នាក់លេខ៣មាន៣៥ពិន្ទុ។ រីឯ​បឹងកេតលេខ៤ និងអាយ អេស អាយ ដង្កោសែនជ័យលេខ៥ មាន២៨ពិន្ទុស្មើគ្នា។
 
ចំ​ណាត់​ថ្នាក់លេខ៦ កងយោធពលខេមរភូមិន្ទ មាន២៤ពិន្ទុ តាមពីក្រោយដោយ ណាហ្គាវើលដ៍លេខ៧ មាន២៣ពិន្ទុ។ ចំណែកព្រៃវែង លេខ៨ មាន២០ពិន្ទុ ខណៈអង្គរថាយហ្គឺរ លេខ៩
មាន១៤ពិន្ទុ និងក្រុមបាតតារាង​ និងប្រឈមកាត់ចេញ គិរីវង់សុខសែនជ័យ មាន១៣ពិន្ទុ៕

Tag:
 បាល់ទាត់
  សំ សាន់
  Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com