សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិនប្រឈមការលើសគ្រូបង្រៀនជិត២លាននាក់ ដោយសារអត្រាកំណើតធ្លាក់ចុះ
17, Feb 2024 , 8:30 am        
រូបភាព
ថ្នាក់រៀនមួយកន្លែងនៅខេត្ត Guizhou ភាគនិរតីប្រទេសចិន។ រូបភាព ៖ Xinhua
ថ្នាក់រៀនមួយកន្លែងនៅខេត្ត Guizhou ភាគនិរតីប្រទេសចិន។ រូបភាព ៖ Xinhua
នៅឆ្នាំ២០៣៥ ចិនអាចនឹងមានចំនួនលើសនៃគ្រូបង្រៀនបឋមសិក្សាប្រហែល ១,៥លាននាក់ និងអនុវិទ្យាល័យចំនួន ៣៧០ពាន់នាក់។ ភាព​លំបាក​ផ្នែក​សេដ្ឋកិច្ច​បានជំរុញឱ្យអត្រាកំណើតធ្លាក់ចុះ ដែល​អាច​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ចិនកាត់​បន្ថយ​ការ​ជ្រើសរើស​គ្រូបង្រៀន​នៅ​ពេល​ខាង​មុខ។

 
ព័ត៌មានជុំវិញចិនអាចមានអតិរេកគ្រូបង្រៀនជិត ២លាននាក់នៅឆ្នាំ២០៣៥ បានក្លាយជាប្រធានបទរសើបនៅលើបណ្តាញសង្គម Weibo របស់ចិន។  លទ្ធផលនៃក្រុមស្រាវជ្រាវដែលដឹកនាំដោយសាស្ត្រាចារ្យរង Qiao Jinzhong នៅសាកលវិទ្យាល័យ Beijing Normal University បង្ហាញថានៅឆ្នាំ ២០៣៥ ចិននឹងមានអតិរេកគ្រូបង្រៀនបឋមសិក្សាប្រហែល ១,៥លាននាក់ និងអនុវិទ្យាល័យចំនួន ៣៧០ពាន់នាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
 
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ សាលារៀនចិនតែងតែមានភាពអ៊ូអរជាមួយនឹងសិស្សនៅក្នុងថ្នាក់រៀនរហូតដល់ ៥០នាក់នៅក្នុងតំបន់ទីក្រុងមួយចំនួន និងសិស្សប្រហែល ៣០នាក់នៅតំបន់ជនបទភាគច្រើន។
 
យ៉ាងណាមិញ ជាមួយនឹងចំនួនអ្នកចូលនិវត្តន៍កើនឡើងយ៉ាងឆាប់រហ័ស និងអត្រាកំណើតធ្លាក់ចុះ ចិនបានប្រឈមការលំបាកផ្នែកប្រជាសាស្រ្ត ដោយសារកំណើនសេដ្ឋកិច្ចយឺតនិងភាពតានតឹងនៅក្នុងប្រព័ន្ធនយោបាយ និងសន្តិសុខសង្គម។
 
អត្រាកំណើតនៅចិនបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ ២០១៧ ដែលចំនួនទារកកើតបានថយចុះជាងកន្លះលាននាក់ ខណៈនៅឆ្នាំ ២០២៣ ថយចុះដល់ ៩លាននាក់។
 
តាមក្រសួងអប់រំចិន ចំនួនកុមារដែលបានចុះឈ្មោះចូលរៀននៅមតេ្តយ្យមានការថយចុះជាលើកដំបូងក្នុងរយៈពេលជិតពីរទសវត្សរ៍នៅក្នុងឆ្នាំ ២០២១។ ទន្ទឹមនេះ ការចុះឈ្មោះចូលរៀននៅថ្នាក់បឋមសិក្សាបានថយចុះជាលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍ក្នុងឆ្នាំ ២០២២។ ការណ៍នេះ បានកំពុងដាក់សម្ពាធលើវិស័យអប់រំ និងគ្រូបង្រៀននៅចិន។ 
 
ដើម្បីឆ្លើយតបបញ្ហានេះ រដ្ឋាភិបាលចិនបានចាប់ផ្តើមកាត់បន្ថយកម្មវិធីបណ្តុះបណ្តាលគរុកោសល្យមួយចំនួន ដើម្បីជៀសវាងការលើសចំនួនគ្រូបង្រៀននាពេលអនាគត។ កាលពីឆ្នាំមុន រដ្ឋាភិបាលក្នុងតំបន់មួយចំនួនដូចជាខេត្ត Shandong និង Sichuan ក៏បានប្រកាសពីផែនការផ្អាកកម្មវិធីសញ្ញាបត្រអប់រំនៅតាមសាកលវិទ្យាល័យ និងមហាវិទ្យាល័យមួយចំនួនដើម្បីកម្រិតការផ្គត់ផ្គង់គ្រូបង្រៀន។
 
ក្នុងឆ្នាំ ២០១៥ ទីក្រុងប៉េកាំងបានផ្លាស់ប្តូរគោលនយោបាយមានកូនតែមួយ ហើយអាជ្ញាធរបាននិងកំពុងព្យាយាមជំរុញប្រជាជនរបស់ខ្លួនឱ្យមានកូនកាន់តែច្រើនចាប់តាំងពីពេលនោះមក។ ជាឧទាហរណ៍ នៅទីក្រុង Hangzhou ភាគខាងកើតដែលមានប្រជាជនច្រើន រដ្ឋាភិបាលក្នុងតំបន់បានចាប់ផ្តើមផ្តល់ប្រាក់ដល់ឪពុកម្តាយប្រហែល ២៨០០ដុល្លារសម្រាប់អ្នកដែលមានកូនទីបី។
 
ចាប់ពីឆ្នាំ ២០២១ ចិនបានចាប់ផ្តើមអនុវត្តគោលនយោបាយបង្កើតកូនបីនាក់ ដើម្បីលើកកម្ពស់អត្រាកំណើត និងកម្រិតផលប៉ះពាល់នៃភាពចាស់របស់ប្រជាជនលើសន្តិសុខសង្គម និងកំណើនសេដ្ឋកិច្ច៕ 

Tag:
 ចិន
  គ្រូបង្រៀន
  អត្រាកំណើត
© រក្សាសិទ្ធិដោយ thmeythmey.com