កីឡាអន្តរជាតិ
អន្តរជាតិ
Suarez៖ Inter Miami នឹងក្លាយជាក្លិបចុងក្រោយរបស់ខ្ញុំ
16, Feb 2024 , 5:37 pm        
រូបភាព
ខ្សែប្រយុទ្ធវ័យចំណាស់ Luis Suarez បាននិយាយថាក្លិប Inter Miami នឹងក្លាយជាក្លិបចុងក្រោយបង្អស់សម្រាប់រូបគេក្នុងការប្រកបអាជីពកីឡាបាល់ទាត់។



កីឡាករវ័យ ៣៧ឆ្នាំ សញ្ជាតិអ៊ុយរូហ្កាយ បានចុះកិច្ចសន្យាជាមួយនឹងក្លិបស្ថិតនៅលីគកំពូលអាម៉េរិក Major League Soccer កាលពីឆ្នាំ ២០២៣ មុនពេលចាប់ផ្តើមមកចូលរួមនៅដើមឆ្នាំ ២០២៤ ក្រោយបញ្ចប់កិច្ចសន្យាជាមួយក្លិប Gremio របស់ប្រទេសប្រេស៊ីល។
 
ចូលរួមជាមួយនឹង Inter Miami អតីតកីឡាករ Barcelona និង Livepool រូបនេះ បានវិលត្រឡប់ជួបជុំមិត្តចាស់ Lionel Messi, Sergio Busquets និង Jordi Alba។ Suarez ធ្លាប់ជួយ Barca ឈ្នះពាន La Liga ៤លើក មុនចាកចេញ។
 
កាលចូលរួមលេងក្លិបនៅលីគ MLS ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ អះអាងថា Inter Miami នឹងក្លាយជាក្លិបចុងក្រោយក្នុងអាជីពបាល់ទាត់ ខណៈវ័យក៏កាន់តែចាស់។
 
«Inter Miami នឹងក្លាយជាក្លិបចុងក្រោយរបស់ខ្ញុំ ក្រុមគ្រួសាររបស់ខ្ញុំបានដឹងពីរឿងនេះរួចហើយ ខ្ញុំ​មិនទាន់មានការបរិច្ឆេទបន្តទៀតទេ ប៉ុន្តែវាជាជំហានចុងក្រោយ។ ខ្ញុំត្រៀមខ្លួនរួចស្រេចសម្រាប់បញ្ហាចុងក្រោយនេះ ប៉ុន្តែមានភាពអស់កម្លាំងដែលមិនអាចជៀសបាន ហើយនៅទីបញ្ចប់ខ្ញុំចង់បានគុណភាពជីវិតនាពេលអនាគត។»។ Suarez បាននិយាយក្នុងកិច្ចសម្ភាសជាមួយវិទ្យុអ៊ុយរូហ្កាយ Station Del Sol។
 
កន្លងមក Suarez បានលេងឱ្យក្លិបដូចជា Ajax Amsterdam, Liverpool, Barcelona និង Atletico Madrid ព្រមទាំងក្លិប Gremio និងក្លិបក្នុងប្រទេសអ៊ុយរូហ្កាយ។ ជាមួយជម្រើសជាតិអ៊ុយរូហ្កាយវិញរូបគេរកបាន ១៣៨គ្រាប់ ចាប់តាំងពីចូលលេងលើកដំបូងក្នុងឆ្នាំ ២០០៧។
 
សម្រាប់ Inter Miami នឹងចាប់ផ្តើមការប្រកួតរដូវកាលថ្មីក្នុងពានរង្វាន់ MLS ទល់នឹងក្រុម Real Salt Lake នៅថ្ងៃទី២១ ខែកុម្ភៈ៕

Tag:
 Luis Suarez
  Inter Miami
© រក្សាសិទ្ធិដោយ thmeythmey.com