RFI
អន្តរជាតិ
ប្អូនស្រីរបស់មេដឹកនាំ​កូរ៉េខាងជើងថា ​ជប៉ុន​និង​កូរ៉េខាងជើង​អាច​មាន​អនាគតថ្មីរួមគ្នា
16, Feb 2024 , 9:29 pm        
រូបភាព
ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងថា ជប៉ុននិងកូរ៉េខាងជើងអាចមានអនាគតថ្មីរួមគ្នា។ AP
ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងថា ជប៉ុននិងកូរ៉េខាងជើងអាចមានអនាគតថ្មីរួមគ្នា។ AP
ដោយ៖ឈាង បុប្ផា/RFI ខេមរភាសា
 
ប្អូនស្រី​ដ៏មាន​ឥទ្ធិពល​របស់​មេដឹកនាំ​កូរ៉េខាងជើង លោកស្រី គីម យូជុង​បាន​និយាយ​ថា កូរ៉េខាងជើង​អាច​បើកទ្វារ​ចរចា ដើម្បីធ្វើ​ឲ្យទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ល្អប្រសើរឡើងវវិញ។ តាមសេចក្តីថ្លែងការណ៍ ដែល​ទីភ្នាក់ងារព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA ចុះផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍ ប្អូនស្រីរបស់​លោក គីម ជុងអ៊ុន​នៅ​បាន​បង្ហើប​ពី​លទ្ធភាព​រៀបចំ​ជំនួបមេដឹកនាំ​កូរ៉េខាងជើង ជាមួយ​នាយករដ្ឋមន្រ្តី។ ប៉ុន្តែ លោកស្រី​គីម យូជុង​សង្កត់ធ្ងន់​ថា ជប៉ុន និងកូរ៉េខាងជើង​អាច​មាន​អនាគតថ្មី​រួមគ្នា គឺអាស្រ័យ​ទៅលើ​សកម្មភាព​របស់​ជប៉ុន។

 
តើនឹងអាចមានទេ​ជំនួបកំពូល​ជប៉ុន កូរ៉េខាងជើង? បើតាមលោកស្រី គីម ជុងយូ ប្អូនស្រី​ដ៏មាន​ឥទ្ធិពល​របស់មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន គ្មាន​ហេតុផល​អ្វី​ដែល​ប្រទេស​ទាំងពីរ ជប៉ុន និងកូរ៉េខាងជើង​មិនអាច​ខិត​ចូល​ជិតគ្នា​នោះទេ។ ម្យ៉ាង ទស្សនកិច្ច​របស់​នាយករដ្ឋមន្រ្តី ជប៉ុន នៅ​កូរ៉េខាងជើង​នឹង​អាច​កើតឡើងផង ក៏អាច​ថាបាន។ នេះបើតាម​សេចក្តីថ្លែងការណ៍​របស់​លោកស្រី គីម ជុងយូ ដែល​ទីភ្នាក់ងារ​ព័ត៌មានរដ្ឋ​កូរ៉េខាងជើង KCNA ចុះផ្សាយ នៅថ្ងៃ ព្រហស្បតិ៍​ទី ១៥​កុម្ភៈ។
 
ជា​ប្អូនស្រី និង​ជា​មនុស្ស​ដៃស្តាំ​របស់​មេដឹកនាំ​កូរ៉េខាងជើង លោកស្រី​គីម ជុងយូ​បន្ថែមទៀតថា កូរ៉េខាងជើង​ត្រៀមខ្លួន​ដើម្បី​ធ្វើ​ឲ្យទំនាក់ទំនង ជប៉ុន និងកូរ៉េខាងជើង​ល្អប្រសើរឡើង។ ប៉ុន្តែ អ្វីៗ​គឺ​អាស្រ័យ​ទៅលើ​សកម្មភាព​របស់​ជប៉ុន​ថា តើ​យល់ព្រម​បំភ្លេច​ការទាមទារ​ពីអតីតកាល​ដែរឬទេ? ប្អូនស្រី​របស់​លោក​គីម ជុងអ៊ុន​ចង់សំដៅ​ដល់​សំណុំរឿង​ជនជាតិ​ជប៉ុន​ដែល​ភ្នាក់ងារ​ស៊ើបការ​សម្ងាត់​កូរ៉េខាងជើង​ចាប់ជំរិត​ យកទៅលាក់​ទុក​នៅ​កូរ៉េខាងជើង នៅក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៧០។
 
ប្អូនស្រី​មេដឹកនាំ​កូរ៉េខាងជើង​ទំនង​បោះដៃទៅរក​ជប៉ុន នៅបន្ទាប់​ពី​នាយករដ្ឋមន្រ្តី​ជប៉ុន លោក​ហ្វូមីអូ គីស៊ីដា​បង្ហាញ​ជំហរ​ចង់មក​កសាងទំនាក់ទំនង​ល្អ​ជាមួយ​កូរ៉េខាងជើង។
នៅ​មុខ​សភាជប៉ុន​កាលពី​សប្តាហ៍មុន លោកនាយករដ្ឋមន្រ្តីហ្វូមីអូ គីស៊ីដា​បាននិយាយ​ប្រាប់អ្នកតំណាងរាស្រ្ត​ថា វាសំខាន់ណាស់ដែល​លោក​ត្រូវ​កសាង ជំរុញ​ទំនាក់ទំនង​ជាមួយកូរ៉េខាងជើងឲ្យដល់​កម្រិតមួយខ្ពស់ និងថា ជប៉ុនមិនត្រូវ​ខាតពេលតទៅទៀតទេ។
 
ជំនួបចុងក្រោយរវាង​នាយករដ្ឋមន្រ្តី​ជប៉ុន ជាមួយ​មេដឹកនាំកូរ៉េខាងជើង ធ្វើឡើង​នៅ​ឆ្នាំ ២០០២ នៅពេល នាយករដ្ឋមន្រ្តី ជប៉ុន Junichiro Koizumi ធ្វើដំណើរ​ទៅព្យុងយ៉ាង​ជួប​លោកគីម ជុងអ៊ីល ឪពុករបស់មេដឹកនាំ​កូរ៉េខាងជើងសព្វថ្ងៃ។
 
លោក​គីស៊ីដា​ចង់ជួប​មេដឹកនាំ​កូរ៉េខាងជើង នៅបន្ទាប់ពី​លោក​បាន​ទទួលសញ្ញា​ជា​វិជ្ជមាន​ពី​មេដឹកនាំ​កូរ៉េខាងជើង ដែលបាន​ផ្ញើសារ​រំលែកទុក្ខ​ប្រជាជន​ជប៉ុន នៅក្នុងគ្រា​មាន​គ្រោះថ្នាក់​រញ្ជួយដីនៅ​ដើមឆ្នាំនេះ។
 
តាំង​ពី​ឡើង​ថ្លែង​នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិនៅខែ​កញ្ញា​ឆ្នាំមុន នាយករដ្ឋមន្រ្តី​ជប៉ុន​បាន​លើកឡើង​ជាញយដង​ថា លោក​ចង់ជួបពិភាក្សា​ផ្ទាល់មុខ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌ។ មន្រ្តីអាមេរិក​ម្នាក់ដែលសុំ​មិនបញ្ចេញឈ្មោះ​និយាយថា អាមេរិក​ស្វាគម​ការចរចា​ថា្នក់ដឹកនាំជប៉ុន និងកូរ៉េខាងជើង ប៉ុន្តែ រាល់សំណុំរឿង​សំខាន់​ ជប៉ុន​ត្រូវ​ពិភាក្សា​ជាមួយ​កូរ៉េខាងត្បូង​ជាមុន​សិន មុន​នឹងសម្រេច​យ៉ាងណា​ជាមួយ​កូរ៉េខាងជើង។
 
ជំនួបណាមួយរវាង​មេដឹកនាំកូរ៉េខាងជើង​និងនាយករដ្ឋមន្រ្តី​ជប៉ុន​ជាប្រការល្អ នៅក្នុង​បរិបទ​ដែល​ស្ថានការណ៍​នៅឧបទ្វីបកូរ៉េតានតឹង​ឡើងកំដៅខ្លាំង។ នៅចំពោះមុខ​កូរ៉េខាងត្បូង​ដែលមាន​ប្រធានាធិបតី ប្រកាន់ជំហរតឹងដាក់ព្យុងយ៉ាង មេដឹកនាំ​កូរ៉េខាងជើង​ទើបប្រកាស​ចាត់ទុកកូរ៉េខាងត្បូង​ជា​ប្រទេស​សត្រូវ និងបិទផ្លូវ​លែងមានការបង្រួបបង្រួមបងប្អូនកូរ៉េទាំងពីរដូចមុន។ ដោយបង្ហាញ​ចេតនា​ចង់ជួបផ្ទាល់​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង នាយករដ្ឋមន្រ្តី​ជប៉ុនរំពឹង​ស្វែងរក​ចំណុច​ចុះសម្រុងគ្នា ដូចជាក្នុងសំណុំរឿង​បាញ់មីស៊ីល និង​រឿងជនជាតិ​ជប៉ុនដែល​កូរ៉េខាងជើង​ចាប់ជំរិត​កាលពី ៥០ឆ្នាំមុន។
 
ដោយ​បើកការចរចា​ជាមួយកូរ៉េខាងជើង​ពីរឿង​ជនជាតិ​ជប៉ុនដែលត្រូវ​ចាប់ជំរិត​ទៅ​លាក់ទុកនៅកូរ៉េខាងជើង នាយករដ្ឋមន្រ្តី ជប៉ុន​សង្ឃឹម​ទាក់ទាញ​សំឡេងគាំទ្រ នៅមុនការបោះឆ្នោត ព្រោះថា ឥលូវនេះ កូដប្រជាប្រិយភាព​របស់​លោក​ធ្លាក់​មកនៅ​ត្រឹម ៣០%​ប៉ុណ្ណោះ។
 
កូរ៉េខាងជើង​ធ្លាប់​ទទួល​ស្គាល់​ថា ខ្លួន​បាន​ចាប់ជំរិត​ជនជាតិ​ជប៉ុន ១៣នាក់ ដើម្បី​យកទៅបង្រៀនភាសា វប្បធម៌ជប៉ុន​ដល់ចារកិច្ច​កូរ៉េខាងជើង ក៏​ប៉ុន្តែ ក្រោយមក កូរ៉េខាងជើង​បាន​ដោះលែង ជនជាតិ​ជប៉ុន​៥នាក់ និងបញ្ជូន​ទៅជប៉ុនវិញ នៅ​ក្រោយ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្រ្តី​ជប៉ុន លោក​Koizumi នៅព្យុងយ៉ាង នៅឆ្នាំ ២០០២ ចំណែក​ជនជាតិជប៉ុន​៨នាក់ទៀត ស្លាប់បាត់បង់​ជីវិត។ ជាផ្លូវការ ជនជាតិ​១៣នាក់ ត្រូវចាប់ជំរិត​នៅ​កូរ៉េខាងជើង ប៉ុន្តែ គេ​ជឿថា តួលេខអាច​ច្រើនជាងនេះ ដែលជា​ហេតុធ្វើ​ឲ្យ​ជប៉ុន​នៅតែបន្ត​ទាមទារ​ឲ្យកូរ៉េខាងជើង​ដោះលែង​ជនជាតិ​របស់ខ្លួន។ មេដឹកនាំ​កូរ៉េខាងជើង លោក​គីមជុងអុង​ផ្ទាល់​ធ្លាប់​បដិសេធ​មិន​សហការ​ជាមួយ​ជប៉ុន​ក្នុងរឿង​ជនជាតិជប៉ុន​ដែលត្រូវ​ចាប់ជំរិត​នៅកូរ៉េខាងជើង៕

© រក្សាសិទ្ធិដោយ thmeythmey.com