អន្តរជាតិ
អុីស្រាអែល​ធ្វើ​ប្រតិបត្តិការ​ក្នុង​មន្ទីរពេទ្យ Khan Younis ខណៈ​លោក Netanyahu ប្ដេជ្ញា​ប្រយុទ្ធ​រហូត​ទទួល​ជ័យជម្នះ
16, Feb 2024 , 10:29 pm        
រូបភាព
ផ្សែងហុយចេញមកនៅទីក្រុង Khan Younis អំឡុងការវាយប្រហាររបស់អ៊ីស្រាអែល
ផ្សែងហុយចេញមកនៅទីក្រុង Khan Younis អំឡុងការវាយប្រហាររបស់អ៊ីស្រាអែល
ដោយ: VOA
យោធា​អ៊ីស្រាអែល​បាន​បញ្ជាក់ថា ខ្លួន​បាន​ធ្វើ​ប្រតិបត្តិការ​កាលពី​​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ខាង​ក្នុង​មន្ទីរពេទ្យ​ដ៏​ចម្បង​មួយ​នៅ​ភាគ​ខាង​ត្បូង​តំបន់​ហ្កាហ្សា (Gaza) ខណៈ​មន្ត្រី​សុខាភិបាល​តំបន់​ហ្កាហ្សា​ថា​ការ​បាញ់ផ្លោង​របស់​អ៊ីស្រាអែល​បាន​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​ជាច្រើន​នាក់​ទៀត​រង​របួស​នៅ​ឯ​មន្ទីរពេទ្យ​នោះ។

 
សេចក្តី​ថ្លែងការណ៍​មួយ​របស់​កងទ័ព​អ៊ីស្រាអែល​ថា យោធា​អ៊ីស្រាអែល​មាន​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​គួរ​ឱ្យ​ជឿជាក់​បាន «ដែល​បង្ហាញ​ថា​ក្រុម​ហាម៉ាស់ (Hamas) ឃុំ​ចំណាប់ខ្មាំង​នៅ​ក្នុង​មន្ទីរពេទ្យ Nasser ក្នុង​ទីក្រុង Khan Younis និង​ថា​អាច​មាន​សាកសព​ចំណាប់ខ្មាំង​របស់​អ៊ីស្រាអែល​ក្នុង​មន្ទីរពេទ្យ​នោះ»។
 
កងទ័ព​អ៊ីស្រាអែល​បាន​លើកឡើង​សារជា​ថ្មី​អំពី​ការ​ចោទ​ប្រកាន់​របស់​ខ្លួន​ថា ពួក​យុទ្ធជន​ហាម៉ាស់​កំពុង​ប្រើប្រាស់​ជនស៊ីវិល​ប៉ាឡេស្ទីន​ជា​ខែល​ការពារ និង​ថា​កងកម្លាំង​អ៊ីស្រាអែល​បាន​ព្រមាន​ពលរដ្ឋ​រួច​ហើយ​ឱ្យ​ចេញ​ឆ្ងាយ​ពី​តំបន់​នោះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន។
 
កងទ័ព​អ៊ីស្រាអែល​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «សារ​របស់​យើង​ច្បាស់​ណាស់​គឺ​យើង​មិន​ចង់​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ជនស៊ីវិល​ស្លូតត្រង់​នោះទេ។ យើង​ស្វះស្វែង​រក​ចំណាប់ខ្មាំង​របស់យើង​និង​នាំ​ពួកគេ​មក​អ៊ីស្រាអែល​វិញ។ យើង​ស្វះស្វែង​តាម​ប្រមាញ់​ភេរវករ​នៅ​ទីណា​ក៏ដោយ​ដែល​ពួកគេ​អាច​កំពុង​លាក់ខ្លួន»។
 
នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu មិន​បាន​ផ្ដល់​សញ្ញា​ថា​តើ​ពេលណា​កងទ័ព​អ៊ីស្រាអែល​អាច​ធ្វើការ​វាយលុក​លើ​ទីក្រុង Rafah នោះទេ ប៉ុន្តែ​លោក​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ថា យោធា​អ៊ីស្រាអែល​នឹង​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​យុទ្ធជន​ហាម៉ាស់​នៅ​ក្នុង​តំបន់​ហ្កាហ្សា។
 
លោក​ថ្លែង​ដូច្នេះ​ថា៖ «យើង​នឹង​ប្រយុទ្ធ​ទាល់តែ​ឈ្នះ​ទាំងស្រុង ហើយ​ករណី​នេះ​គឺ​រួម​ទាំង​ការ​ធ្វើ​សកម្មភាព​ដ៏​ខ្លាំងក្លា​នៅ​ក្នុង​ទីក្រុង Rafah ផងដែរ បន្ទាប់ពី​យើង​អនុញ្ញាត​ឱ្យ​ជន​ស៊ីវិល​ចាកចេញ​ពី​តំបន់​សមរភូមិ​ប្រយុទ្ធ»៕
 
ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

© រក្សាសិទ្ធិដោយ thmeythmey.com