កីឡាអន្តរជាតិ
អន្តរជាតិ
FIFA Ranking៖ ថៃ ដណ្តើមចំណាត់ថ្នាក់លេខ១ប្រចាំអាស៊ីអាគ្នេយ៍ ពី វៀតណាម
17, Feb 2024 , 9:30 am        
រូបភាព
ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​ថៃ ប្រជែងយកចំណាត់ថ្នាក់ពី​លេខ១តំបន់អាស៊ីអាគ្នេយ៍ពីវៀតណាម ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក ​(FIFA Ranking)​ ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០២៤​។ កាតា​ និងកូតឌីវ័រ ឡើងចំណាត់ថ្នាក់រៀងខ្លួន ក្រោយឈ្នះជើងឯក Asian Cup និង African Nation Cup។ អាហ្សង់ទីន រក្សាចំណាត់ថ្នាក់លេខ១ពិភពលោកដដែល។


សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) បានចេញ​តារាង​ចំណាត់ថ្នាក់​ចុងក្រោយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយ​ក្រុមថៃ ឡើង​១២​ចំណាត់ថ្នាក់ ​បើ​ប្រៀបធៀប​នឹង​តារាង​កាលពី​ខែធ្នូ ឆ្នាំ២០២៣ ពោលគឺឡើង​ពី​លេខ​១១៣ ទៅ​១០១ ក្នុងចំណោម ​២០២ ​សហព័ន្ធ​កីឡាបាល់ទាត់​លើ​លោក​។​ ឡើង១២ចំណាត់ថ្នាក់ ដោយសារក្រុមរហស្សនាមដំរីសង្គ្រាម ឈានដល់វគ្គ១៦ក្រុមចុងក្រោយ AFC Asian Cup ឆ្នាំ២០២៣ នៅកាតា។
 
ដោយឡែក វៀតណាមធ្លាក់ដល់ទៅ១១ចំណាត់ថ្នាក់ ពីលេខរៀង៩៥ មក១០៥ ពិភពលោកវិញ បន្ទាប់ពីពួកគេធ្វើមិនបានល្អនៅពានរង្វាន់អាស៊ី ពោលគឺធ្លាក់ត្រឹមវគ្គចែកពូល។ នេះជាការធ្លាក់ចេញពីចំណាត់ថ្នាក់ Top 100 ជាលើកដំបូងរបស់វៀតណាម ក្រោយស្ថិតក្នុងតំបន់នេះជាង២ឆ្នាំ។
 
តាមរយៈលទ្ធផលនេះ វៀតណាមក៏ត្រូវរបូតចំណាត់ថ្នាក់កំពូលតារាងប្រចាំតំបន់អាស៊ីអាគ្នេយ៍ ទៅកាន់ក្រុមថៃវិញផងដែរ។
 
ចំណោមក្រុមទាំង១១ នៅអាស៊ីអាគ្នេយ៍ មានតែកម្ពុជា (១៧៩) មីយ៉ាន់ម៉ា (១៦២) និងព្រុយណេ (១៩៤) សិង្ហបុរី (១៥៦) ឡាវ (១៨៩) និងទីម័រខាងកើត (២០០) នៅទ្រឹង។ ថៃ (១០១) ឥណ្ឌូណេស៊ី​ (១៤២) និងហ្វីលីពីន (១៣៩) ឡើងចំណាត់ថ្នាក់ ស្របពេល វៀតណាម (១០៥) និងម៉ាឡេស៊ី (១៣២) ធ្លាក់ចំណាត់ថ្នាក់រៀងខ្លួន។
 
សម្រាប់ក្រុមប្រចាំតំបន់អាស៊ី ជប៉ុន (១៨) នៅតែរក្សាលេខរៀងទី១ដដែល តាមពីក្រោយដោយអ៊ីរ៉ង់ (២០) និងកូរ៉េខាងត្បូង (២២) ស្របពេលកាតា ឡើងដល់ទៅ២១លេខ ពីលេខ៥៨ ទៅ៣៧ពិភពលោក ក្រោយពួកគេអាចការពារតំណែងជើងឯក Asian Cup ឆ្នាំ២០២៣។
 
កូតឌីវ័រ ដែលឈ្នះជើងឯក CAF Africa Cup of Nations កើនចំណាត់ថ្នាក់ទី៣៩ពិភពលោក ពោលគឺកើនចំនួន១០លេខ បើធៀបនឹងខែធ្នូ ឆ្នាំ២០២៣។ នៅតំបន់អាហ្វ្រិក ម៉ារុក (១២) រក្សាចំណាត់ថ្នាក់ទី១ដដែល តាមពីក្រោយដោយ សេណេហ្កាល់ (១៧) និងនីហ្សេរីយ៉ា (២៨)។ 
 
​ដោយឡែក តារាងចំណាត់ថ្នាក់ FIFA Ranking ចំណោមកំពូលទាំង១០ លំដាប់ពិភពលោក នៅ​ខែកុម្ភៈ​នេះ អា​ហ្ស​ង់​ទីន ​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១ដដែល ដោយ​ឈរលើបារាំង អង់គ្លេស បែលហ្ស៊ិក ​ប្រេ​ស៊ី​ល ហូឡង់ ព័រទុយហ្កាល់ អេស្ប៉ាញ អ៊ីតាលី និង ​ក្រូអាស៊ី៕

Tag:
 (FIFA Ranking)
© រក្សាសិទ្ធិដោយ thmeythmey.com