ជាតិ
សេដ្ឋកិច្ច
រដ្ឋ​ រកចំណូលពីពន្ធគយបាន ២ ២៨៨ លានដុល្លារ​ ក្នុងឆ្នាំ២០២៣
17, Feb 2024 , 10:10 am        
រូបភាព
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
ពេញមួយឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលពីប្រមូលពន្ធគយបាន ៩ ២៦៧,៤៨ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២ ២៨៨.២៧ លានដុល្លារ)។ ចំណូលនេះ ស្មើនឹង៨២,៤ភាគរយ នៃផែនការកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

ការមិនសម្រេចនូវការប្រមូលចំណូលមិនសម្រេចតាមផែនការនេះ  បណ្ដាលមកពីកត្តាប្រឈមធំៗមួយចំនួន ជាពិសេសការធ្លាក់ចុះទីផ្សារមុខទំនិញយានយន្ត ដែលកន្លងមក ជាប្រភពចំណូលសំខាន់របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។  នេះជាការលើកឡើងរបស់លោក​ គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយបានបញ្ជាក់ថា ភាពស៊ីជម្រៅនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការរីកលូតលាស់នៃផលិតកម្មក្នុងស្រុកជំនួសការនាំចូល, និងការបន្តកើតមាននូវសកម្មភាពរត់គេចពន្ធ ដែលកាន់តែស្មុគស្មាញ និងជ្រកក្រោមរូបភាពថ្មីៗ ជាដើមនោះ ក៏ជាដើមចមធ្វើឱ្យការប្រមូលចំណូលធ្លាក់ចុះ ផងដែរ។ 
 
ក្នុងចំណោមចំណូល ២ ២៨៨ លានដុល្លារ​ ដែលគយប្រមូលបានក្នុងឆ្នាំ២០២៣ គឺមានអាករលើតម្លៃបន្ថែម៤១,២ភាគរយ, អាករពិសេសមាន ៣០,៣ភាគរយ ពន្ធគយមាន ២១ភាគរយ អាករបន្ថែមលើផលិតផលប្រេងឥន្ធនៈមាន ៤,៣ភាគរយ និងអាករនាំចេញនិងកម្រៃផ្សេងៗមាន ១,៨ភាគរយ។ ចំពោះចំណូលតាមក្រុមទំនិញ ឃើញថា ក្រុមទំនិញចម្រុះមានមាន ៣៥,៣ភាគរយនៃចំណូលសរុប, យានយន្តនិងគ្រឿងចក្រមាន ៣១,១ភាគរយ  ប្រេងឥន្ធនៈនិងថាមពលមាន ២៦,៦ភាគរយ និងសម្ភារសំណង់និងកម្រៃផ្សេងៗមាន ៧ភាគរយ។ 
 
លទ្ធផលខាងលើនេះត្រូវបានលោក គុណ ញឹម បង្ហាញក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៤ នាថ្ងៃទី១៦កុម្ភៈ។ លោកបន្តរៀនរាប់ថា  ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ២៤ ១៨៣ លានដុល្លារ ថយចុះប្រមាណ ៥ភាគរយ ធៀបនឹងឆ្នាំ២០២២ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗមាននូវ ផលិតផលតេលសិលា, វត្ថុធាតុដើមនិងគ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ, គ្រឿងសំណង់, យានយន្តនិងគ្រឿងចក្រ, គ្រឿងឧបភោគបរិភោគ និងទំនិញចម្រុះផ្សេងទៀត។
 
រីឯទំហំពាណិជ្ជកម្មនាំចេញមានចំនួន ២២ ៨៥៨ លានដុល្លារ កើនឡើង១,៨ភាគរយ ធៀបនឹងឆ្នាំ២០២២។ ក្នុងនោះ ផលិតផលវិនិយោគកាត់ដេរមានការថយចុះ ១៣,១ភាគរយ ផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែកអេឡិចត្រូនិក, បង្គុំខ្សែភ្លើង, ផលិតផលពីឈើ, កង់, អំពូល, ស្បែកសត្វកែច្នៃ, សំបកកង់រថយន្ត, ផលិតផលប្លាស្ទិក, គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានកំណើន ២០ភាគរយ, និងកសិផលមានកំណើន ២៤,៣ភាគរយ៕

Tag:
 គយ
© រក្សាសិទ្ធិដោយ thmeythmey.com