ជាតិ
ភាពខុសគ្នា​ នៃការប្រមូលផល អំបិលពណ៌ស ពណ៌ខ្មៅ និងផ្កាអំបិល
17, Feb 2024 , 2:00 pm        
រូបភាព
កំពត៖ អ្នកស្រី មុំ ស្រីរ័ត្ន  ជាកម្មករប្រមូលផលអំបិល នៅក្នុងឃុំ ជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ ក្រោមកម្ដៅថ្ងៃនាម៉ោង៣រសៀល អ្នកស្រី ស្រីរ័ត្ន កំពុងមមាញឹក រែកអំបិល ពីស្រែ ទៅដាក់ក្នុងរោង។ ស្រ្តីវ័យជាង៤០ឆ្នាំរូបនេះ ធ្វើជាអ្នកប្រមូលផលអំបិលប្រមាណ ២០ឆ្នាំមកហើយ។

 



របរប្រើកម្លាំងក្រោមកម្ដៅនេះ អ្នកស្រីទទួលបានកម្រៃ ៣ម៉ឺនរៀល ក្នុងមួយថ្ងៃ។ «បើម្ចាស់ស្រែអំបិល លក់អំបិលឆាប់ដាច់ យើង (កម្មករស្រែអំបិល) ក៏ឆាប់បានលុយ ប៉ុន្តែបើលក់មិនសូវដាច់ ក៏បានលុយរយៈពេលយូរបន្តិច។» អ្នកស្រី មុំ ស្រីរ័ត្ន បានប្រាប់អ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានថ្មីៗ២៥ រាជធានីខេត្ត ដូច្នេះ។ 
  

 
ដើរបណ្ដើរ រៀបរាប់បណ្ដើរ អ្នកស្រី ស្រីរ័ត្ន ពន្យល់ពីភាពខុសគ្នា នៃការប្រមូលអំបិល ដែលមានពណ៌ស និងខ្មៅ។ អំបិល ពណ៌ស ត្រូវបានយកទៅកែច្នៃបន្ថែមសម្រាប់ការប្រើប្រាស់ជាមួយម្ហូបអាហារប្រចាំថ្ងៃ ប៉ុន្តែអំបិលពណ៌ខ្មៅ ត្រូវបានគេទិញយកទៅដាក់ក្នុងចម្ការដំណាំ។
 
ជាមួយគ្នានេះ «​ផ្កាអំបិល​» ជា​អំបិល​កម្រ ដែល​អណ្តែត​លើទឹក​ក្នុង​ស្រែអំបិល​។ លក្ខណៈពិសេស​នៃ​ផ្កាអំបិល គឺមាន​សារធាតុ​សូ​ដ្យូ​មតិ​ច និង​មិនសូវមាន​ជាតិ​ប្រៃ​ខ្លាំង​។ ផ្កាអំបិល មានតម្លៃ​ថ្លៃ​ជាង​អំបិល​ធម្មតា ជាពិសេស​អាច​ប្រើប្រាស់​ដើម្បី​ថែរក្សា​សម្រស់​ផងដែរ​។


 
ផ្កាអំបិល មិនសូវមាន​ច្រើន​នោះទេ ព្រោះ​ផ្កាអំបិល អាច​អណ្តែត​ទ្បើង​បាន​នៅពេលដែល​ចាប់ផ្តើម​បង្ហូរ​ទឹកសមុទ្រ​ចូលក្នុង​ស្រែអំបិល​។ ផ្កាអំបិល​ត្រូវការ​កម្តៅថ្ងៃ និង​ខ្យល់​ធ្លាក់​បង្គួរ ជាពិសេស​ក្នុង​ខែធ្នូ ដែលជា​ការចាប់​ផ្តើមធ្វើ​អំបិល​របស់​ប្រជាកសិករ​។​
 
កន្លងមក កញ្ញា ថូ​ង ធីតា ម្ចាស់​សហគ្រាស​ផលិត​អំបិល​ធម្មជាតិ​ថូ​ង អ៊ិន​ធឺ​ប្រៃ​ស៍ (Thaung Enterprise) នៅ​ខេត្តកំពត បានបញ្ជាក់​ប្រាប់ ThmeyThmey25 ថា ផ្កាអំបិល​នេះ មិនមែន​កើតមាន​នៅ​គ្រប់​រដូវ​ទេ ពោលគឺ​វា​មាន​ផ្កា​នៅ​អំឡុង​ខែមេសា ឬ​ឧសភា ប៉ុណ្ណោះ ដែល​គេ​ហៅថា ខែ​ចែ​ត្រ​ក្ដៅ​ខ្លាំង​។ «​ផ្កាអំបិល​» មិនមែនជា​អំបិល​ក្រួស​នោះទេ ពោលគឺ​វា​ជា​គ្រាប់អំបិល​ល្អិតៗ និង​ស​ជាង​អំបិល​ធម្មតា​។ 
  

 
សូមជម្រាបថា អំបិលកំពត និងកែប ត្រូវបានក្រសួងពាណិជ្ជកម្មប្រកាសជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ(Geographical Indication/GI)ជាផ្លូវការ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។ ជាមួយគ្នានេះ ទឹកត្រីកំពតកែប និងបង្កងតាកែវ ក៏ត្រូវបានចុះបញ្ជីនេះដូចគ្នា៕ 



Tag:
 អំបិល
  ផ្កាអំបិល
  អំបិលកំពត
© រក្សាសិទ្ធិដោយ thmeythmey.com