ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ ហត្ថា ប្រារព្ធអបអរខួប៣០ឆ្នាំ នៃវឌ្ឍនភាព និងវិបុលភាព ជាមួយពិធីលៀងសាយភោជនដ៏មនោរម្យ
18, Feb 2024 , 10:29 am        
រូបភាព
ភ្នំពេញ-ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤៖ ធនាគារ ហត្ថា ម.ក ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី និងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានប្រារព្ធអបអរខួប៣០ឆ្នាំនៃវឌ្ឍនភាព និងវិបុលភាព ជាមួយនឹងពិធីលៀងសាយភោជនប្រកបដោយនក្ខត្តឫក្ស។  ក្នុងកម្មវិធីនេះ មានការចូលរួមតំណាងដ៏ខ្ពង់ខ្ពស់ពីធនាគារជាតិនៃកម្ពុជា គណៈគ្រប់គ្រងធនាគារក្រុងស្រ៊ី អតិថិជនដ៏មានតម្លៃ ដៃគូយុទ្ធសាស្ត្រអាជីវកម្ម ព្រមទាំងភ្ញៀវកិត្តិយសទាំងឡាយ  ដើម្បីបង្ហាញអំពីការដឹងគុណ ព្រមទាំងអបអរនូវសមិទ្ធផលរបស់ធនាគារ កន្លងមក។
 
ពិធីលៀងសាយភោជនអបអរខួប៣០ឆ្នាំនេះ ជាសក្ខីភាពឆ្លើយតបយ៉ាងពិតប្រាកដចំពោះការគាំទ្រ និងទំនុកចិត្តយ៉ាងពេញទំហឹងពីសំណាក់អតិថិជនដ៏មានតម្លៃរបស់ធនាគារ ហត្ថា ម.ក។ ភាពស្មោះត្រង់ និងការបន្តការគាំទ្ររបស់អតិថិជនទាំងអស់ គឺមានសារៈសំខាន់រួមចំណែកយ៉ាងពិតប្រាកដដល់វឌ្ឍភាព និងភាពជោគជ័យរបស់ធនាគារកន្លងមក។ ការគាំទ្រពីសំណាក់ធនាគារក្រុងស៊្រី បានរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សទាំងផ្នែកបច្ចេកទេស និងធនធានផ្សេងៗដល់ធនាគារ ហត្ថា ម.ក។ 
 
ពិធីលៀងសាយភោជននេះក៏បង្ហាញអំពីការថ្លែងអំណរគុណចំពោះដៃគូយុទ្ធសាស្ត្រ របស់ធនាគារ ហត្ថា ម.ក ដែលតែងតែរឹតចំណងអាជីវកម្ម ដោយឈរលើមូលដ្ឋានជឿទុកចិត្តចំពោះគ្នា និងការរីកចម្រើនជាមួយគ្នា ដែលជាមូលដ្ឋានគ្រឹះជំរុញនូវវឌ្ឍនភាព និងការពង្រីកអាជីវកម្មឥតឈប់ឈររបស់ធនាគារ។
 
លោក ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា ម.ក បានថ្លែងអំណរគុណ ដល់ធនាគារជាតិនៃកម្ពុជា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អតិថិជនដ៏មានតម្លៃរបស់យើង ដៃគូយុទ្ធសាស្ត្រអាជីវកម្ម ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់ ចំពោះការគាំទ្រយ៉ាងពេញទំហឹងរយៈពេល៣០ឆ្នាំកន្លងមកនេះ។  លោក មានប្រសាសន៍បន្ថែមថា៖ «ពិធីអបអរខួប៣០ឆ្នាំនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏រឹងមាំដែលយើងបានកសាងកន្លងមក និងទំនុកចិត្តដែលយើងបានទទួល។ នៅពេលយើងសម្លឹងទៅកាន់អនាគត ធនាគារ ហត្ថា ម.ក បន្តប្តេជ្ញាចិត្តផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពជឿជាក់ ងាយស្រួល និងមានភាពច្នៃប្រឌិត ព្រមទាំងបន្តពង្រឹងភាពជាដៃគូឆ្ពោះទៅរកគោលដៅរួម គឺ រួមគ្នាសាងអនាគតដ៏ប្រសើរ”។


 
ពិធីប្រារព្ធអបអរខួប៣០ឆ្នាំនៃវឌ្ឍនភាពរបស់ ធនាគារ ហត្ថា  ក៏បានទទួលបានការសាទរ ពីលោក Dan Harsono ជាទីប្រឹក្សាជាន់ខ្ពស់ នៃធនាគារ ក្រុងស្រ៊ី ផងដែរ។ «យើងសូមកោតសរសើរចំពោះភាពជោគជ័យដ៏អស្ចារ្យរបស់ធនាគារ។ ចាប់តាំងពីក្លាយជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី នៅក្នុងឆ្នាំ២០១៦ មក ធនាគារ ហត្ថា បានវិវត្តខ្លួន និងប្រែក្លាយជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា»។ នេះជាការលើកឡើងរបស់លោក Dan Harsono។ 


 
ទីប្រឹក្សាជាន់ខ្ពស់ នៃធនាគារ ក្រុងស្រ៊ី រូបនេះបន្តនិយាយដូច្នេះ៖ « ការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយជំរុញការរីកចម្រើនទៅមុខរបស់ធនាគារ នៅតែបន្តមានយ៉ាងរឹងមាំ ពីព្រោះយើងប្តេជ្ញាបន្តចែករំលែកជំនាញ លើកកម្ពស់ជីវភាពប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរ និងរួមចំណែកដល់ការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា»។
 
ជាមួយគ្នានេះ លោក រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា សមិទ្ធផលដែលធនាគារ ហត្ថា សម្រេចបានជាបន្តបន្ទាប់ នារយៈពេល៣០ឆ្នាំមកនេះ គឺបានចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធធនាគារ និងសេដ្ឋកិច្ចនៅកម្ពុជា។ ៣០ឆ្នាំបានកន្លងផុតទៅក៏ពិតមែន ប៉ុន្តែលោកទេសាភិបាលរងរូបនេះ នៅចាំបានថា ធនាគារ ហត្ថា បានចាប់ផ្តើមធ្វើប្រតិបត្តិការដំបូងរបស់ខ្លួននៅក្នុងឆ្នាំ១៩៩៤ ក្នុងទម្រង់ជាអង្គការមិនមែនរដ្ឋាភិបាល និងបានប្រែខ្លួនជាបន្តបន្ទាប់ទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (ឆ្នាំ២០០១) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (ឆ្នាំ២០១០) និងធនាគារពាណិជ្ជ (ឆ្នាំ២០២០)។ 
 


«ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមចូលរួមអបអរសាទរចំពោះសមិទ្ធផលដែលធនាគារ ហត្ថា ម.ក សម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ កន្លងមក ដោយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការចូលរួមការងារសង្គមនិងមនុស្សធម៌យ៉ាងសកម្ម»។ លោក រ័ត្ន សុវណ្ណនរៈ បាននិយាយយ៉ាងដូច្នេះ។
 
អាស្រ័យហេតុនេះ ពិធីលៀងសាយភោជនអបអរខួប៣០ឆ្នាំរបស់ធនាគារ ហត្ថា ម.ក គឺជាឱកាសប្រកបដោយនក្ខត្តឬក្ស ឆ្លុះបញ្ចាំងអំពីសមិទ្ធផលកន្លងមក និងដំណើរឆ្ពោះទៅកាន់វឌ្ឍនភាពនាពេលអនាគត។ ធនាគារ ហត្ថា ម.ក ប្តេជ្ញាចិត្តបន្តបម្រើសេវាហិរញ្ញវត្ថុដល់អតិថិជន ប្រកបដោយឧត្តមភាព បន្តជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងបន្តរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
 


អំពីធនាគារ ហត្ថា ម.ក
ធនាគារ ហត្ថា ម.ក ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ ដែលផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៣ ធនាគារ ហត្ថា ម.ក កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារ ហត្ថា    ម.ក ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មរយៈពេល ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក៕
 












© រក្សាសិទ្ធិដោយ thmeythmey.com