ជាតិ
វីដេអូ
អគ្គនាយកARDB លោក កៅ ថាច ចង់​ឱ្យមាន​ពិព័រណ៍​កសិផល​ខ្មែរកាន់តែច្រើន
19, Feb 2024 , 6:59 pm        
រូបភាព
ភ្នំពេញ៖ នា​ពិព័រណ៍​ផលិត​ផល​កសិកម្មនៅ​ថ្ងៃនៃ​ក្ដី​ស្រឡាញ់ នាថ្ងៃទី១៤ កុម្ភៈកន្លងទៅ លោក កៅ ថាច អគ្គនាយក​ធនាគារអភិវឌ្ឍន៍​ជន​បទ និង​កសិកម្ម បាន​ដើរ​ទស្សនា និង​ទិញ​ផលិត​ផល​ខ្មែរ។ លោក កៅ ថាច បាន​ប្រាប់​អ្នក​សារព័ត៌មាន​Thmey Thmey 25 ​​ពិព័រណ៍​ផលិត​ផល​កសិកម្មនេះ ជា​កម្មវិធី​ល្អ​មួយ ដែល​បង្ហាញ​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​អំពី​ផលិត​ផល​ខ្មែរ​ធ្វើ​បាន​។



បើតាម​អគ្គនាយកARDBរូបនេះ ការ​ធ្វើ​សកម្មភាព​បែបនេះ អាច​ជួយ​លើក​កម្ពស់​ការ​ផលិត​របស់​កសិករ​ខ្មែរផង និង​ជួយ​លើក​កម្ពស់​ផលិត​ផល​ដែល​ខ្មែរ​ធ្វើ​បាន ទោះ​បី​តម្លៃ​ស្រដៀងគ្នា​ ក៏​ពលរដ្ឋ​ខ្មែរ​នៅ​តែ​គាំទ្រ។ ដើរ​បណ្ដើរ​ មើល​ផលិតផល​កសិកម្មកែច្នៃបណ្ដើរ លោក កៅ ថាច បាន​ចាប់​អារម្មណ៍​លើ​ការ​វេចខ្ចប់​ និង​តុបតែងលម្អ​បន្ថែម​លើ​ផលិត​ផល។
 
សូម​អញ្ជើញ​ទស្សនា​បទសម្ភាស​ខាងក្រោម​ដូចតទៅ៖
 
 

ក្រៅ​ពី​ផលិតផលស្រស់ មាន​ផលិត​ផល​កែច្នៃ​ពី​កសិកម្ម​ជាច្រើន​ បានដាក់​តាំង​លក់​ក្នុង​ពិព័រណ៍នេះ។ ទាក់ទង​នឹង​ការ​កែច្នៃ​ផលិតផល​កសិកម្ម លោក កៅ ថាច យល់​ឃើញ​ថា​៖ «អ្វីទាំងអស់ គឺ​អាស្រ័យ​លើ​ទីផ្សារ​ បើ​អ្នក​ផលិត​ប្រាកដថា​ផលិតផល​នោះមាន​ទីផ្សារអាច​ផលិត​បាន​ គឺ​មិន​ខុស​ទេ។ ខ្ញុំជឿជាក់​ថា ខ្មែរ​មិន​នៅ​ត្រឹម​ហ្នឹងទេ​»។
 
ទន្ទឹម​នឹង​នេះ លោក កៅ ថាច ចង់​ឱ្យមានពិព័រណ៍កសិផលខ្មែរបែបនេះឱ្យ​កាន់តែច្រើន ជាពិសេស​នៅតាម​ស្រុក​នីមួយៗ។ សូម​បញ្ជាក់ថា នេះជាឆ្នាំទី២ហើយ ដែលក្រសួងរៀបចំកម្មវិធីនេះឡើង ដោយមានស្តង់ចូលរួមចំនួន ២១ស្តង់។ ចំនួននេះកើនឡើងជាងឆ្នាំមុន បន្ទាប់ពីទទួលបានការគាំទ្រពីប្រជាពលរដ្ឋទូទៅ និងសំណូមពរពីសហគ្រាស កសិដ្ឋាន ដែលដាំដុះ និងផលិតកែច្នៃផលិតផលកសិកម្ម។ 
 
បើ​តាម​ក្រសួង​កសិកម្ម​ ការដាក់តាំងលក់នេះ ដើម្បីឱ្យប្រជាពលរដ្ឋទូទៅងាកមកចាប់អារម្មណ៍ផលិតផលកសិកម្មរបស់ខ្មែរ ដែលមានគុណភាព និងសុវត្ថិភាព ជាពិសេសផ្តល់ជាជម្រើសសម្រាប់ប្រជាពលរដ្ឋទិញបន្លែសុវត្ថិភាព ជូនចំពោះមនុស្សជាទីស្រឡាញ់៕






Tag:
 កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com