កីឡាជាតិ
ជាតិ
លោក ភា សុភ័ក្ដ្រា ដាក់បន្ទុកទៅអាជ្ញាកណ្តាល ជុំវិញជម្លោះរវាងទ័ព និងភ្នំពេញក្រោន
19, Feb 2024 , 9:29 pm        
រូបភាព
ការប្រទូសរ៉ាយ រវាងភ្នំពេញក្រោន និងកងយោពលខេមរភូមិន្ទ
ការប្រទូសរ៉ាយ រវាងភ្នំពេញក្រោន និងកងយោពលខេមរភូមិន្ទ
លោក ភា សុភក្ដ្រា គ្រូបង្វឹក្រុមកងយោធពលខេមរភូមិន្ទ ចាត់ទុកការប្រទូសរ៉ាយរបស់កីឡាករ ទាំងអំឡុងពេលប្រកួត និងក្រោយការប្រកួតទល់នឹងភ្នំពេញក្រោនក្នុងជំនួបលីគកំពូលកម្ពុជា ជាភាពអវិជ្ជមាន និងជាគំរូអាក្រក់ ក្នុងវិស័យកីឡាបាល់ទាត់។ លោក សុភក្ដ្រា ហាក់ដាក់បន្ទុកទៅអាជ្ញាកណ្តាល ដែលធ្វើឱ្យរឿងហេតុនេះកើតឡើង។



គ្រូបង្វឹកទ័ព អះអាងថា បើអាជ្ញាកណ្ដាលសម្រេចចិត្តទាន់ពេលវេលា ក្នុងជំនួបដែលភ្នំពេញក្រោន ឈ្នះទ័ព ២-១ ក្នុងការប្រកួតលីគកំពូលកម្ពុជា Cambodian Premier League សប្តាហ៍ទី២១ នៅថ្ងៃទី១៨ ខែកុម្ភៈ នោះនឹងមិនមានរឿងរឿងប្រទូសរ៉ាយកើតឡើងរវាងកីឡាករទាំងសងខាងឡើយ។ 
 
ការប្រកួតរវាងភ្នំពេញក្រោន និងកងយោធពលខេមរភូមិន្ទ ហាក់បីដូចជាមិនទាក់ទាញប៉ុន្មានទេ នៅតង់ទី១ និង២០នាទីដំបូង នៃតង់ទី២។ គ្រាប់បាល់ទី១របស់ភ្នំពេញក្រោន កើតឡើងដោយសារការស្ទាក់ស្ទើរក្នុងការគ្រប់គ្រងបាល់របស់ខ្សែការពារទ័ព្ធ កីឡាករ យ៉ង់ ភូមិន្ទ ហើយត្រូវកីឡាករ Andries Nieto ខ្សែប្រយុទ្ធភ្នំពេញក្រោន ដណ្ដើមបាន រួចក៏ស៊ុតបញ្ចូលទីដោយជោគជ័យ។ លោក ភា សុភ័ក្ដ្រា បាននិយាយថា ការរបូតគ្រាប់បាល់ទី១នេះ អាចមកពីហេតុផល២យ៉ាងគឺទី១ ការគ្រប់គ្រង់សា្មរតីកីឡាករមិនល្អ និងទី២ មកពីភ្នំពេញក្រោន ដាក់សម្ពាធខ្លាំងពេក។
 
«វា អាចមានរឿង ២យ៉ាង៖ គឺទី១មកពីស្មារតីកីឡាករ និងទី២ មកពីភ្នំពេញក្រោនដាក់សម្ពាធខ្លាំង។ ដូច្នេះ គេមានឱកាសគ្រប់គ្រាន់ ដែលគេអាចដាក់បន្ទុក ទោះបីគេដណ្ដើមបាល់មិនបាន ក៏គេដាក់សម្ពាធ ធ្វើឲ្យកីឡាករយើងមានកំហុស ដោយខ្លួនឯងដែរ។ ស្មារតីកីឡាករ ក៏ដូចជាធាតុផ្សំបច្ចេកទេសរបស់ភ្នំពេញក្រោន ដែរ។»។ គ្រូបង្វឹកកងយោធពលខេមរភូមិន្ទ បាននិយាយដូច្នេះ។ 
  
លោក ភា សុភ័ក្ដ្រា គ្រូបង្វឹកទ័ព្ធ រូបពី Cambodian Premier League

បើទោះជាភ្នំពេញក្រោន បាននាំមុខ១-០ ចាប់ពីនាទី៦ នៃតង់ទី១ ក្រុមកងយោធពលខេមរភូមិន្ទ នៅតែបន្ដលេងតាមសម្រួល ដោយមិនមានការប៉ះទង្គិចគ្នាច្រើនឡើយ។ លុះចូលដល់ដើមតង់ទី២ ក្រុមភ្ញៀវនេះ ក៏នៅតែមានទម្រង់ដដែរ ជាពិសេសការខ្ជះខ្ជាយបាល់ ដែលប្រយុទ្ធស្លាបឆ្វេងរបស់ទ័ព្ធ ធ្វើមិនបានល្អជាច្រើនលើកច្រើនសារ។ ការប្រកួតចាប់ផ្ដើមជក់ចិត្តចាប់ពីនាទី៧០ ហើយក៏ជាពេលដែលក្រុមទាំង២ ចាប់ផ្ដើមប៉ះទង្គិចគ្នាច្រើនឡើងៗ។ នៅនាទី៧៣ Yudai Ogawa បានស៊ុតបញ្ចូលទីឲ្យភ្នំពេញក្រោន នាំមុខ២-០។ ៥នាទីក្រោយមក Kinoshita Reiya របស់ទ័ព្ធ វាយបកបាន១គ្រាប់ លទ្ធផល២-១។
 
សល់១០នាទីចុងក្រោយ ក្រុមភ្ញៀវ ច្បាស់ជាត្រូវបញ្ចេញអស់ពីសមត្ថភាព ដើម្បីឲ្យបានលទ្ធផលយ៉ាងហោចណាស់ស្មើជាមួយម្ចាស់ផ្ទះ។ ការប៉ះទង្គិចគ្នាជាច្រើនលើក ត្រូវបានអាជ្ញាកណ្ដាល លើទីលានដោះស្រាយយ៉ាងរលូន។ ដោយឡែក នៅនាទីថែម ៩០+៦ អ្នកចាំទីទ័ព អ៊ំ សេរីរ័ត្ន បានព្យាយាមចាប់បាល់ ដែលបំផ្លោងដោយកីឡាករភ្នំពេញក្រោន ប៉ុន្ដែរបូតធ្លាក់នៅជាប់ខ្លួន ហើយ Denilson របស់ភ្នំពេញក្រោន ដែលឈរជំហរក្រៅល្បែង ព្យាយាមដណ្ដើមទាត់ ហើយក៏ប៉ះទង្គិចគ្នា។ ការប៉ះទង្គិចនោះ មិនជាបង្កររបួសធ្ងន់ឡើយ ប៉ុន្ដែកើតជាការប្រទូសរ៉ាយធំ អូសបន្លាយរហូតឈានដល់ឈ្លោះគ្នាក្រោយចប់ការប្រកួតទៀត។ 
 
លោក ភា សុភ័ក្ដ្រា ទទួលស្គាល់ថាការបង្កជាជម្លោះ មិនថាក្រុមណាជាអ្នកចាប់ផ្ដើមមុនឡើយ សុទ្ធតែជះឥទ្ធិពលអាក្រក់ដល់វិស័យកីឡាបាល់ទាត់។ ប៉ុន្ដែគ្រូបង្វឹករូបនេះ ចាត់ទុកថាអាជ្ញាកណ្ដាល លោក​ ជួប វិសាល អ្នកកាត់សេចក្ដីក្នុងប្រកួតនេះ គឺជាផ្នែកមួយរទទួលខុសត្រូវលើការប្រទូសរ៉ាយនេះ ដោយសារតែការសម្រេចចិត្ត មិនទាន់ពេលវេលា។
 
«រឿងរ៉ាវ កើតឡើង ដែលប្រទូសរ៉ាយគ្នាក្រោយការប្រកួត វាមិនមែនជារឿងល្អប៉ុន្មានទេ វាបង្ហាញគំរូអាក្រក់ ដល់សង្គម។ យើងមិនចង់ឲ្យមានការប្រទូសរ៉ាយបែបនេះទេ។ ប្រសិនជាមានការសម្រេចចិត្តណាមួយឲ្យលឿនរបស់អាជ្ញាកណ្ដាល គឺយើងប្រហែលជាមិនមានរូបភាពបែបនេះ ក្នុងការប៉ះទង្គិច។ សម្រាប់កីឡាករ គឺជារឿង ដែលពួកគាត់ប្រកួតប្រជែង អ៊ីចឹងបើមានការប៉ះទង្គិចអី គឺមានការសម្រេច និងការកាត់សេចក្ដី ប៉ុន្ដែអាជ្ញាកណ្ដាល ក្នុងស្ថានភាពខ្លះ គាត់អាចចូលទៅបញ្ឈប់រឿងនេះបាន។ ឧទាហរណ៍ ការប្រជែងជាមួយអ្នកចាំទី ប្រសិនជាអាជ្ញាកណ្ដាលគាត់មិនផ្លុំ ការប្រជែងនេះ ទុកឲ្យបាល់ទី២ធ្លាក់ចុះ ទី៣ធ្លាក់ចុះ វាទៅជារឿងផ្សេងទៀត។ នេះ គឺជាអ្វី ដែលខ្ញុំចង់លើកឡើងនេះ គឺការប្រទូសរ៉ាយនេះ បើនិយាយពីកីឡាករ ជារឿងដែលខុស ប៉ុន្ដែក៏រួមចំណែកមួយ ក្នុងការទប់ស្កាត់កំហុសដែលកើតមានឡើងរបស់អាជ្ញាកណ្ដាល។»។ លោក ភា សុភក្ដ្រា បាននិយាយដូច្នេះ។
 
ក្នុងសប្ដាហ៍ទី២១នេះ អង្គរថាយហ្គឺរ ស្មើលទ្ធផល ២-២ ជាមួយគិរីវង់សុខសែនជ័យ នៅកីឡដ្ឋានហនុមាន។ ចំណែក អាយ អេស អាយ ដង្កោសែនជ័យ យកឈ្នះ វិសាខា លទ្ធផល៣-១ នៅកីឡដ្ឋានព្រីនស៍ ខណៈ ព្រះខ័នរាជស្វាយរៀង ឈ្នះ ណាហ្គាវើលដ៍ ៤-៣ នៅកីឡដ្ឋានខេត្តស្វាយរៀង។ រីឯ ព្រៃវែង បរាជ័យក្នុងដីលទ្ធផល ២-០ ក្នុងការប្រកួតជាមួយ បឹងកេត នៅកីឡដ្ឋានខេត្តព្រៃវែង។ 
 
គួរបញ្ជាក់ផងដែរថា គិតត្រឹមសប្ដាហ៍ទី២១ ព្រះខ័នរាជស្វាយរៀង នៅតែរក្សាកំពូលតារាង (បណ្ដោះអាសន្ន) ដោយមាន៥៣ ពិន្ទុ តាមពីក្រោយដោយ ភ្នំពេញក្រោន ចំណាត់ថ្នាក់លេខ២ មាន៤៨ពិន្ទុ។ ក្រុមវិសាខា ឈរនៅចំណាត់ថ្នាក់លេខ៣ មាន៣៥ពិន្ទុ រីឯ បឹងកេត លេខ៤ និងអាយ អេស អាយ ដង្កោសែនជ័យ លេខ៥ មាន៣១ពិន្ទុ ដូចគ្នា។ កងយោធពលខេមរភូមិន្ទ មាន២៤ពិន្ទុ ឈរចំណាត់ថ្នាក់លេខ៦ តាមពីក្រោយដោយណាហ្គាវើលដ៍ លេខ៧ មាន២៣ពិន្ទុ។ ចំណែក ព្រៃវែង មាន២០ពិន្ទុ ឈរចំណាត់ថ្នាក់លេខ៨។ រីឯ អង្គរថាយហ្គឺរ បន្ដឈរលេង៩ មាន១៥ពិន្ទុ និងគិរីវង់សុខសែនជ័យ លេង១០ មាន១៤ពិន្ទុ៕

Tag:
 បាល់ទាត់
  Cambodian Premier League
  ភា សុភ័ក្ដ្រា
© រក្សាសិទ្ធិដោយ thmeythmey.com