អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកពូទីន ផ្តល់រថយន្តទំនើបមួយគ្រឿងដល់លោកគីម ជុងអ៊ុន
20, Feb 2024 , 2:49 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (ឆ្វេង) និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអង្គុយក្នុងរថយន្ត Aurus Senat នៅពេលទស្សនា Vostochny នៅរុស្ស៊ី ក្នុងខែកញ្ញា ឆ្នាំ២០២៣។ រូបភាព ៖ KCNA
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (ឆ្វេង) និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអង្គុយក្នុងរថយន្ត Aurus Senat នៅពេលទស្សនា Vostochny នៅរុស្ស៊ី ក្នុងខែកញ្ញា ឆ្នាំ២០២៣។ រូបភាព ៖ KCNA
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទទួលអំណោយរថយន្តមួយគ្រឿងផលិតនៅរុស្ស៊ី ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដើម្បីបង្ហាញពីចំណងទំនាក់ទំនងពិសេស រវាងមេដឹកនាំទាំងពីរ។ យ៉ាងណាមិញ កូរ៉េខាងត្បូង បានអះអាងថា អំណោយមួយនេះ អាចជាការបំពានសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខ។

 
ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA បានចុះផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ថា រថយន្តដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជូនលោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ត្រូវបានប្រគល់ទៅឱ្យលោកស្រី Kim Yo-jong ប្អូនស្រីលោកគីម និងលេខាធិការបក្សពលករកូរ៉េ លោក Pak Jong-chon នៅថ្ងៃទី១៨ ខែកុម្ភៈ។ លោកស្រី Kim Yo-jong បានជំនួសមុខបងប្រុសរបស់ខ្លួនថ្លែងអំណរគុណដល់លោក ពូទីន។ 
 
«អំណោយនេះ ជាការបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងផ្ទាល់ខ្លួនពិសេស រវាងមេដឹកនាំទាំងពីរ ក៏ដូចជាសក្ខីកម្មនៃទំនាក់ទំនងដ៏ល្អបំផុត»។ KCNA បានដកស្រង់សម្តីលោកស្រី Kim Yo-jong ។ 
 
KCNA មិន​បាន​បង្ហោះ​រូបថត ឬ​ព័ត៌មាន​លម្អិត​អំពី​រថយន្ត​នោះ​ទេ ហើយគេ​មិន​ដឹង​ថា​​រថយន្ត​នេះ ​ត្រូវ​បាន​ដឹក​ជញ្ជូន​ពី​រុស្ស៊ី​ ទៅ​កូរ៉េ​ខាង​ជើង​ ដោយ​របៀប​ណាដែរ។ រថយន្តដែលប្រធា​នាធិបតីរុស្ស៊ី បានផ្តល់ឱ្យមេដឹកនាំកូរ៉េខាងជើង គឺជាអំណោយសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន។ 
 
ក្នុងដំណើរទស្សនកិច្ចនៅស្ថានីយអវកាស Vostochny របស់រុស្ស៊ី ក្នុងនៅខែកញ្ញា ឆ្នាំ២០២៣ លោកពូទីនបានបង្ហាញរថយន្តប្រភេទ Aurus Senat មួយគ្រឿងទៅលោកគីម។ មេដឹកនាំរុស្ស៊ី ក៏បានណែនាំឱ្យលោកគីម នៅពេលដែលលោក គីម ជុងអ៊ុន​ ទៅទស្សនាអង្គុយលើរថយន្ត ដែលរស្ស៊ីផលិតដោយផ្ទាល់ផង។ 
 
យ៉ាងណាមិញ អំណោយរថយន្តទំនើបមួយនេះ អាចជាការបំពានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលហាមការផ្គត់ផ្គង់គ្រឿងបរិក្ខារទំនើបឱ្យកូរ៉េខាងជើង។ បើតាមក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង រុស្ស៊ី គួរតែមានការទទួលខុសត្រូវ ក្នុងនាមជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ហើយឈប់បំពានច្បាប់អន្តរជាតិ​៕

Tag:
 កូរ៉េខាងជើង
  រុស្ស៊ី
  ពូទីន
  គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com