ជាតិ
ហូល ផាមួង ចំណាស់​របស់អ្នកខេត្តតាកែវ​ កំពុងត្រូវបានដាក់បង្ហាញនៅក្រុង​សៀម​រាប
21, Feb 2024 , 7:59 am        
រូបភាព
ការពិព័រណ៍ហូល ផាមួង អាវប៉ាក់ អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ នៅសារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ី ក្រុងសៀមរាប។
ការពិព័រណ៍ហូល ផាមួង អាវប៉ាក់ អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ នៅសារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ី ក្រុងសៀមរាប។
សៀមរាប៖ សមុច្ច័យ ហូល ផាមួង និងអាវប៉ាក់ចំនួន២១ ដែលជាស្នាដៃប្រណិតៗ និង​ចំ​ណាស់របស់អ្នកតម្បាញស្រុកព្រៃកប្បាស ខេត្តតាកែវ កំពុង​បានបង្ហាញនៅក្នុងពិព័រណ៍ នៅ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក្រុងសៀមរាប។ ពិព័រណ៍នេះ មានរយៈពេល៦ខែ ចាប់ ផ្តើមមកពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤។ សមុច្ច័យទាំងនោះ ត្រូវបាន​អ្នកតម្បាញ ស្រុកព្រៃ កប្បាស ខេត្តតាកែវ ​បរិច្ចាគមកកាន់សារមន្ទីរដើម្បីអភិរក្ស និងបង្ហាញកូនចៅ ជំនាន់បាន ស្គាល់។ តាមរយៈសមុច្ច័យទាំង នេះ សាធារណជនចូលទស្សនា នឹងបាន​ឈ្វេង យល់ពី ការត្បាញ, ក្បាច់គោមរបស់អ្នក តម្បាញជាអ្នកស្រុកព្រៃកប្បាស តាមរយៈមគ្គទេសក៍ សារមន្ទីរផ្ទាល់។

 
ដើម្បីជ្រាបច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាស រវាងលោក ស៊ុល រ៉វី ជាមួយ លោក សែន គឹមស៊ុន នាយករងស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នៃអាជ្ញាធរ ជាតិអប្សរាដូចតទៅ៖ 
 

ហូល ផាមួង និងអាវប៉ាក់ចំនួន២១ ដែលមានអាយុកាលចន្លោះពី៤០ ទៅ៦០ឆ្នាំ មានក្បាច់ គោមទីទៃ និងប្រណិតៗ ប្លែកពីមួយទៅមួយ ដូចជាគោមបាត់ដំបង, គោមក្ដិបកន្តឹម, គោម​ផ្ការាំង, គោមផ្កាចន្ទន៍, គោមកូនហ៊ីងខ្សែ, គោមផ្កាយព្រឹក, គោមកន្តេះឡង់, គោមខ្សែថ្នក់, គោមកូនអណ្ដើក, គោមខ្សែបីជាន់, គោមផ្កាព្កុលជាដើម។ 
 
លោក សែន គឹមស៊ុន នាយករងស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ហូល ផាមួង និងអាវប៉ាក់កំពុងពិព័រណ៍នេះ គេត្រូវបានយកចេញពីសមុច្ច័យចំនួន៥១ ដែលប្រជាពលរដ្ឋ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ បរិច្ចាកមកកាន់សារមន្ទីរ កាលពីឧសភា ឆ្នាំ២០២៣កន្លង ទៅ។ 
  

លោកបញ្ជាក់ទៀតថា ប្រជាពលរដ្ឋបរិច្ចាគមកកាន់សារមន្ទីរនេះ ក្រោមគោលបំណង ដើម្បី​ស្វែងរកម្ចាស់បន្ទាប់ ដែលអាចថែរក្សាជំនួសពួកគាត់ ស្របពេលដែលពួកគេមាន​វ័យ​ចំណាស់ ដោយខ្លះអាយុ៧០ ៨០​ទៅហើយនោះ។ គោលបំណងមួយទៀត គឺពួកគេចង់ បង្ហាញពីស្នាដៃការត្បាញដោយដៃ របស់ពួកគេទៅកាន់មនុស្សជំនាន់ក្រោយបានដឹង និង បានស្គាល់ពីសំពត់ហូល ផាមួង ដែលជាសម្លៀកបំពាក់របស់ជាតិ។ 
 
សម្រាប់លោក សែន គឹមស៊ុន ពិព័រណ៍ហូល ផាមួយ អាវប៉ាក់ នេះមានសារៈសំខាន់ណាស់ សម្រាប់សារធារណជនទាំងអស់។ លោកអះអាងដូច្នេះ៖ «ប្រភេទហូល ផាមួង ដែលជា​សម្លៀកបំពាក់បែបប្រពៃណីរបស់ខ្មែរយើងនេះ វាតំណាងអត្តសញ្ញាណរបស់ខ្មែរ ដូច្នេះគេ​អាចស្គាល់យើងបានតាមរយៈការស្លៀកពាក់។ អ៊ីចឹងបើយើងជាយុវជន ជាអ្នកជំនាន់ ក្រោយ  អត់ស្គាល់ប្រភេទហូល ផាមួង របស់ទាំងអស់ហ្នឹង ហាក់បីដូចជាយើងមិនមែនជា ផ្នែកមួយនៃជនជាតិខ្មែរ»។​
 
គួរជម្រាបផងដែរថា ពិព័រណ៍នេះមានរយៈពេល៦ខែ ចាប់ពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ តទៅ។ ប្រិយមិត្តអាច​ចូលទស្សនាការពិព័រណ៍នេះបាន នៅសារមន្ទីរវវាយនភណ្ឌប្រពៃណី អាស៊ី ដែលស្ថិតនៅតាមបណ្ដោយផ្លូវអប្សរា កែងនឹងផ្លូវ ៦០ម៉ែត្រ ក្រុងសៀមរាប។ ប្រិយ មិត្តក៏អាចស្វែងរកទីតាំងសារមន្ទីរនេះតាមរយៈ Google Map ដោយវាយ «MGC Asian Traditional Textile Museum»៕ 
 












Tag:
 ThmeyThmey
  ពិព័រណ៍
  ហូល
  ផាមួង
  ព្រៃកប្បាស
  តាកែវ
  សៀមរាប
  សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com