កីឡាជាតិ
ជាតិ
ប្រធានក្លិបបឹងកេត ចរចាជាមួយ FFC ដើម្បីឱ្យសៀង ចន្ធា អាចបង្ហាញខ្លួនក្នុងលីគ និងពានសម្តេច
21, Feb 2024 , 2:02 pm        
រូបភាព
សៀង ចន្ធា ដែលត្រឡប់ពីក្លិបនៅកាតាក្នុងលក្ខខណ្ឌខ្ចីជើង មិនអាចបង្ហាញខ្លួនឱ្យបឹងកេតបានទេ ដោយសារផុតទីផ្សារដោះដូកីឡាករ។ ក្លិបបឹងកេត កំពុងចចារជាមួយសហព័ន្ធបាល់ទាត់កម្ពុជា (FFC) និងបណ្ដាក្លិបក្នុងលីគ រកដំណោះស្រាយណាមួយ ឱ្យចន្ធា អាចចូលប្រកួតបាន។ លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត និយាយថាជារឿងគួរឲ្យសោកស្ដាយ ដែលកីឡាករមានសមត្ថភាពម្នាក់មិនបានប្រកួត ហើយទុកឲ្យទំនេរចោល។



ការប្រកួតលីគ និងពានសម្ដេច ហ៊ុន សែន កាន់តែទាក់ទាញ។ លីគ ឈានមកដល់ជុំទី៣ ហើយក៏ជិតសម្រេចយក ៤ក្រុម លើកំពូលតារាង ទៅប្រកួតខ្វែងគ្នាដើម្បីរកម្ចាស់ជើងឯក។

រីឯពានសម្ដេច ហ៊ុន សែន ក៏ដូចគ្នា បានឈានមកដល់វគ្គ៨ក្រុមចុងក្រោយ។ បឹង កេត ត្រូវប្រកួតជាមួយ អាយ អេស អាយ ដង្កោសែនជ័យ ក្នុងជើងទី២ នៃពានសម្ដេច ហ៊ុន សែន លើកទី១៧ វគ្គ៨ក្រុម ជម្រុះថ្នាក់ជាតិ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅកីឡដ្ឋាន AIA KMH Park។
 
ដោយឡែក សៀង ចន្ធា កីឡាករបឹងកេត ដែលជាខ្សែប្រយុទ្ធទើបត្រឡប់មកពីកាតា ក្រោយបញ្ចប់កុងត្រាខ្ចីជើង មិនអាចចូលប្រកួតឲ្យបឹងកេតបានទេ នាចុងរដូវកាលនេះ ព្រោះចប់ទីផ្សារដោះដូកីឡាករ។ លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា គឺជារឿងសោកស្ដាយ ប្រសិនជាកីឡាករដ៏ល្អម្នាក់ មិនបានបញ្ចេញសមត្ថភាពលើទីលាន។ ប្រធានក្លិបរូបនេះ បន្ថែមទៀត ក្លិបបឹងកេត កំពុងស្នើទៅសហព័ន្ធបាល់ទាត់កម្ពុជា រកដំណោះស្រាយណាមួយ ឲ្យកីឡាកររូបនេះអាចចូលលេងវិញបាន ហើយក៏សុំអនុគ្រោះដល់ក្លិបក្នុងលីគ យោគយល់ចំពោះសំណើក្រោយបញ្ចប់ទីផ្សារដោះដូរកីឡាករនេះដែរ។ 
  
បឹងកេត ប្រកួតជាមួយ អាយ អេស អេស ដង្កោសែនជ័យ រូបពី Cambodian Premier League

«យើងបានដាក់សំណើ ហើយគេកំពុងសិក្សាពីរឿងនេះ ព្រោះតែគេបិទទីផ្សារដោះដូរកីឡាករ។ គ្នាកំពុងលេងល្អផង។ ខ្ញុំបារម្ភ ហើយសហព័ន្ធ ក៏បានខ្នះខ្នែងរឿងនេះដែរ។ ខ្ញុំស្ដាយសក្ដានុពលកីឡាករកំពុងល្អ។»។ លោកស្រី ពុធ ធីតា បាននិយាយដូច្នេះ។
 
សម្រាប់ការប្រកួតជើងទី២ នៃពានសម្ដេច ហ៊ុន សែន ក្លិបបឹងកេត មានពីគ្រាប់ចំណេញលើ អាយ អេស អាយ ដង្កោសែនជ័យ ព្រោះជើងទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី៧ ខែកុម្ភៈ បឹងកេត ឈ្នះ ក្នុងលទ្ធផល ៤-២។ ទោះមាន២គ្រាប់ចំណេញក៏ដោយ បឹងកេត នៅតែមិនទាន់ធានាថា ​អាចមានកៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឡើយ ព្រោះអាយ អេស អាយ ដង្កោសែនជ័យ ជាក្រុមដែល​មានកម្រិតដ៏ពិបាកប៉ានស្មាន​។ នៅពេលប្រកួតជាមួយក្រុមខ្លាំង ក្រុមនេះ ក៏ខ្លាំង ហើយនៅពេលប្រកួតជាមួយក្រុមខ្សោយ កម្រិតនៃការលេង ក៏ខ្សោយ។ ជាឧទាហរណ៍ ក្នុងការប្រកួតលីគ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ក្រុមនេះ បានឈ្នះ វិសាខា ៣-១ នៅកីឡដ្ឋានព្រីនស៍។
 
ក្នុងពានសម្ដេចហ៊ុន សែន ដដែលនេះ នាថ្ងៃទី២១ ខែកុម្ភៈ វិសាខា ត្រូវស្វាគមន៍ ព្រៃវែង នៅម៉ោង ៦:០០ ល្ងាច នៅកីឡដ្ឋានព្រីនស៍ ខណៈពេល ព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ ណាហ្គាវើលដ៍ នៅកីឡដ្ឋានខេត្តស្វាយរៀង។ សម្រាប់ការប្រកួតជើងទី១ វិសាខា បានឈ្នះ ព្រៃវែង ១-០ រីឯ ព្រះខ័នរាជស្វាយរៀង ឈ្នះ ណាហ្គាវើលដ៍ ៤-១៕

Tag:
 ពានសម្ដេច ហ៊ុន សែន
  សៀង ចន្ធា
© រក្សាសិទ្ធិដោយ thmeythmey.com