ជាតិ
កម្ពុជា-អាម៉េរិក ពង្រឹង​​ភាពជា​ដៃគូផ្នែក​សន្តិសុខនុយក្លេអ៊ែរ
21, Feb 2024 , 3:19 pm        
រូបភាព
ដោយ: រួបរួម
លោក Frank A. Rose នាយករងប្រចាំការនៃរដ្ឋបាលជាតិ​សន្តិសុខអាវុធ​នុយក្លេអ៊ែរសហរដ្ឋអាម៉េរិក (NNSA) ស្ថិតក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បីពិភាក្សា​ពីភាពជា​ដៃគូផ្នែក​សន្តិសុខ​នុយក្លេអ៊ែរជាមួយ​មន្ត្រី​កម្ពុជា​នៅ​រាជ​ធានីភ្នំពេញ និង​ខេត្តព្រះសីហនុ។

 
តាម​សេចក្តីប្រកាសព័ត៌មាន​របស់ស្ថានទូតសហរដ្ឋអាម៉េរិក​ប្រចាំកម្ពុជា  នា​ថ្ងៃទី​២១ ខែកុម្ភៈ នេះ លោក Frank A. Rose មានជំនួប​ជាមួយ​រដ្ឋលេខា​ធិការ​ក្រសួង​រ៉ែ និង​ថាមពល ពីររូប​​គឺ​លោក អ៊ឹង អៀង និង​លោក លី វណ្ណា ដោយ​បាន​ពិភាក្សា​គ្នា​ស្តីពីការ​លើ​កម្ពស់​សុវត្ថិភាពនុយក្លេអ៊ែរ និងការត្រៀមបង្ការសម្រាប់គ្រាអាសន្នមានវិទ្យុសកម្ម។
 
ក្រសួងរ៉ែ និងថាមពល ជាសេនាធិការឱ្យរាជរដ្ឋាភិបាល ដែលមានបេសកកម្មដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍលើវិស័យរ៉ែ និងថាមពលរួមទាំងវិស័យប្រេងកាត បរមាណូស៊ីវិលរួមទាំងវិទ្យុសកម្ម និងអគ្គិសនី ក្នុងនោះ លោក អ៊ឹង អៀង ក៏មានតួនាទីជាអនុប្រធាន​លេខាធិការដ្ឋានគណៈកម្មាធិការជាតិ​ប្រឆាំង​ភេរវកម្ម​ផងដែរ។


 
បន្ថែម​ពី​លើ​នេះ មន្ត្រីជាន់ខ្ពស់ NNSA អាម៉េរិក មានជំនួប​ដោយ​ឡែកជាមួយមន្ត្រីក្រសួង​ការបរទេស​ស្តីពីកិច្ចសហប្រតិបត្តិការលើការខិតខំធ្វើមិនឲ្យ​មានការរីកសាយ និងសន្តិសុខនុយក្លេអ៊ែរ។ មុន​បន្តដំណើរទៅ​វៀតណាម លោក Rose ត្រូវជួបជាបន្ត​បន្ទាប់​​ជាមួយមន្ត្រី​កំពង់ផែ និងគយកម្ពុជា រួមទាំង​ប្រាស្រ័យជាមួយ​និស្សិត​ខ្មែរ ស្តីពីសន្តិសុខ​តាម​អ៊ីន​ធឺណែត។
 
លោក Rose បាន​បញ្ជាក់ថា រដ្ឋបាលជាតិ​ ផ្នែកសន្តិសុខអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក វាយតម្លៃខ្ពស់ ចំពោះកិច្ចសហការកម្ពុជា លើសុវត្ថិភាពនុយក្លេអ៊ែរ ការត្រៀមបង្ការ និងការឆ្លើយតបសម្រាប់គ្រាអាសន្នមានវិទ្យុសកម្ម។ «យើងផ្តល់តម្លៃដល់កិច្ចសហការជាដៃគូរបស់យើង ក្នុងការតាមដានលើការជួញដូរខុសច្បាប់ ទាក់ទងនឹងសារធាតុនុយក្លេអ៊ែរ» ។ លោកអះអាងយ៉ាងដូច្នេះ៕ 

Tag:
 សន្តិសុខនុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com