កីឡាអន្តរជាតិ
អន្តរជាតិ
Son លើកទោសឱ្យមិត្តរួមក្រុមកូរ៉េខាងត្បូង Kang-in ចំពោះជម្លោះនៅ Asian Cup
22, Feb 2024 , 9:40 am        
រូបភាព
Heung-Min Son ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង លើកលែងទោសដល់មិត្តរួមក្រុម និងជាសិស្សប្អូន Lee Kang-in ចំពោះការបង្កបញ្ហាទំនាស់ក្នុងក្រុមអំឡុងពេលមុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Asian Cup 2023 នៅក្នុងប្រទេសកាតា។



អំឡុងពាក់កណ្តាលផ្តាច់ព្រ័ត្រដែលកូរ៉េខាងត្បូងចាញ់ ហ្សកដានីលទ្ធផល ២-០ ប្រធានក្រុម Son ត្រូវបានគេឃើញមានរងរបួសម្រាមដៃពេលប្រកួត។ បញ្ហារបួសត្រូវបានបកស្រាយថា ដោយសារមានទំនាស់អំឡុងទទួលទានអាហារជួបជុំមុនការប្រកួតមកដល់។
 
សមាគមបាល់ទាត់កូរ៉េខាងត្បូង បង្ហាញពីមូលហេតុ កីឡាករវ័យក្មេងក្នុងក្រុម ព្យាយាមស្រស់ស្រូបអាហារបានលឿន ដើម្បីទៅលេងកីឡាវាយកូនឃ្លីលើតុ ដែលបង្កឱ្យកីឡាករវ័យចំណាស់ក្នុងក្រុមមិនសប្បាយចិត្ត ព្រោះចាត់ទុកថាជាការហូបអាហារ ដើម្បីរិតបណ្តឹងចំណងមិត្តភាព និងការសហការគ្នាក្នុងក្រុមឱ្យកាន់តែល្អ។ ទំនាស់បានកើតឡើង ហើយ Son ចូលទៅហាមឃាត់ជួបប្រទះបញ្ហារបួសម្រាមដៃ ស្របពេលមានពាក្យមិនសមរម្យពី Kang-in។
 
បញ្ហាទំនាស់ ធ្វើឱ្យកីឡាករខ្សែបម្រើក្រុម Paris Saint Germain រងការរិះគន់យ៉ាងខ្លាំង ពីសំណាក់ប្រជាជនកូរ៉េខាងត្បូង ដែលសិស្សច្បង Son ហាក់មានប្រជាប្រិយភាពខ្លាំងក្នុងនាមជាអត្តពលិកល្អប្រចាំប្រទេស។ ក្រោយធ្លាក់ចេញពី Asian Cup កីឡាករ Kang-in បានចេញមុខសុំទោសរៀមច្បង និងកីឡាករក្នុងក្រុមជម្រើសជាតិ។ មកដល់ពេលនេះ Son ដែលកំពុងស្ថិតនៅជាមួយក្លិប Tottenham Hotspur បានយល់ព្រមលើកលែងទោសដល់សិស្សប្អូនដែលបានបង្កកំហុសឆ្គង។
 
«Kang-in បានស្វែងរកឃើញការយល់ដឹងដោយស្មោះអំពីទង្វើររបស់គេ និងបានសុំទោសដោយស្មោះទៅកាន់កីឡាករទាំងអស់ ក្នុងក្រុមជម្រើសជាតិរួមទាំងខ្ញុំដែរ។ ដើម្បីទប់ស្កាត់កុំឱ្យ Kang-in ប្រព្រឹត្តិអំពើខុសឆ្គងបែបនេះម្តងទៀត កីឡាករយើងទាំងអស់ក្នុងនាមក្រុមជម្រើសជាតិ នឹងយកចិត្តទុកដាក់ ដើម្បីឱ្យគេអាចរីកចម្រើនក្លាយជាកីឡាករល្អ។ ចាប់តាំងពីរឿងហេតុ Kang-in បានជួបប្រទះបញ្ហាអាក្រក់ជាច្រើន ដូច្នេះសូមមេត្តាលើកទោសដល់រូបគេដោយចេញពីចិត្តផងចុះ។»។ Son បានសរសេរបង្ហោះដោយនិយាយបែបនេះនៅលើបណ្តាញសង្គម Instagram ថ្ងៃទី២១ ខែកុម្ភៈ ដោយលាយឡំរូបភាពថតជាមួយនឹង Kang-in៕

Tag:
 Heung-Min Son
  Lee Kang-In
© រក្សាសិទ្ធិដោយ thmeythmey.com