កីឡាអន្តរជាតិ
អន្តរជាតិ
លោក Tuchel និង Bayern Munich នឹងចែកផ្លូវគ្នាក្រោយចប់រដូវកាល
22, Feb 2024 , 1:59 pm        
រូបភាព
ក្រុម Bayern Munich នឹងត្រូវចែកផ្លូវជាមួយនឹងលោក Thomas Tuchel ជាអ្នកចាត់ការក្រុមពេលបច្ចុប្បន្ន នៅពេលបញ្ចប់រដូវកាល ២០២៣-២៤ បន្ទាប់ពីភាគីសងខាងបានព្រមព្រៀងគ្នា ក្រោយមានកិច្ចប្រជុំរួចមក។ ​កិច្ចសន្យារបស់លោក Tuchel ត្រូវបញ្ចប់នៅឆ្នាំ ២០២៥ ប៉ុន្តែព្រោះតែការដឹកនាំក្រុមមិនបានល្អ ទើបជំរុញឱ្យមានការផ្លាស់ប្តូរបែបនេះ។



៣ប្រកួតចុងក្រោយ Bayern រងបរាជ័យជាប់ៗគ្នានៅរាល់គ្រប់កម្មវិធីប្រកួត ដោយក្នុងនោះក៏រួមមានលទ្ធផល ៣-០ ក្រោមថ្វីជើងក្រុមកំពូលតារាងលីគកំពូលអាល្លឺម៉ង់ Bayer Leverkusen ហើយធ្លាក់គម្លាតពិន្ទុកាន់តែឆ្ងាយដល់ទៅ ៨ពិន្ទុ ក្នុងការប្រកួតប្រជែងពានរដូវកាលនេះ។ ក្នុងក្របខណ្ឌ Champions League វិញក្រុមយក្សអាល្លឺម៉ង់ ក៏បានចាញ់ក្រោមថ្វីជើង Lazio លទ្ធផល ១-០ ជំនួបជើងទីមួយវគ្គ១៦ក្រុមចុងក្រោយ។ 
 
តាមរយៈលទ្ធផលនេះ នឹងធ្វើឱ្យ Bayern Munich ប្រឈមមុខនឹងការមិនឈ្នះពានរង្វាន់អ្វីសោះលើកដំបូង ក្នុងរយៈពេលជាង ១ ទសវត្សរ៍មកនេះ។
 
លោក Tuchel អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ បានចូលកាន់កាប់តំណែងកាលពីខែមីនា ក្នុងឆ្នាំ ២០២៣ ចាប់តាំងពីលោក Julian Nagelsmann ត្រូវបានក្លិបបណ្តេញចេញ ក្រោយដឹកនាំក្រុមមិនបានល្អធ្លាក់ចេញពីពានរង្វាន់ German Cup និង Champions League បើទោះជាចុងបញ្ចប់រដូវកាលជួយក្រុមដណ្តើមបានពាន Bundesliga ពីដៃក្រុម Borussia Dortmund ក៏ដោយ។ 
 
សម្រាប់រដូវកាល ២០២៤-២៥ លោក Jan Christian Dreesen នាយកប្រតិបត្តិក្លិប Bayern បាននិយាយថានឹងចាប់ផ្តើមដំណើរជាមួយនឹងគ្រូបង្វឹកថ្មី។
 
«នៅក្នុងកិច្ចចរចាដ៏ល្អបំផុតមួយ យើងបានឈានមកដល់ការសម្រេចចិត្តចុងក្រោយនៃការបញ្ចប់ទំនាក់ទំនងរវាងភាគីទាំងសងខាងនៅក្នុងរដូវកាលខាងមុខ។ គោលដៅចម្បងរបស់យើងនោះគឺស្វែងរកគោលដៅបាល់ទាត់ថ្មីជាមួយនឹងគ្រូបង្វឹកថ្មីក្នុងរដូវកាល ២០២៤-២៥។»។ នេះបើតាមការលើកឡើងរបស់លោក Dreesen។
 
ពេលវេលារបស់បុរសដែលធ្លាប់បានដឹកនាំក្រុមដូចជា Dortmund, Paris Saint Germain ហើយបានឈ្នះ Champions League ជាមួយ Chelsea ក្នុងឆ្នាំ ២០២១ មិនទាន់ឈានដល់ពេលបញ្ចប់នៅឡើយ ខណៈលោកអាចផ្តោតលើការប្រជែងពាន Bundesliga និង UCL មុនពេលចាកចេញ៕

Tag:
 Bayern Munich
  Thomas Tuchel
© រក្សាសិទ្ធិដោយ thmeythmey.com