ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ដំណាំស្វាយចន្ទីនៅ​កម្ពុជា៖ ការបន្ស៊ាំនឹងអាកាសធាតុ គោលនយោបាយជាតិ និងក្តីសង្ឃឹម
23, Feb 2024 , 9:27 am        
រូបភាព
លោក លាម លង់ហេង ម្ចាស់ចម្ការស្វាយចន្ទី៤០ហិកតា នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កំពុងពិនិត្យផ្កាស្វាយចន្ទី ​ដែលមិនព្រមចេញក្តិប តាំងពីខែវិច្ឆិកាឆ្នាំ២០២៣ មកទល់បច្ចុប្បន្ន ព្រោះតែរងគ្រោះពីការប្រែប្រួលអាកាសធាតុ។ រូបថត៖ ម៉េង សៀវម៉ី/ThmeyThmey
លោក លាម លង់ហេង ម្ចាស់ចម្ការស្វាយចន្ទី៤០ហិកតា នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កំពុងពិនិត្យផ្កាស្វាយចន្ទី ​ដែលមិនព្រមចេញក្តិប តាំងពីខែវិច្ឆិកាឆ្នាំ២០២៣ មកទល់បច្ចុប្បន្ន ព្រោះតែរងគ្រោះពីការប្រែប្រួលអាកាសធាតុ។ រូបថត៖ ម៉េង សៀវម៉ី/ThmeyThmey
ដោយ៖ អ៊ូ សុខមាន និង ម៉េង សៀវម៉ី
 
ចេញត្រួយយឺត ចេញផ្កាតែក្រចេញក្តិប មានក្តិបហើយតែស្វិត សាច់ប្រេះ គ្រាប់ខ្មៅ ខូច មិនសូវមានសាច់ រួម​ទាំង​កត្តា​ចង្រៃ​ផ្សេងៗទៀត​។ ទាំងនេះ ជា​ការលូត​លាស់​មិន​ប្រក្រតី​​របស់ដំណាំ​ស្វាយ​ចន្ទី ដែល​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ។ ជាដំណាំ​ឧស្សាហកម្ម​នាំ​ចេញ​លំដាប់ទី៣ បន្ទាប់ពី​ស្រូវ និង​ដំឡូងមី ទាំងអ្នក​ដាំ ទាំង​រដ្ឋាភិបាល វិស័យ​ឯកជន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ​នានា ខំ​ប្រឹងជម្នះ​បញ្ហា​ប្រឈម ដើម្បី​ឱ្យ​ស្វាយ​ចន្ទី និងផលិត​ផល​ស្វាយ​ចន្ទី​កម្ពុជា មាន​សមត្ថភាព​ប្រកួត​ប្រជែងខ្ពស់​នៅ​ទីផ្សារអន្តរជាតិ។

 
ចាប់​តាំងពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ មក ដំណាំ​ស្វាយ​ចន្ទី​របស់​លោក ឡាច តារា ជួប​បញ្ហា​ក្រ​ចេញក្តិប ព្រោះតែផ្កាក្រៀម​ស្វិត និង​មិន​រោយ​​ចេញពីទង។ កត្តា​ទាំងនេះ បង្ខំ​ឱ្យកសិករ​នៅ​ឃុំ​រលួសមាន​ជ័យ ស្រុកអូរគ្រៀងសែន​ជ័យ ខេត្ត​ក្រចេះ បង្កើន​ការ​ចំណាយ​លើ​ថ្នាំពុល​គីមី​កសិកម្ម​ដើម្បី​បាញ់ចន្ទី​ឱ្យ​ចេញ​ក្តិប។
 
ជាង​៣ខែកន្លងមកនេះ លោក តារា បាន​បាញ់ថ្នាំ​រហូតដល់​ជិត​១០​ដង​ទៅ​លើ​ដំណាំ​ជាង​៧​ហិកតារបស់ខ្លួន ដោយ​រាល់ការបាញ់ថ្នាំម្តងៗលោកត្រូវ​ចំណាយអស់ប្រមាណ​១,១​លានរៀល (ប្រមាណ២៨០​ដុល្លារ)។ ក្រៅតែពីថ្លៃថ្នាំ កសិកររូបនេះ ក៏បានចំណាយលើថ្លៃជី ប្រេងឥន្ធនៈ និងកម្លាំង​ពលកម្មនានា ផងដែរ។

ការប្រែប្រួលអាកាសធាតុឆ្នាំនេះធ្វើឱ្យស្វាយចន្ទីរបស់លោក ឡាច តារា​ ទើបចេញក្តិបបាន១ទៅ៣ផ្លែប៉ុណ្ណោះក្នុងមួយចង្កោម​ ធៀបនឹងឆ្នាំកន្លងមកលោកបានចំណូលមួយចំនួនពីដំណាំនេះហើយ។ រូបថត៖ ម៉េង សៀវម៉ី/ThmeyThmey

«រាល់ឆ្នាំ ខែកុម្ភៈនេះ ខ្ញុំបានប្រមូលផលបណ្តើរៗហើយ ក៏ប៉ុន្តែឆ្នាំនេះ ចន្ទីមានតែផ្កា អត់ចេញក្តិប។ ខ្ញុំបាញ់ថ្នាំ ដើម្បីឱ្យវាកកើតចេញជាក្តិបចន្ទី តែសព្វថ្ងៃក្តិបចន្ទីមាន​ត្រឹមមួយ​ពីរ​ប៉ុណ្ណោះក្នុងមួយចង្កោម»។ នេះជាការបញ្ជាក់របស់លោក​ តារា ដែល​ត្អូញពី​ការ​ចំណាយ​លើសខ្ទង់ បើ​ប្រៀបធៀបទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដោយ​ចំណាយ​អស់ត្រឹម​តែ​១១ទៅ​១២លាន​រៀល គឺលោក ប្រមូលផលចន្ទីបានយ៉ាងហោចណាស់៥០០គីឡូក្រាមក្នុងរយៈពេលពីរ​ថ្ងៃម្តង។
 
ពេល​ថ្ងៃក្តៅពេក ពេល​យប់​ចុះត្រជាក់ពេក...

បទពិសោធន៍​ដាំ​ស្វាយ​ចន្ទី​៨​ឆ្នាំ តែនេះជាឆ្នាំទីមួយ​ហើយ ដែល​លោក​ តារា ជួបបញ្ហាលើ​ផល​ដំណាំ​របស់​ខ្លួន។ លោក​រអ៊ូ​ប្រាប់សារព័ត៌មា​ន​ឌីជីថល​ថ្មីៗថា៖ «អាកាសធាតុ​ប្រែប្រួលតាំងពី​ចុង​ឆ្នាំ២០២៣មក ​ពេលថ្ងៃ ក្តៅពេក រីឯពេលយប់ ចុះត្រជាក់ពេក ដោយមានធ្លាក់សន្សើមប្រៃ ហើយថែមទាំងមានខ្យល់ខ្លាំងទៀត ទើបធ្វើឱ្យចន្ទីខ្ញុំអត់ទាន់បានផលមកទល់ពេលនេះ»។ 

លោក ឡាច តារា កំពុងពិនិត្យផ្កាស្វាយចន្ទីដែលមិនព្រមចេញក្តិប ដោយសារតែរងគ្រោះពីការប្រែប្រួលអាកាសធាតុ។ រូបថត៖ ម៉េង សៀវម៉ី/ThmeyThmey

សម្រាប់​លោក តារា បើស្ថានភាពអាកាសធាតុគ្មានភ្លៀងកក់ខែរហូតដល់ខែមីនា លោកនឹងប្រឈមការខាតបង់ខ្លាំង ព្រោះតែមិនបានទិន្នផលចន្ទី។  ដើមទុនធ្វើចន្ទីនាឆ្នាំនេះ គឺបានពីការសន្សំរបស់លោក ដែលចំណេញបានពីលក់ផលចន្ទី នាឆ្នាំកន្លងមក។ 
 
ម្ចាស់​ចម្ការចន្ទី៧ហិកតា​រូបនេះ ពន្យល់ថា៖ « រាល់ឆ្នាំប្រាក់ដែលរកបានពីចន្ទី គឺខ្ញុំដកទុកមួយចំណែកសម្រាប់ជាទុនធ្វើចន្ទីនារដូវបន្ទាប់។ ខ្ញុំមិនដែលខ្ចីលុយពីធនាគារមកធ្វើដំណាំនេះទេ ប៉ុន្តែឆ្នាំនេះបើខាត! ខ្ញុំអាចនឹងរកទុនពីធនាគារ»។ 
 
កើន​ចំណាយ​ដូចគ្នា...

លោក ឡាច តារា មិនមែនជាករណីពិសេសនោះ​ឡើយ។ លោក លាម លង់ហេង ម្ចាស់​ចម្ការ​ស្វាយ​ចន្ទី៤០ហិក​តានៅឃុំ​ស្រើង ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់​ធំ ក៏ជួប​បញ្ហា​ដូចគ្នា ដោយ​លោក​បាន​ចំណាយ​លើ​ថ្លៃជួល​កម្មករ​បាញ់ថ្នាំ ដាក់​ជីបំប៉ន កុំឱ្យ​ខូចផ្កាចន្ទី ចាប់តាំងពីខែវិច្ឆិកាមក។
 
ដើមទុននៃដំណាំចន្ទីរបស់​កសិករ​វ័យ​៦៥​ឆ្នាំ​រូបនេះ មានមួយចំណែកធំបានពីការខ្ចីលុយធនាគារ ដោយ​សព្វថ្ងៃលោកជាប់ជំពាក់​ប្រមាណ​៥ម៉ឺន​ដុល្លារទៀត។
 
លោក លង់ហេង រំពឹង​ចំណូល​ពី​ដំណាំ​ស្វាយ​ចន្ទី​ដើម្បី​ដោះសង​ធនាគារ ប៉ុន្តែ​បែរ​ជាជំពាក់​ថ្លៃ​ជី​ថ្លៃថ្នាំទៅវិញ។ «សេដ្ឋកិច្ចខ្ញុំពិបាកដែរ តែខ្ញុំអាចរកបានពីការ​ធ្វើ​ស្រែខ្លះ និងពីអាជីវកម្មអេស្កាវ៉ាទ័រខ្លះ ដើម្បី​អាចទប់ៗខ្លួន។ បើពឹងតែលើចន្ទី គឺចប់ហើយ»។​

លោក លាម លង់ហេង ម្ចាស់ចម្ការស្វាយចន្ទី៤០ហិកតានៅស្រុកប្រាសាទសំបូរ កំពុងរៀបរាប់ពីបញ្ហាដែលដំណាំចន្ទីរបស់ខ្លួនកំពុងរងគ្រោះពីការប្រែប្រួលអាកាសធាតុ។ រូបថត៖ ម៉េង សៀវម៉ី/ ThmeyThmey

កសិករនៅ​ខេត្តកំពង់ធំ​រូបនេះ បាន​ចាយលើថ្នាំ និងជី រួមទាំងថ្លៃជួល​កម្មករថែទាំ មានទំហំទឹកប្រាក់២,៥ម៉ឺនដុល្លារក្នុងមួយរដូវ។ ចំណាយនេះ មិនទាន់គិតបញ្ចូល​ការជួលកម្មករ​រើសចន្ទីក្នុងតម្លៃពី៥០០ទៅ៧០០រៀលក្នុងមួយគីឡូក្រាម ​ផង។​ 
 
ឆ្នាំមុន​ លោក លង់ហេង ទទួលបានប្រាក់ចំណេញប្រមា​ណ២ម៉ឺនដុល្លារ ពីទិន្នផលចន្ទីរបស់ខ្លួន ប៉ុន្តែ រដូវកាលឆ្នាំនេះ លោកកំពុងប្រឈមការខាត ក្នុងករណីបង្កើនការប្រើថ្នាំបំប៉ន និងជំរុញហើយនៅ​តែមិនបានផល។
 
សន្សើមប្រៃ​នាំឱ្យកើតនូវជំងឺផ្សិតធ្ងន់ធ្ងរ​ កម្តៅឡើងខ្លាំងធ្វើឱ្យបាត់បង់សំណើម ថែមទាំងមានខ្យល់ស្ងួតក្នុងបរិយាកាស ធ្វើឱ្យលោក មាន ចំរើន បង្កើនចំណាយទ្វេដង ផងដែរ។ រៀងរាល់ឆ្នាំលោកចំណាយអស់ត្រឹម១លានរៀលប៉ុណ្ណោះ ទៅលើការរៀបចំអនាម័យក្នុងចម្ការ, ថ្លៃជី-ថ្នាំ និងកម្មករថែទាំចន្ទី ក៏ប៉ុន្តែនារដូវចន្ទីឆ្នាំនេះ ចំណាយនោះកើនទ្វេដង។ 
 
សម្រាប់កសិករមានផ្ទៃដីដុះដាំស្វាយចន្ទីសរុប៣០ហិកតា នៅស្រុកអូរជុំ ខេត្តរតនគិរីរូបនេះ វាជាលើកដំបូង​ក្នុងរយៈពេល​២០​ឆ្នាំ ដែលលោក​ចាយ​ច្រើន តែបាន​ផលតិច។ « ចន្ទីខ្ញុំធ្លាប់តែឱ្យផលបាន២តោនក្នុងមួយហិកតា តែឆ្នាំនេះរកតែ១តោន គឺពិបាកផង។ នេះដោយសារខ្ញុំអ្នកចេះបច្ចេកទេសថែទាំផង ​ចុះទម្រាំ អ្នក​អត់ចេះនោះ ចន្ទីពួក​គាត់នឹងទៅជាយ៉ាងណា?»។ 
 
លោក មាន ចំរើន ដែលជាអនុប្រធានសមាគមស្វាយចន្ទីសាខាខេត្តរតនគិរីផងដែរនោះ បានបញ្ជាក់ថា បច្ចុប្បន្នចន្ទីមានតម្លៃត្រឹម៤០០០ទៅ៤៨០០រៀលក្នុងមួយគីឡូក្រាម ធៀបនឹង​ឆ្នាំមុន​ គឺមានតម្លៃចន្លោះ៥០០០ ទៅ៥៥០០រៀលក្នុងចន្ទីមួយគីឡូក្រាម។ 

លោក មាន ចំរើន កំពុងពិនិត្យមើលផ្លែស្វាយចន្ទីរបស់ខ្លួនស្ថិតនៅស្រុកអូរជុំ ខេត្តរតនគិរី ដែលកំពុងរងគ្រោះពីការប្រែប្រួលអាកាសធាតុ។ រូបថត៖ អ៊ូ សុខមាន/ThmeyThmey

លោក ចំរើន ដែលមាន​ប្រភពទុន​សល់ពីការចំណេញឆ្នាំចាស់ និង​ការ​ខ្ចីពី​ធនាគារខ្លះ បាន​​រំលឹក​ថា៖ «ជាទូទៅ​ខ្ញុំចំណេញបានពី២ទៅ៦លានរៀលក្នុងមួយឆ្នាំសម្រាប់ចន្ទីមួយហិកតា។ តែឆ្នាំនេះ! ខ្ញុំមិនប្រាកដថា សល់បាន១លានរៀល ឬយ៉ាងណាឡើយ ព្រោះចំណាយគុណនឹងពីរ ហើយទិន្នផលបាត់៥០ភាគរយទៀត»។ 
 
ប្រើធម្មជាតិ ទប់ទល់ ធម្មជាតិ

លាមកសត្វនានា សម្រាប់ធ្វើជាជី ខណៈស្លឹកទន្រ្ទានខែត្រ បណ្តូលពេជ្រ ស្តៅ ម្ទេស ស្លឹកគ្រៃ ខ្ញី​ រំដេង  និងរុក្ខជាតិផ្សេងៗ ​គឺជាគ្រឿងផ្សំធ្វើជាថ្នាំពុល សម្រាប់កម្ចាត់​ ឬបណ្តេញពពួកសត្វល្អិតចង្រៃចេញពីចម្ការ។ លោក ពៅ អន  សម្រេចប្រើប្រាស់ធនធានធម្មជាតិទាំងនេះ អស់រយៈពេល៤ឆ្នាំហើយ លើដំណាំចន្ទី៥ហិកតារបស់ខ្លួនស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
 
«យើងជាកសិករបានជួបគ្នាដើម្បីរក​វិធី​ដោះស្រាយ​បញ្ហាចំពោះដំណាំចន្ទី»។  នេះជាការបញ្ជាក់​របស់ ពៅ អន ដែលប្រើប្រាស់ជី-ថ្នាំពុលធម្មជាតិ ជំនួសជី-ថ្នាំពុលគីមីប្រមាណ៨០ភាគរយ ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ​។ 

 លោក ពៅ អន ម្ចាស់ចម្ការ៥ហិកតានៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ រូបថត៖ អ៊ូ សុខមាន ThmeyThmey

ចន្ទី ជាប្រភេទដាំណាំមិនរើសដីក្នុងការដាំដុះ ប៉ុន្តែទាមទារការថែទាំខ្ពស់។ នាអំឡុងខែកក្កដា ដល់ខែសីហា លោក ពៅ អន ចាប់ផ្តើមថែទាំដោយដាក់ជីធម្មជាតិ និងជាពិសេសតាមដានសុខភាពនៃការលូតលាស់ចន្ទី។ ពេលយប់មានធ្លាក់សន្សើមប្រៃដែលស្អិត និងចុះអ័ព្ទ ដល់ពេល​ព្រលឹមឡើង លោកបាន​បាញ់ទឹក​លើផ្កាចន្ទីភ្លាមៗ ដើម្បីលាងជម្រះសន្សើមប្រៃទាំងនោះ ដែលខុសពីកសិករឯទៀតសម្រុកបាញ់ថ្នាំពុលគីមី​។ 
 
ការ​ប្រើ​ប្រាស់ថ្នាំ មិន​ល្អនោះឡើយ​សម្រាប់​ធាតុ​អាកាសក្តៅខ្លាំង។ លោក ពៅ អន ពន្យល់ថា៖ «ការ​បាញ់ថ្នាំច្រើន​នឹងធ្វើឱ្យប្រតិកម្មថ្នាំ នាំឱ្យចន្ទីខូច កែលែងឡើង។ ជម្រើសល្អ គឺយើងបាញ់តែទឹកឱ្យវាដោយ​មិនបាច់ដាក់ថ្នាំនោះឡើយ»។
 
​ចាប់ពីរយៈពេលថែទាំ រហូតដល់ការប្រមូលផល លោកចំណាយប្រាក់លើការបាញ់ថ្នាំចន្ទីតែ៣ម្តងប៉ុណ្ណោះក្នុងផ្ទៃ៥ហិកតា ពោលគឺលោកប្រើថ្នាំកម្ចាត់សត្វល្អិត នៅពេលចន្ទីចេញត្រួយ និង​បាញ់ការពារ​នៅពេលចន្ទីចេញផ្លែ។ ការអនុវត្តនូវវិធីសាស្រ្តបែបនេះ ធ្វើឱ្យអស់ថ្លៃដើមតិច។
 
កាលឆ្នាំ២០១៩  គ្រួសារលោក ពៅ អន​ ចំណាយទុនអស់៣០០០ដុល្លារលើផ្ទៃដីចន្ទី៥ហិកតា តែទិន្នផលបានត្រឹម១តោនប៉ុណ្ណោះ។ ក្រោយអនុវត្ត​វិធីសាស្ត្រ​ថ្មី ទិន្នផលនេះបានកើនដល់៣តោន ហើយនៅ​ឆ្នាំ​២០២៣ កើន​ដល់​៧​តោនជាមួយនឹងការ​ចំណាយទុន​ក្រោម​១០០០​ដុល្លារ។ 

ធុងទឹក ដែលលោកពៅ អន ប្រើសម្រាប់បាញ់លាងសន្សឹមប្រៃចេញពីដំណាំស្វាយចន្ទីរបស់ខ្លួន នាពេលកន្លងមក។ រូបផ្តល់ដោយលោក ពៅ អន 

« ឆ្នាំ២០២៤នេះ ខ្ញុំកាន់តែកាត់បន្ថយប្រើជី និងថ្នាំគីមីច្រើនទៀត ព្រោះ​ខ្ញុំបានយកសំបកចន្ទីដែលបានបកយកសាច់ចេញនោះ ទៅដាក់តាមគល់របស់វា»។ កសិកររូបនេះ ជឿជាក់លើចន្ទីរបស់ខ្លួននឹងឱ្យផលបានប្រមាណ១,៥តោន​ក្នុង១ហិកតា ជាមួយនឹងគុណភាពនៃសាច់ក្នុងគ្រាប់ចន្ទីពីកម្រិត២៨ដល់២៩សម្រាប់ពូជ M23។  ចន្ទីពូជ M23 នេះ ផ្តល់ផលឱ្យកសិករបាន៣ដងក្នុងមួយរដូវ(ដើមដៃ កណ្តាលដៃ និងចុងដៃ) ខណៈពូជH09 គុណភាពសាច់ចន្ទីឡើងដល់កម្រិត៣០ តែប្រមូលផលតែមួយដងទេ នាដើមដៃ ឬដើមរដូវ។ 
 
ទិន្នផលចន្ទីធ្លាក់ចុះ ដោយសារបាតុភូតកម្តៅអែលនីញ៉ូ
 
ក្នុងឆ្នាំ២០២១ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានរហូតដល់១,១៨០លានតោន។ ក្នុងនោះ មានចន្ទី១,១លានតោន ត្រូវបាននាំ​ទៅកាន់ទីផ្សារក្នុងតំបន់​ និងពិភពលោក ដោយវៀតណាមជាទីផ្សារធំជាងគេរបស់កម្ពុជានៃការនាំចេញចន្ទីសរុប។​ នេះ ជាឆ្នាំដែលកម្ពុជាឈរនៅលំដាប់ថ្នាក់លេខ១ក្នុងពិភពលោក នៃការផលិតគ្រាប់ចន្ទីបានច្រើន​ ហើយថែមទាំងមានគុណភាពខ្ពស់ទៀត។ 

ស្រ្តីជាកម្មករ២នាក់កំពុងចាក់ហាលគ្រាប់ស្វាយចន្ទី​នៅមុខសិប្បកម្មកែច្នៃស្វាយចន្ទីមួយកន្លែងនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។  រូបថត៖ ម៉េង សៀវម៉ី/ ThmeyThmey

ការផលិត បានធ្លាក់ចុះមកនៅត្រឹម​៦៩ម៉ឺនតោនក្នុងឆ្នាំ២០២២ ហើយបន្តមកនៅត្រឹមបរិមាណ៦៥,៨ម៉ឺនតោន ដែលបានធ្វើឱ្យកម្ពុជាមកនៅត្រឹមចំណាត់ថ្នាក់លេខ៣វិញ ក្នុងនាមជាប្រទេសផលិតគ្រាប់ស្វាយចន្ទីច្រើនជាងគេក្នុងពិភពលោក បន្ទាប់ពីឥណ្ឌា និងកូតឌីវ័រ សម្រាប់ឆ្នាំ២០២៣។ នេះយោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) ដោយបានព្យាករថា​ ទិន្នផលចន្ទីរបស់កម្ពុជា​ អាចថយចុះក្នុងរង្វង់៣០ភាគរយទៀតនៅឆ្នាំ២០២៤ ព្រោះតែការប្រែប្រួលអាកាសធាតុ ជាពិសេសពីបាតុភូតកម្តៅ អែលនីញ៉ូ ​ (El Nino) ។ 
 
នារដូវប្រាំងឆ្នាំនេះ កម្ពុជាទទួលរងសីតុណ្ហភាពក្ដៅ និងបរិមាណទឹកភ្លៀង គឺតិចជាងបណ្ដាឆ្នាំកន្លងទៅ ដោយសារតែបាតុភូតសកល អែលនីញ៉ូ។ បើតាមលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម កម្ដៅផែនដីនឹងកើនឡើងជាលំដាប់ ចាប់ពីខែកុម្ភៈ ដល់ដើមខែឧសភា។ ក្នុងនោះ ចន្លោះពីខែមេសា ដល់ដើមខែឧសភា កម្ដៅអាចកើនឡើងខ្លាំង ជាមួយនឹងសីតុណ្ហភាព៣៨អង្សា ហើយក្នុងថ្ងៃខ្លះអាចឡើងដល់៤១អង្សា។
 
សម្រាប់លោកអួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា​ ការកើតឡើងនូវបាតុភូតអែលនីញ៉ូនេះ កំពុងធ្វើឱ្យដំណាំស្វាយចន្ទីរបស់ប្រជាកសិករមួយចំនួន ជាប់គាំងក្នុងការចេញក្តិប និងខូចផ្កា រួមទាំងជួបនូវកត្តាសត្វល្អិតបំផ្លាញជាច្រើនថែមទៀត។ 
 
ទោះមិនមានទិន្នន័យ​ជាក់លាក់ តែ​ លោក ស៊ីឡុត មើលឃើញពី​ការធ្លាក់​ចុះទិន្នផល និងគុណភាព​ដ៏គួរ​ឱ្យ​កត់សម្គាល់​នៅ​ចម្ការចន្ទីក្នុង​បណ្តាខេត្តមួយចំនួន រួមមាន មណ្ឌលគិរី រតនគរី ព្រះវិហារ កំពង់ឆ្នាំង កំពត និងកោះកុង ឯនៅកំពង់ធំ និង​ខេត្ត​មួយចំនួន​ទៀត ចន្ទីបានចេញផ្កាតាំងពីខែវិច្ឆិកា តែ​មិនទាន់ចេញក្តិបនៅឡើយ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។ រូបថត៖ ឈន សុផាត/ThmeyThmey

ស្វាយចន្ទី ជាដំណាំត្រូពិករស់នៅក្នុងបរិយាកាសក្តៅហើយសើម​។ ​បើតាមលោកប្រធានសមាគមស្វាយចន្ទីកម្ពុជា ជាលក្ខណៈបច្ចេកទេសដំណាំចន្ទីលូតលាស់ និងផ្តល់ទិន្នផលបានល្អ គឺស្ថិតនៅក្នុងសីតុណ្ហភាពចន្លោះពី២៦ដល់៣៧អង្សាសេ ក្នុងបរិយាកាសដែលមានសំណើម។ 
 
«បច្ចុប្បន្ន អាកាសធាតុមានការផ្លាស់ប្តូរខ្លាំងរវាងពេលយប់​និងថ្ងៃ ហើយមានខ្យល់ខ្លាំងទៀតដោយសារបាតុភូត អែលនីញ៉ូ ដូច្នេះ ចន្ទីយើងអាចធា្លក់ទិន្នផលពី១០ដល់៣០ភាគរយក្នុងឆ្នាំនេះ»។ នេះជាការព្រួយបារម្ភ​របស់​ប្រធានសមាគមស្វាយចន្ទីកម្ពុជា​។
 
ហិរញ្ញប្បទានគាំទ្រវិស័យស្វាយចន្ទី 

ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន បានត្រៀមកញ្ចប់ឥណទាន ដែលមានអត្រាការប្រាក់ទាបសម្រាប់​កសិករ ឬ សិប្បករ លើ​តម្រូវការហិរញ្ញវត្ថុនៅក្នុងខ្សែច្រវាក់ផលិតកម្មចន្ទី។ ធនាគារសហគ្រាសធុនតូច និងមធ្យម (SME  Bank) បង្កើតឡើងដោយរាជរដ្ឋាភិបាល​ បានសន្យាផ្ដល់កម្ចីក្នុងទំហំទឹកប្រាក់១០០លានដុល្លារ ដល់សហគ្រាសធុ​​​នតូច និងមធ្យម ដែលជាសមាជិកសមាគមស្វាយចន្ទីកម្ពុជា ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានា ព្រមទាំងជួយលើកកម្ពស់វិស័យឧស្សាហកម្មកែច្នៃ។ 
 
កញ្ចប់ហិរញ្ញប្បទាននេះ ត្រូវបានអនុវត្តចាប់តាំងពីខែ​មិថុនា ឆ្នាំ២០២៣មក ដែលមានការប្រាក់ទាបក្នុងអត្រា៥,៥ភាគរយ សម្រាប់រយៈពេលមួយឆ្នាំ ឬស្មើ ០,៤១ភាគរយក្នុងមួយខែ។  គិតមកទល់បច្ចុប្បន្ន មានទឹកប្រាក់ប្រមាណ៣លានដុល្លារហើយ ​ត្រូវបានបញ្ចេញឱ្យអ្នករកស៊ីក្នុងវិស័យកែច្នៃស្វាយចន្ទី។ ក្រៅពីធនាគារ SME រដ្ឋាភិបាលក៏បានទម្លាក់ថវិកាប្រមាណ៦០លានដុល្លារដល់ធនាគារធនាគារអភិវឌ្ឍន៍ និងជនបទ ដើម្បីគាំទ្រដល់ការផលិតស្វាយចន្ទីនៅកម្ពុជា ផងដែរ។ 

លោក​ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ដឹកនាំវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច​ និងច្បាប់ថវិកាឆ្នាំ២០២៤ នាថ្ងៃទី២០កុម្ភៈ។ រូបថត៖ អគ្គនាយកដ្ឋានថវិកា​ នៃក្រសួងសេដ្ឋកិច្ច
 
នាវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច​ និងច្បាប់ថវិកាឆ្នាំ២០២៤ លោក​ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា៖ «តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ យើងផ្តល់ទុនប្រមាណ៣០លានដុល្លារដល់ប្រជាកសិករធ្វើស្វាយចន្ទី ហើយធនាគារនេះ ក៏បានត្រៀមផ្តល់កម្ចីក្នុងទំហំប្រាក់៣០លានដុល្លារទៀត ដល់អ្នកប្រមូលទិញគ្រាប់ចន្ទីពីកសិករក្នុងរដូវកាលឆ្នាំនេះ»។
 
សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ​ឯកជនវិញ នារយៈពេល២ឆ្នាំមកនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK ផ្តល់កម្ចីបានប្រមាណ១លានដុល្លារហើយ ដល់​​អតិថិជន​ជាសិប្បករកែច្នៃផលដំណាំចន្ទី។ លោក គា បូរាណ ដែលជា​ប្រធាននាយកប្រតិបត្តិ បាន​បញ្ជាក់ថា គ្រឹះស្ថាន​របស់​លោកក៏ត្រៀមបង្កើនលទ្ធភាពក្នុងការផ្តល់កម្ចីលើវិស័យនេះ​ ដើម្បីជួយកម្ពុជាកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ទៅវៀតណាម។ 
 
លោក​​អះអាងថា៖ «​យើងកំពុងធ្វើការងារជិតស្និតជាមួយសមាគមស្វាយចន្ទីកម្ពុជា​  ដើម្បីផ្តល់កម្ចីដល់អ្នកមានតម្រូវការ។ កម្ចីដែល AMK ផ្តល់ឱ្យមានទំហំទឹក​ប្រាក់ដល់​៣០​ម៉ឺន​ដុល្លារ គឺយើងអត់យកទ្រព្យបញ្ចាំនោះទេ ដែលមានលក្ខណៈខុសពីឥណទានលើវិស័យផ្សេងៗ»។ 

លោក គា បូរាណ ​ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK និងជាសមាជិកក្រុមប្រឹក្សាភិបាល​នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ។ រូបថត៖ CMA
 
ប្រធាននាយកប្រតិបត្តិ AMK បន្ថែមថា ការ​ផ្តល់​កម្ចី​អាច​កើន​ឡើង​លើស​ពីនេះ ​សម្រាប់​​សិប្បកម្មកែច្នៃគ្រាប់ចន្ទីលើការ​ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ។ «ក្នុងមួយឆ្នាំៗ យើងនាំចេញគ្រាប់ចន្ទីស្រស់រហូតដល់ជាង៩០ភាគរយ។ ដូច្នេះ បើយើងបង្កើនលទ្ធភាពកែច្នៃ នោះសិប្បកម្មក្នុងស្រុកនឹងត្រូវការដើមទុនច្រើន ដើម្បីវិនិយោគលើម៉ាស៊ីន ឬបរិក្ខានានា​សម្រាប់កែច្នៃ និងវេចខ្ចប់»។ 
 
ត្រឹមដំណាច់ឆ្នាំ២០២៣ ទំហំឥណទានក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មានចំនួន២៣៧,២ទ្រីលានរៀល(៥៧,៦ពាន់លានដុល្លារអាម៉េរិក)។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា(NBC) ដែលបង្ហាញថា ឥណទាននៅលើវិស័យកសិកម្ម មាន៩ភាគរយ។​
 
ក្នុង​ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣របស់ធនាគារជាតិ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា​ បានលើកឡើងថា កំណើនឥណទានបាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជំរុញវិស័យផលិតកម្ម ដូចជា វិស័យកម្មន្តសាល ជាពិសេសលើវិសយ័យកសិកម្ម។ លោកស្រី បញ្ជាក់ថា ធនាគារជាតិបានកែសម្រួលការវាយតម្លៃហានិភ័យឥណទាន ដោយបន្ទាបហានិភ័យក្នុងការផ្តល់ឥណទានទៅកាន់វិស័យកសិកម្ម អប់រំ និងសហគ្រាសធុនតូច និងមធ្យម។ 

លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ​(NBC) ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ នាថ្ងៃទី២៥មករា ឆ្នាំ២០២៤។ រូបថត៖ NBC
 
ជាមួយ​គ្នា​ លោក អួន ស៊ីឡុត មើលឃើញថា សេវាឥណទានពីស្ថាប័នសាធារណៈ និងឯកជន លើវិស័យស្វាយចន្ទីនេះ នឹងជួយដោះស្រាយបញ្ហាចាក់ស្រេះមួយចំនួនក្នុងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី ជាពិសេសជួយបំពេញកង្វះខាតដើមទុនរបស់សហគ្រាសឬសិប្បកម្មកែច្នៃចន្ទីក្នុងស្រុក។
 
ដោយសារ កង្វះដើមទុននេះ បានធ្វើឱ្យវិនិយោគិនក្នុងស្រុកមិនអាចប្រកួតប្រជែងទិញគ្រាប់ស្វាយចន្ទីឆៅជាមួយបរទេសបានទេសម្រាប់​ទិញគ្រាប់ស្តុកទុក។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា បញ្ជាក់ថា៖ «កន្លងមកមានក្រុមហ៊ុន ឬសិប្បកម្មកែច្នៃខ្លះ បើកដំណើរការបានត្រឹម ៣ទៅ៨ខែ ហើយត្រូវផ្អាកវិញ ដោយសារអស់គ្រាប់ចន្ទីសម្រាប់កែច្នៃ ធ្វើខ្សែច្រវាក់ផលិតកម្មពួកគេរអាក់រអួល នាំឱ្យបុគ្គលិកជំនាញមួយចំនួន ត្រូវអត់ការងារធ្វើ»។ 
 
ទោះបីជាយ៉ាងណាក៏ដោយ​ បច្ចុប្បន្ននេះ សហគ្រាសកែច្នៃចន្ទីនៅកម្ពុជា ធុនតូច និងមធ្យម បានកើន​ដល់៤២កន្លែងនៅទូទាំងប្រទេស ក្នុងនោះ  មាន៣៩សហគ្រាស​ មានសមត្ថភាពកែច្នៃចន្ទីបានប្រមាណ៥០០តោនក្នុងមួយឆ្នាំ។ រីឯ ៣សហគ្រាសទៀត គឺអាចកែច្នៃបានដល់៧០០០តោនក្នុងមួយឆ្នាំ​។
 
បើតាម​លោក អួន ស៊ីឡុត ការអនុគ្រោះអត្រាការប្រាក់ពីស្ថាប័នហិរញ្ញវត្ថុសាធារណៈ រួមទាំងភាពងាយស្រួល និងរហ័ស ក្នុងការទទួលបានកម្ចីពីស្ថាប័នហិរញ្ញវត្ថុឯកជន លោក​រំពឹងថា ការកែច្នៃចន្ទីនៅឆ្នាំ២០២៤នេះ​ នឹងមានភាពវិជ្ជមានទៀត បើទោះបីទិន្នផលចន្ទីធ្លាក់ចុះដោយសារការប្រែប្រួលអាកាសធាតុក៏ដោយ។  
 
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កត់សម្គាល់ថា ការនាំចេញគ្រាប់ស្វាយចន្ទីស្រស់មានការធ្លាក់ចុះក៏ពិតមែន ប៉ុន្តែការកែច្នៃគ្រាប់ចន្ទីក្នុងស្រុក បានកើនឡើងពី៥ ដល់១០ភាគរយក្នុងឆ្នាំ២០២៣ ដែល​នេះជាក្តីសង្ឃឹមមួយរបស់កម្ពុជា​ក្នុងការប្រែពីប្រទេសផ្គត់ផ្គង់គ្រាប់ចន្ទីស្រស់ ទៅជាអ្នកផ្គត់ផ្គង់ចន្ទីកែច្នៃឱ្យទីផ្សារពិភពលោក។ 
 

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម ផ្តល់បទសម្ភាសឱ្យក្រុមអ្នកសារព័ត៌មាន នាដំណើរទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មានដើម្បីស្វែងយល់ពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា នាថ្ងៃទី២៩ វិច្ឆិកា ២០២៣។ រូបថត៖ កញ្ញា អ៊ឹម រចនា
 
ទីផ្សារចន្ទីរបស់កម្ពុជា​ ក្រៅពីវៀតណាម គឺមានប្រទេស ចិន ជប៉ុន កូរ៉េខាងត្បូង បង់ក្លាដែស សាធារណរដ្ឋឆែក ហូឡង់ និងសហរដ្ឋអាមេរិក...ជាដើម។ 
 
ជុំវិញនៃខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនេះ អ្នកនាំពាក្យក្រសួងកសិកម្ម​ បន្តលើកទឹកចិត្តដល់អ្នកវិនិយោគឈានដល់ការ​បង្កើតរោងចក្រកែច្នៃស្វាយចន្ទីស្តង់ដាខ្ពស់ ដើម្បី​នាំចេញទៅកាន់ទីផ្សារអន្តរជាតិដោយផ្ទាល់តែម្តង ជាជាងនាំចេញគ្រាប់ស្វាយចន្ទីស្រស់។ 
 
ប្រើ​កម្ចី​​ចំគោលដៅ...
 
ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរលោកស្រី អ៊ិន ឡៃហួត ដែលទទួលបានកម្ចី៥០ម៉ឺនដុល្លារ ពីធនាគារ SME មានផែនការប្រមូលទិញគ្រាប់ស្វាយចន្ទីពីកសិករឱ្យបានដល់១៥,០០០តោននៅក្នុងឆ្នាំ២០២៤ សម្រាប់ផ្គត់ផ្គង់ទៅឱ្យសហគ្រាស និងក្រុមហ៊ុនដៃគូដែល​នាំចេញគ្រាប់ស្វាយចន្ទី។​ ម្ចាស់សិប្បកម្មនៅខេត្តកំពង់ធំរូបនេះ បានបញ្ជាក់ថា ៖ «ទុនពី SME Bank នេះ បានជួយឱ្យខ្ញុំប្រមូលទីផ្សារបានមុនគេ ហើយប្រមូលទិញចន្ទីពីកសិករបានទាន់រដូវកាល»។ 

អ្នកស្រី អ៊ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ នៅខេត្តកំពង់ធំ កំពុងលាងគ្រាប់ស្វាយចន្ទី។ រូបថត៖ ៖ ម៉េង សៀវម៉ី/ ThmeyThmey
 
កម្ចីពីធនាគារ SME ដែលអ្នកស្រី អ៊ិន ឡៃហួត ប្រើប្រាស់ក្នុងរយៈពេលជិតមួយឆ្នាំមកនេះ​ មិនត្រឹមតែបានពង្រីកនូវសមត្ថភាពសិប្បកម្ម​របស់ខ្លួនប៉ុណ្ណោះ គឺថែមទាំងជួយដល់កសិករប្រមាណ១០០គ្រួសារទៀតនៅក្នុងខេត្តកំពង់ធំ និងព្រះវិហារ ដែល​អ្នកស្រីប្រមូលទិញគ្រាប់ស្វាយចន្ទីពីកសិករក្នុងតម្លៃពី ៤ ៣០០ ទៅ៥ ៣០០រៀលក្នុងមួយគីឡូក្រាម។ 
 
គ្រាប់ស្វាយចន្ទី គឺជាទំនិញមួយក្នុងចំណោមទំនិញឯទៀត ដែលគាំទ្រដោយគម្រោងប្រកួតប្រជែងខ្សែសង្វាក់តម្លៃកសិកម្ម និងលើកកម្ពស់សុវត្ថិភាព។ កាលពីចុងឆ្នាំ២០២0 ADB បានផ្តល់កម្ចីទំហំ១០៣លានដុល្លារ ដល់កម្ពុជា លើគម្រោងពង្រឹងសុវត្ថិភាព និងគុណភាពស្បៀងអាហារក្នុងខ្សែសង្វាក់តម្លៃ ដែលផ្តោតលើការកែច្នៃផលិតផលកសិកម្មសំខាន់មួយចំនួន​៦មុខ ក្នុងនោះ មានលើផលដាំណាំស្វាយចន្ទី ផងដែរ។ 
 
ក្នុង​សេចក្តី​ប្រកាសព័ត៌មានមួយ​កាលពីចុង​ឆ្នាំ​២០២០ លោក Takeshi Ueda សេដ្ឋវិទូជាន់ខ្ពស់ ផ្នែកធនធានធម្មជាតិ និងកសិកម្មរបស់ ADB​ បានលើកឡើងថា វិស័យកសិកម្មអាចចូលរួមចំណែកដល់កំណើន និងការធ្វើពិពិធកម្មសេដ្ឋកិច្ច​កម្ពុជា ប្រសិន​បើសហគ្រាសកសិកម្មធុនតូចនិងមធ្យម​ អាចបង្កើនសមត្ថភាពកែច្នៃផលិតផលកសិកម្ម​ដែលមានតម្លៃខ្ពស់ សម្រាប់ដាក់លក់លើទីផ្សារក្នុង និងក្រៅប្រទេស។ 
 
អ្នក​ជំនាញជប៉ុន​រូបនេះ បាន​​បញ្ជាក់ថា៖ «ការវិនិយោគឯកជនលើវិស័យកសិកម្ម រួមជាមួយការទទួលបានឥណទាន ព្រមទាំងផលិតផលកសិកម្មសម្រាប់កែច្នៃប្រកបដោយគុណភាពខ្ពស់​នោះ នឹងជួយកសិពាណិជ្ជកម្មរបស់កម្ពុជា​បញ្ចេញសក្តានុពលរបស់ខ្លួន  បង្កើតការងារ  និង​លើកកម្ពស់ជីវភាព​ប្រជាពលរដ្ឋនៅទីជនបទ»។
 
គោលនយោបាយជាតិ ដើម្បី​ប្រែក្លាយ​កម្ពុជាទៅ​ជាអធិរាជ​ស្វាយ​ចន្ទី

«ខ្ញុំ​ចង់ឱ្យ​កម្ពុជាក្លាយជាប្រទេសអធិរាជ​ស្វាយចន្ទី ព្រោះយើងជាប្រទេសផលិត​ស្វាយ​ចន្ទី​ច្រើន​ជាងគេ គ្រាន់តែ​យើងមិន​ទាន់មាន​ការ​កែច្នៃ»។ នេះជាមហិច្ឆតា​របស់​សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែល​បាន​លើក​ឡើង​ក្នុងកម្ម​វិធីមួយនៅខេត្តពោធិ៍សាត់ កាលពី​ខែមីនា ឆ្នាំ២០២៣។

អតីតនាយករដ្ឋមន្ត្រីកម្ពុជា​ សម្តេច ហ៊ុន សែន។ រូបថត៖ ហ្វេសហ៊ុកផេក សម្តេច
 
ស្របជាមួយនឹងមហិច្ឆតានេះ កម្ពុជា​មាន​គោលនយោបាយ​ជាតិ​ស្តីស្វាយ​ចន្ទី ឆ្នាំ២០២២-២០២៧ រួច​ទៅ​ហើយ។ ជាគោលនយោបាយ​ដែល​ផ្តោតសំខាន់លើការផលិត ការកែច្នៃ និងការនាំចេញ ដើម្បីបម្រើទីផ្សារក្នុងស្រុក ក្នុងតំបន់ និងទីផ្សារពិភពលោក។
 
ដើម្បីពង្រឹង​ការ​ប្រកួត​ប្រជែងប្រកប​ដោយគុណភាព រដ្ឋាភិបាលជំរុញ​ការធ្វើ​ឧស្សាហូបនីយកម្មដើម្បីបង្កើនតម្លៃបន្ថែមលើការប្រមូលផល និងការកែច្នៃអនុផលស្វាយចន្ទី ឱ្យបាន២៥ភាគរយនៅឆ្នាំ២០២៧ និងយ៉ាងតិច៥០ភាគរយនៅឆ្នាំ២០៣២ រួម​ទាំងជំរុញ​ការនាំចេញ តាមរយៈការធ្វើពិពិធកម្មទីផ្សារ ការផ្សារភ្ជាប់អន្តរវិស័យក្នុងការនាំចេញ កិច្ចសម្រួល ពាណិជ្ជកម្ម ការកាត់បន្ថយថ្លៃដើម និងការលើកកម្ពស់ឧត្តមភាពលើទីផ្សារ។
 
តាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីជាង៤៧ម៉ឺនហិកតា​ ដែលអាចផ្តល់ទិន្នផលបានប្រមាណ៧០ម៉ឺនតោន ក៏ប៉ុន្តែ ទិន្នផលនេះអាចនឹងធ្លាក់ចុះ ដោយសារ​ការប្រែប្រួលអាកាសធាតុ។​
 
« មន្ត្រីជំនាញ​យើងបានសហការជាមួយមន្ទីរកសិកម្មខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ដែលមានជំនាញលើដំណាំចន្ទី ដើម្បីពិនិត្យនិងរកទំហំនៃការខូចខាតចន្ទីពីបាតុភូត អែលនីញ៉ូ ​តើមានក្នុងកម្រិតណា?»។ នេះតាម​កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម ដោយ​បានអះអាងបន្ថែម​ថា ក្រសួងកំពុងស្រាវជ្រាវ និងបង្កាត់ពូជចន្ទីថ្មី រួមទាំងសិក្សាលើវិធីសាស្ត្រដាំដុះថ្មី ដែលធ្វើឱ្យដំណាំចន្ទីធន់នឹងការប្រែប្រួលអាកាសធាតុ​។
 
ក្នុងកិច្ចការសិក្សាស្រាវជ្រាវពូជស្វាយចន្ទីថ្មី រួមទាំងការសិក្សាពីខ្សែច្រវាក់តម្លៃចន្ទី ក្រសួងកសិកម្ម បានកិច្ចសហការ រួមទាំងគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីសហភាពអឺរ៉ុប(EU),ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID), ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត​ ។
 
ជាមួយគ្នានេះ កញ្ញា អ៊ឹម រចនា បាន​បញ្ជាក់ថា ​ក្រសួងកសិកម្មកំពុងធ្វើការងារជាប់លាប់ជាមួយ ADB លើការសិក្សាពីខ្សែច្រវាក់តម្លៃនៃផលិតផលស្វាយចន្ទី ដើម្បីបង្កើនភាពប្រកួតប្រជែងទីផ្សារអន្តរជាតិ ​ហើយ​អ្វីដែលកម្ពុជាទទួលបានពី ADB នៅពេលនេះ ​គឺជាគាំទ្រមួយយ៉ាងសំខាន់នូវការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ជាពិសេស ​លើការសិក្សាស្រាវជ្រាវពូជចន្ទីថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ។ 
 
អ្នកនាំពាក្យរូបនេះបានលើកឡើងថា៖ « ក្នុងពេលរដ្ឋាភិបាលដាក់ឱ្យអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទីនេះ ដែលចង់ប្រែក្លាយកម្ពុជាឱ្យទៅជាអធិរាជស្វាយចន្ទីនោះ គឺយើងនឹងជំរុញការស្រាវជ្រាវពូជចន្ទីថ្មី ឱ្យបានលឿន និងរហ័ស ទៅតាមលក្ខណៈវិទ្យាសាស្ត្រត្រឹមត្រូវ »។ 
 
កន្លងមក ADB បានវាយ​តម្លៃថា វិស័យកសិកម្មនៅកម្ពុជា ជាវិស័យងាយរងគ្រោះបំផុតពីការប្រែប្រួលអាកាសធាតុ ហើយ​ចាប់តាំងពីឆ្នាំ២០១០មក ADB បានគាំទ្រយ៉ាងខ្ជាប់ខ្ជួនដល់កម្ពុជាក្នុងការបង្កើតគោលនយោបាយប្រែប្រួលអាកាសធាតុសមស្រប និងបញ្ជ្រាបក្ដីព្រួយបារម្ភនានាទៅក្នុងដំណើរការអភិវឌ្ឍន៍ និងផែនការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ 

លោក Anthony Gill ប្រធានផ្នែកប្រតិបត្តិគម្រោង ADB ប្រចាំកម្ពុជា។ រូបថត៖ ADB Cambodia  

ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថល​ថ្មីៗ លោក Anthony Gill ប្រធានផ្នែកប្រតិបត្តិគម្រោង ADB ប្រចាំកម្ពុជា បាន​លើក​ឡើង​ពី​សារសំខាន់​នៃ​ការ​បញ្ជ្រាប​ចំណេះដឹង​អំពី​ការប្រែប្រួល​អាកាសធាតុ ដោយ​ ADB បាន​ចូល​រួម​ចំណែក​ក្នុងការ​កសាងសមត្ថភាពរបស់ស្ថាប័ន ដើម្បី​ពង្រឹង​ការ​ទទួល​ខុសត្រូវលើការធ្វើផែនការ និងការព្យាករណ៍ផ្អែកលើវិទ្យាសាស្ត្រ ជាដើម។ 
 
លោក Anthony Gill  បានរៀបរាប់ថា ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ADB និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត បានផ្តល់ហិរញ្ញប្បទានជាវិនិយោគទុនដល់៦គម្រោង ដែលមានតម្លៃប្រមាណ៥៧៣លានដុល្លារ ដើម្បីដោះស្រាយបញ្ហានិងផលប៉ះពាល់កើតឡើងដោយបម្រែបម្រួលអាកាសធាតុ និងកសាងភាពធន់នឹងអាកាសធាតុ៕
 

Tag:
 កសិកម្ម​
  ស្វាយចន្ទី
  ប្រែប្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com