កីឡាអន្តរជាតិ
អន្តរជាតិ
Alves ជាប់ពន្ធនាគារ៤ឆ្នាំកន្លះ​ ក្នុងបទរំលោភ និងហិង្សា
23, Feb 2024 , 10:38 am        
រូបភាព
Dani Alves នៅថ្ងៃទី២២ ខែកុម្ភៈ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំកន្លះ ពីបទរំលោភផ្លូវភេទនារីម្នាក់នៅក្នុងក្លិបរាត្រីមួយក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ កាលពីឆ្នាំ ២០២២។



Alves អតីតខ្សែការពារឆ្នើម Barcelona និងជម្រើសជាតិប្រេស៊ីល ធ្លាប់បានអះអាងប្រាប់តុលាការកំពូលក្នុងតំបន់ស្វយ័ត Catalonia របស់អេស្ប៉ាញថា ការរួមភេទកើតឡើងដោយការព្រមព្រៀងគ្នាដោយបង់ប្រាក់ចំនួន ១៦៣,០០០ ដុល្លារ ដល់ភាគីរងគ្រោះ។
 
ប៉ុន្តែយ៉ាងណាក៏ដោយ តុលាការក្រុង Barcelona បានរៀបរាប់ក្នុងសក្ខីកម្មថា ជនរងគ្រោះមិនបានព្រមព្រៀងករណីនេះឡើយ ហើយថែមទាំងមានភស្តុតាងបន្ថែមពីលើសក្ខីកម្មរបស់ដើមបណ្តឹង ដែលបង្ហាញថានេះជាករណីរំលោភ។ 
 
អតីតខ្សែការពារវ័យ ៤០ ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួនកាលពីខែមករាឆ្នាំ២០២៣ ហើយត្រូវបានឃុំខ្លួនបណ្តោះអាសន្នតាំងពីពេលនោះមក។ ព្រះរាជអាជ្ញាអេស្ប៉ាញ បានពិចារណាការដាក់ទោស Alves ឱ្យជាប់ពន្ធនាគាររយៈពេល៩ឆ្នាំឯណោះលើករណីរំលោភនេះ ខណៈរូបគេបន្តប្តឹងឧទ្ធរណ៍ដល់ពេលនេះ រហូតសម្រេចចុងក្រោយត្រូវជាប់ទោសជាប់ពន្ធនាគារ ៤ ឆ្នាំកន្លះ។
 
ករណីរបស់ Alves បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅអេស្ប៉ាញ មិនត្រឹមតែដោយសារតែករណីរំលោភនោះទេ ប៉ុន្តែដោយសារតែមានអំពើហិង្សាលើយេនឌ័រ ដែលក្លាយជាប្រធានបទលេចធ្លោខ្លាំង។
 
នេះជាការកាត់ក្តីដ៏ល្បីបំផុតមួយនៅក្នុងប្រទេសអេស្ប៉ាញ ចាប់តាំងពីច្បាប់មួយត្រូវបានអនុម័តក្នុងឆ្នាំ ២០២២ ដែលបានធ្វើឱ្យមានការយល់ព្រមបង្កើនរយៈពេលជាប់ពន្ធនាគារ សម្រាប់ការរំលោភដែលពាក់ព័ន្ធនឹងអំពើហិង្សា។
 
Alves ដែលធ្លាប់ប្រកបជីពជាមួយ Barcelona, Sevilla, Juventus និង Paris St Germain និងជម្រើសជាតិប្រេស៊ីល ធ្លាប់ឈ្នះពានរង្វាន់ច្រើនជាង ៤០។ បន្ទាប់ពីការចាប់ខ្លួន ក្នុងករណីរំលោភ Alves ត្រូវបានបណ្តេញចេញពីក្លិប Pumas UNAM នៃលីគកំពូលម៉ិកស៊ិក៕

Tag:
 Dani Alves
© រក្សាសិទ្ធិដោយ thmeythmey.com